និយ័តករបរធនបាលកិច្ចចាត់ទុកវិស័យសារព័ត៌មាន ជាដៃគូរអាទិភាពមិនអាចខ្វះបាន

និយ័តករបរធនបាលកិច្ចចាត់ទុកវិស័យសារព័ត៌មាន ជាដៃគូរអាទិភាពមិនអាចខ្វះបាន ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច


ថ្នាក់ដឹកនាំនៃនិយ័តករបរធនបាលកិច្ច អះអាងថា វិស័យបរធនបាលកិច្ចអាចចាត់ទុកថា ជាវិស័យថ្មីមួយ ដែលមានប្រតិបត្តិការអស់រយៈពេលមួយទស្សវត្សរ៍មកហើយ ប៉ុន្តែចំនុចមួយនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យបរធនបាលកិច្ចនេះ គឺខ្វះការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈ អំពីប្រតិបត្តិការ តួអង្គ និងបទបញ្ញត្តិពាក់ព័ន្ធផ្សេងៗ។ ក្នុងន័យនេះ ការចូលរួមរបស់វិស័យសារព័ត៌មាន គឺជាដៃគូរអាទិភាពមួយ ដែលមិនអាចខ្វះបានក្នុងកិច្ចដំណើរការអភិវឌ្ឍ នៃវិស័យបរធនបាលកិច្ចនេះនៅគ្រប់ដំណាក់កាលទាំងអស់។
និយ័តករបរធនបាលកិច្ចចាត់ទុកវិស័យសារព័ត៌មាន ជាដៃគូរអាទិភាពមិនអាចខ្វះបាន ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច

ដោយមើលឃើញពីសារៈសំខាន់ នៃការរួមចំណែកក្នុងការផ្សព្វផ្សាយ អំពីវិស័យបរធនបាលកិច្ច ក៏ដូចជាការបញ្ជ្រាបចំណេះដឹង កាន់តែទូលំទូលាយថែមទៀត ទៅដល់មហាជន និងបុគ្គលពាក់ព័ន្ធ ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍វិស័យនេះ និយ័តករបរធនបាលកិច្ច និង អង្គភាពសារព័ត៌មានខេមបូណូមីស នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០២២ បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង និយ័តករបរធនបាលកិច្ច និងអង្គភាពសារព័ត៌មានខេមបូណូមីស ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានបញ្ជាក់ថា វិស័យបរធនបាលកិច្ច អាចចាត់ទុកថា ជាវិស័យថ្មីមួយសម្រាប់សាធារណៈជនទូទៅក្នុងប្រទេសកម្ពុជា ហើយនេះគឺជាលើកទី១ ដែលនិយ័តករបរធនបាលកិច្ច បើកទំព័រដំបូងនៃការបង្កើតកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និងអង្គភាពសារព័ត៌មានដែលមានសក្តានុពល ខេមបូណូមីស ដែលនិយ័តករបរធនបាលកិច្ចចាត់ទុកជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងជាតួអង្គមួយដែលមិនអាចខ្វះបាន ក្នុងកិច្ចការចូលរួមអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជានៅគ្រប់ដំណាក់កាល នៃកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ច។ មិនតែប៉ុណ្ណោះ សារព័ត៌មានខេមបូណូមីស ក៏ជាអ្នកផ្តល់ព័ត៌មានទៅដល់មហាជន ក៏ដូចជាបុគ្គលពាក់ព័ន្ធ ក្នុងកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ច ប្រកបដោយវិជ្ជាជីវៈ គំនិតច្នៃប្រឌិត និងទស្សនវិជ្ជាដែលឈានមុខមួយ ប្រកបដោយថាមពល។

លោក ស៊ឺន សាយ អគ្គនាយកនៃអង្គភាពសារព័ត៌មានឌីជីថល ខេមបូណូមីស បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលសារព័ត៌មានឌីជីថលខេមបូណូមីស បានចូលរួមចំណែក ជាមួយនិយ័តករបរធនបាលកិច្ច នៅក្នុងដំណើរបេសកកម្មប្រកបដោយភាពជឿជាក់ ដើម្បីផ្សព្វផ្សាយព័ត៌មាន អំពីវិស័យដែលពោរពេញទៅដោយសក្តានុពលមួយនេះ ទៅដល់សាធារណៈជនទូទៅ។ បើតាមលោក ស៊ឺន សាយ វិស័យបរធនបាលកិច្ចគឺជាវិស័យថ្មីមួយ ដែលហាក់បីដូចជានៅមានរបាំងរាំងស្ទះជាច្រើន ដោយតម្រូវឲ្យមានការជួយជ្រោមជ្រែងពីសារព័ត៌មានអាជីព ដែលដើរតួនាទីសំខាន់ណាស់ ដើម្បីបន្ថែមល្បឿន ក្នុងការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយទៅដល់សាធារណៈជនឲ្យកាន់តែច្បាស់អំពីវិស័យបរធនបាលកិច្ចនេះ។

សូមជម្រាបថា ស្របតាមបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតវិស័យបរធនបាលកិច្ច ដែលជាវិស័យដ៍សំខាន់ថ្មីមួយ ដែលមានវិសាលភាពទូលំទូលាយ មិនត្រឹមតែគ្របដណ្តប់លើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានវិសាលភាពគ្របដណ្តប់លើវិស័យធានារ៉ាប់រង និងសោធន, វិស័យអចលនទ្រព្យ វិស័យមូលបត្រ និងវិស័យផ្សេងទៀតនៅក្នុងសេដ្ឋកិច្ច និងសង្គមផងដែរ ដើម្បីគ្រប់គ្រងលើបរធនបាលកិច្ចនៅក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសង្គម ព្រមទាំងដើម្បីដោះស្រាយការគ្រប់គ្រងចាំបាច់លើមូលនិធិនានា ដែលបានផ្ដល់ឱ្យរាជរដ្ឋាភិបាលដោយដៃគូអភិវឌ្ឍន៍ផងដែរ៕




អត្ថបទបន្ទាប់


មានគំនិត និងជំនាញ តែខ្វះដើមទុន សូមអានអត្ថបទនេះ

ព័ត៌មាន
មនុស្សម្នាក់ៗមានគំនិត និងជំនាញរៀងៗខ្លួនក្នុងការបង្កើតនូវប្រភពចំណូលសម្រាប់គ្រួសារ។ អ្នកខ្លះចង់បង្កើតមុខរបររកស៊ីផ្ទាល់ខ្លួន អ្នកខ្លះចង់បន្ដការ…

មហាយក្សចិនកំពុងនាំមុខគេក្នុងពិភពលោក លើការចំណាយវិនិយោគថាមពលកកើតឡើងវិញ

ព័ត៌មាន
ប្រទេសចិនកំពុងនាំមុខគេក្នុងពិភពលោក សម្រាប់ការចំណាយវិនិយោគលើថាមពលកកើតឡើងវិញ។ ជាក់ស្ដែង ការវិនិយោគជាសាកលលើថាមពលកកើតឡើងវិញបានកើនឡើង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ