
បើតាមការវាយតម្លៃរបស់ប្រធានសមាគមកាហ្វេកម្ពុជា ដើម្បីឈានទៅបំពេញតម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់ គឺទាមទារឱ្យបង្កើនការដាំដុះប្រមាណ៧ពាន់ហិកតាថែមទៀត ខណៈមកដល់ពេលនេះ នៅកម្ពុជា មានចម្ការកាហ្វេប្រមាណ៨០០ហិកតាប៉ុណ្ណោះ។
លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារកាហ្វេនៅកម្ពុជា នាពេលបច្ចុប្បន្នកំពុងមានការរីកចម្រើន និងទទួលបានការគាំទ្រខ្លាំងពីអាជីវកម្មក្នុងស្រុក។ តែយ៉ាងណាកាហ្វេផលិតក្នុងស្រុកមិនទាន់មានលទ្ធភាពអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់គ្រាន់នៅឡើយទេ ដោយសារផ្ទៃដីដាំដុះកាហ្វេរនៅកម្ពុជា នៅមានចំនួនតិចតួចនៅឡើយ។ បើតាមការលើកឡើងរបស់ប្រធានសមាគមរូបនេះ សមាគមកាហ្វេកម្ពុជា កំពុងជំរុញឱ្យកសិករពង្រីកផ្ទៃដីដាំដុះកាហ្វេបន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ខណៈគ្រាប់កាហ្វេរបស់កម្ពុជា ត្រូវបានលោក ឌុក ពិសិដ្ឋ អះអាងថា មានតម្លៃខ្ពស់ជាងគ្រាប់កាហ្វេនាំចូល។
ជាមួយគ្នានេះ លោក ហ៊ួ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុនអង្គរហ្គ្រីន បានចូលរួមសហការជាមួយសមាគមកាហ្វេកម្ពុជា និងម្ចាស់ចម្ការផ្សេងទៀត ដើម្បីផ្ដល់បច្ចេកទេសដាំដុះឱ្យទទួលបានគុណភាពល្អ និងទិន្នផលខ្ពស់។ បើតាមអ្នកជំនាញរូបនេះ កំណើនតម្រូវការកាហ្វេនៅក្នុងទីផ្សារបានធ្វើឱ្យការផ្គត់ផ្គង់កាហ្វេជួបបញ្ហាខ្វះខាត ដោយសារដំណាំនេះមានកសិករដាំតិចតួចនៅឡើយ ហើយចំណេះដឹងក្នុងការថែទាំ ក៏នៅមានកម្រិតដែរ។ តែយ៉ាងណាលោក ហ៊ួ ធីនាង ជឿជាក់ថា ផ្ទៃដីដាំកាហ្វេនៅកម្ពុជានឹងមានការកើនឡើងថែមទៀតនាពេលខាងមុខ ខណៈកសិករចាប់ផ្ដើមស្វែងយល់ពីការដាំដំណាំដែលកំពុងមានសក្ដានុពលមួយនេះ។
បើតាមការវាយតម្លៃរបស់លោក ឌុក ពិសិដ្ឋ ប្រធានសមាគមកាហ្វេកម្ពុជា ដើម្បីអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់កាហ្វេក្នុងស្រុកឱ្យបានគ្រប់គ្រាន់ កម្ពុជា ត្រូវបង្កើនផ្ទៃដីដាំកាហ្វេយ៉ាងហោចណាស់៧ពាន់ហិកតាបន្ថែមទៀត ខណៈបច្ចុប្បន្នផ្ទៃដីដាំដុះកាហ្វេនៅកម្ពុជា មានប្រមាណ៨០០ហិកតាប៉ុណ្ណោះ៕
អត្ថបទ៖ បូ ដូឡា