លោក Jing Guangjun ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group (GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុតទាំង៥០០នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិន ជាបុត្រសម្ព័ន្ធ បានសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា។ ការបង្ហាញឆន្ទៈបែបនេះ ធ្វើឡើងក្រោយលោក Jing Guangjun បានស្តាប់ការពន្យល់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងភាពជោគជ័យលើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុនមួយចំនួននៅប្រទេសកម្ពុជា។
នៅចំពោះមុខថ្នាក់ដឹកនាំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧%ជារៀងរាល់ឆ្នាំមុនស្ថានភាពជំងឺកូវីដ-១៩ និងបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិនដែលរួមមាន អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ែន សុភ័ក្រ្ត ប្រធានសមាគមអភិវឌ្ឍកៅស៊ូកម្ពុជា បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះក្រុមហ៊ុនផលិតសំបកកង់រថយន្តខាងលើក្នុងការជួយជំរុញទីផ្សារកៅស៊ូនៅកម្ពុជា ឲ្យមានការរីកចម្រើនមួយកម្រិតទៀត។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ កាលណាមានរោងចក្រទិញផលិតផលកៅស៊ូដោយផ្ទាល់នៅក្នុងស្រុកនោះ វានឹងជួយកាត់បន្ថយការចំណាយ និងពេលវេលាក្នុងការធ្វើពាណិញ្ជកម្មទៅក្រៅប្រទេស ក៏ដូចជាជួយកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើទីផ្សារខាងក្រៅ ជាពិសេសវានឹងជួយរក្សាស្ថិរភាពតម្លៃទីផ្សារកៅស៊ូក្នុងស្រុកឱ្យមានលំនឹងផងដែរ។
គួរជម្រាបថា តាមរយៈការបង្ហាញឆន្ទះយ៉ាងមុតមាំរបស់ក្រុមហ៊ុនក្នុងគោលបំណងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគនៅកម្ពុជានេះ ឯកឧត្តម ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួន។ យ៉ាងណាមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជាឱ្យបានលឿនបំផុតផងដែរ៕