
ក្រោយចៅក្រមសហព័ន្ធផ្តល់ភ្លើងខៀវលើគម្រោងកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានប្រកាសថា បុគ្គលិក USAID ចំនួន១ពាន់៦រយនាក់នឹងត្រូវបញ្ឈប់ពីការងារ។ រដ្ឋបាលលោក ដូណាល់ ត្រាំ បានអះអាងនៅចុងសប្តាហ៍មុនថា ខ្លួនកំពុងរៀបចំបញ្ឈប់ការងារបុគ្គលិករបស់ USAID នៅបរទេសទាំងអស់ លើកលែងតែមេដឹកនាំនិងបុគ្គលិកសំខាន់ៗឱ្យបន្តឈប់សម្រាកដោយមានប្រាក់បៀវត្សរ៍។
គិតមកទល់ពេលនេះប្រតិបត្តិការទាំងអស់របស់ទីភ្នាក់ងារជំនួយអាម៉េរិក USAID រួមទាំងគេហទំព័រត្រូវបានបិទទាំងអស់។ គិតត្រឹមសប្តាហ៍មុនរដ្ឋបាលលោក ត្រាំ បានប្រកាសកាត់រំសាយបុគ្គលិក USAID ចំនួន១ពាន់៦រយនាក់ ប៉ុន្តែបើតាមឯកសាររបស់បុគ្គលិកស្ថាប័ននេះ មានបុគ្គលិកត្រូវបញ្ឈប់ពីការងាររហូតដល់ទៅ២ពាន់នាក់ឯណោះ ប៉ុន្តែខាងសេតវិមានមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះទេ។ មកទល់ពេលនេះគេដឹងថា USAID មានបុគ្គលិកប្រមាណ៤ពាន់៦រយនាក់ ភាគច្រើននៅសហរដ្ឋអាម៉េរិកផ្ទាល់ ក្រៅពីនេះនៅតាមប្រទេសដែលទទួលជំនួយពីស្ថាប័ននេះ។
លោក ត្រាំ ដែលទទួលយោបល់ពីលោក អេឡិន ម៉ាស់ ថ្នាក់ដឹកនាំនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលបានសម្រេចបង្កកកម្មវិធីជំនួយ ដែលដំណើរការតាមច្រក USAID ចំនួន៩០ថ្ងៃ ប៉ុន្តែក្រោយមកបានអនុម័តការលើកលែងចំពោះការបង្កក ដែលមានទឹកប្រាក់សរុបចំនួន៥,៣ពាន់លានដុល្លារ ដែលភាគច្រើនសម្រាប់កម្មវិធីសន្តិសុខ និងប្រឆាំងគ្រឿងញៀន៕
ដោយៈ សរ សុជាតិ