
លោក ដូណាល់ ត្រាំ ប្រធានាធិបតីទី៤៧របស់សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១ ខែឧសភា បានដកតំណែងទីប្រឹក្សាសន្តិសុខជាតិលោក ម៉ៃ វ៉ាលស៍ (Mike Waltz) ហើយបានតែងតាំងរដ្ឋមន្ត្រីការបរទេសលោក ម៉ាកូ រូប៊ីអូ (Marco Rubio) ឱ្យកាន់តំណែងជំនួសជាបណ្ដោះអាសន្ន ដែលនេះជាការរុះរើគណៈរដ្ឋមន្ត្រីដ៏គួរឱ្យភ្ញាក់ផ្អើលចាប់តាំងពីលោកចូលកាន់តំណែងជាប្រធានាធិបតីសម្រាប់អាណត្តិទី២នៅខែមករា ដើមឆ្នាំនេះ។
តាមរយៈការផុសមួយបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកនឹងតែងតាំងលោក ម៉ៃ វ៉ាលស៍ ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ ហើយបានសរសើរលោក ម៉ៃ វ៉ាលស៍ ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបម្រើផលប្រយោជន៍របស់សហរដ្ឋអាម៉េរិកជាចម្បង។
ការដកតំណែងរបស់លោក ម៉ៃ វ៉ាលស៍ នេះធ្វើឡើងក្រោយលោកបានប្រឈមការរិះគន់យ៉ាងខ្លាំងនៅក្នុងសេតវិមាន ជាពិសេសបន្ទាប់ពីលោកជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវមួយកាលពីអំឡុងខែមីនា ពាក់ព័ន្ធនឹងការឆាតតាម App Signal ជាមួយទីប្រឹក្សាសន្តិសុខកំពូលៗរបស់លោក ដូណាល់ ត្រាំ។
សូមបញ្ជាក់ថា លោក ម៉ាកូ រូប៊ីអូ (Marco Rubio) នឹងក្លាយជាជនទី១ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាម៉េរិក ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាម៉េរិកផង និងជាទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកផងក្នុងពេលដំណាលគ្នាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។
ទន្ទឹមនេះ មន្ត្រីរដ្ឋាភិបាលអាម៉េរិកបានទម្លាយឱ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងស្នើកញ្ចប់ថវិកាសន្តិសុខជាតិរហូតដល់ទៅ១ទ្រីលានដុល្លារអាម៉េរិក សម្រាប់ឆ្នាំសារពើពន្ធបន្ទាប់ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែតុលា ដោយកើនឡើង១៣%បើធៀបនឹងឆ្នាំសារពើពន្ធបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg៕
ដោយ: តែម សុខុម