រាជរដ្ឋាភិបាលសម្រេចកែប្រែផ្ទៃដីឧទ្យានជាតិមួយចំនួន

រដ្ឋាភិបាលពង្រីក និងពង្រួមផ្ទៃដីតំបន់ឧទ្យាជាតិមួយចំនួន ដើម្បីជំរុញការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសហគមន៍មូលដ្ឋាន


រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យជាបន្តបន្ទាប់ ដើម្បីកែប្រែផ្ទៃដីតំបន់ឧទ្យានជាតិនៅតាមបណ្តាខេត្តមួយចំនួនដូចជាឧទ្យានជាតិព្រះមុនីវង្ស«បូកគោ», ឧទ្យានជាតិកែប, ឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម«ភ្នំគូលែន» និងឧទ្យានជាតិបទុមសាគរជាដើម សំដៅធានាការការពារ និងថែរក្សាលំនឹងបរិស្ថាន ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះសម្រាប់បម្រើឲ្យវិទ្យាសាស្ត្រ ការអប់រំ ការសិក្សាស្រាវជ្រាវ និងការកម្សាន្ត។ ការកែប្រែនេះ ក៏ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងសហគមន៍មូលដ្ឋានផងដែរ។
រាជរដ្ឋាភិបាលសម្រេចកែប្រែផ្ទៃដីឧទ្យានជាតិមួយចំនួន
ដោយ

បើតាមអនុក្រឹត្យទាំងនោះ ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ កែប្រែ និងគ្រប់គ្រងតំបន់ឧទ្យានជាតិ ក្រោមការសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ដើម្បីធានាដល់ការគ្រប់គ្រងបរិស្ថាន អភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងការរស់នៅដោយចីរភាព។

រាជរដ្ឋាភិបាលកម្ពុជាពង្រីក និងពង្រួមទំហំផ្ទៃដីតំបន់ឧទ្យានជាតិមួយចំនួនដូចជាឧទ្យានជាតិព្រះមុនីវង្ស«បូកគោ», ឧទ្យានជាតិកែប, ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន», ឧទ្យានជាតិបទុមសាគរ, ឧទ្យានជាតិវីរៈជ័យ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដើម្បីជំរុញ និងលើកម្ពស់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងសហគមន៍មូលដ្ឋានសំដៅរួមចំណែកក្នុងការគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការការពារធនធានធម្មជាតិ និងការរស់នៅដោយចីរភាពរបស់ប្រជាពលរដ្ឋ។

នេះបើយោងតាមអនុក្រឹត្យ ដែលត្រូវបានបង្ហោះជាបន្តបន្ទាប់ដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅលើទំព័រហ្វេសប៊ុកផ្លូការរបស់ខ្លួន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។ ការកែប្រែផ្ទៃដីតំបន់ឧទ្យានជាតិនេះ ក៏ដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ក៏ដូចជារួមចំណែកជួយរក្សាលំនឹងបរិស្ថាន និងការពារការប្រែប្រួលអាកាសធាតុផងដែរ។

បើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តំបន់ឧទ្យានទាំងនោះស្ទើរទាំងអស់មានការពង្រីកទំហំផ្ទៃដី ជាជាងការពង្រួម។ ក្នុងនោះតំបន់ឧទ្យានជាតិព្រះមុនីវង្ស«បូកគោ»ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុត្រូវបានពង្រីកពីជាង១៥ម៉ឺន៤ពាន់ហិកតាទៅជាង១៥ម៉ឺន៦ពាន់ហិកតា រីឯឧទ្យានជាតិកែបស្ថិតក្នុងនៅក្នុងខេត្តកែបត្រូវបានពង្រីកពី១ពាន់១៥២ហិកតាទៅជាង១ពាន់២រយហិកតា។ ចំណែកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»ដែលមានភូមិសាស្ត្រនៅខេត្តសៀមរាបត្រូវបានពង្រីកពី៣ម៉ឺន៧ពាន់៥០០ហិកតាទៅជាង៦ម៉ឺន២ពាន់៨៨៣ហិកតា ខណៈឧទ្យានជាតិវីរៈជ័យដែលមានភូមិសាស្ត្រស្ថិតនៅខេត្តរតនគិរី និងខេត្តស្ទឹងត្រែងត្រូវបានពង្រីកពីជាង៣៣ម៉ឺន២ពាន់៥រយហិកតាទៅជាង៤០ម៉ឺន៥ពាន់៧៦៦ហិកតា។

ជាមួយគ្នានេះឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលមានភូមិសាស្ត្រស្ថិតក្នុងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ត្រូវបានរាជរដ្ឋាភិសម្រេចពង្រីកទំហំផ្ទៃដីរហូតដល់ជាង២២ម៉ឺនហិកតាបន្ថែម ពោលគឺពីទំហំផ្ទៃដីចាស់ជាង៥ម៉ឺន៧ពាន់៤៦៩ហិកតាដល់ជាង២៨ម៉ឺនហិកតា។ ដោយឡែក ឧទ្យានជាតិបទុមសាគរ ដែលមានភូមិសាស្ត្រស្ថិតនៅក្នុងខេត្តកោះកុង រាជរដ្ឋាភិបាលសម្រេចពង្រួមផ្ទៃដីពីទំហំជាង១៧ម៉ឺន១ពាន់២រយហិកតាមកនៅត្រឹម១៤ម៉ឺន៣ពាន់៨៩៥ហិកតា។

គួរបញ្ជាក់ថា តំបន់ឧទ្យានជាតិ គឺសំដៅដល់តំបន់ធម្មជាតិក្នុងដែនដីគោក ឬដែនទឹក ដែលត្រូវបានកំណត់ ដើម្បីថែរក្សាការពារខាងផ្នែកប្រព័ន្ធអេកូឡូស៊ីមួយ ឬច្រើនរបស់តំបន់ដែលបានកំណត់ សម្រាប់ផ្តល់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។ បើគិតត្រឹមខែសីហា ឆ្នាំ២០២២ ផ្ទៃដីអភិរក្សធនធានធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះស្ថិតក្រោមការគ្រប់គ្រង់របស់ក្រសួងបរិស្ថានមានចំនួន៧៦តំបន់ ដោយមានផ្ទៃដីសរុបចំនួន៧,៣លានហិកតា។ ក្នុងចំណោមតំបន់ការពារធនធានធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងនេះ គឺមានតំបន់ការពារធម្មជាតិចំនួន៧៣តំបន់រួមមានតំបន់ការពារធនធានធម្មជាតិជាឧទ្យានមាន១០តំបន់, តំបន់ដែនជម្រកសត្វព្រៃ១៩តំបន់, តំបន់ការពារទេសភាព១៤តំបន់, តំបន់ប្រើប្រាស់ច្រើនយ៉ាង១០តំបន់, តំបន់រ៉ាមសារ៥តំបន់, តំបន់បេតិកភណ្ឌធម្មជាតិ១៣តំបន់ និងតំបន់ឧទ្យានជាតិសមុទ្រ២តំបន់៕




អត្ថបទបន្ទាប់


តម្លៃស្រូវឆ្នាំនេះមានការកើនឡើង ខណៈការនាំចេញអង្ករសម្រេចបានជាង៥០% នៃផែនការ

ព័ត៌មាន
តម្លៃស្រូវនៅកម្ពុជាបានហក់ឡើងគួរឲ្យកត់សម្គាល់នៅមួយរយៈចុងក្រោយ វាស្របពេលដែលពិភពលោកបាននិងកំពុងមានតម្រូវការស្បៀងអាហារកាន់តែច្រើន។ ជាក់ស្ដែង…

ផលិតផលជលផលកម្ពុជា៤មុខបន្ថែមទៀត ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន

ព័ត៌មាន
ក្រុមហ៊ុនខ្មែរមួយត្រូវបានបញ្ចប់ការត្រួតពិនិត្យ និងអនុញ្ញាតដោយរដ្ឋបាលគយចិន ដើម្បីនាំចេញផលិតផលជលផលធម្មជាតិកម្ពុជាចំនួន៤មុខបន្ថែមទៀត រួមមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ