
នៅក្នុងអំឡុងដំណើរទៅកាន់ប្រទេសចំនួន៣ ក្នុងតំបន់មជ្ឈិមបូព៌ា រួមមានប្រទេសអារ៉ាប៊ីសាអូឌីត កាតា និងអេមីរ៉ាតអារ៉ាប់រួម លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានចុះកិច្ចព្រមព្រៀងវិនិយោគធំៗជាមួយប្រទេសទាំងនោះ ដោយក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងទំហំជាង២៤០ពាន់លានដុល្លារ ជាមួយប្រទេសកាតា និងការសន្យាបោះទុនវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងទំហំរហូតដល់ទៅ៦០០ពាន់លានដុល្លារ លើផលិតកម្ម ផលិតផល និងសេវាកម្មរបស់សហរដ្ឋអាម៉េរិក ផងដែរ ហើយថ្នាក់ដឹកនាំធុរកិច្ចកំពូលៗតួយ៉ាងដូចជាកំពូលមហាសេដ្ឋកិច្ច Elon Musk ជាដើម ក៏បានរួមដំណើរទៅជាមួយលោកផងដែរ។
លោក ដូណាល់ ត្រាំ បានអួតក្ដែងៗចំពោះកិច្ចព្រមព្រៀងធំៗជាមួយបណ្ដាប្រទេសក្នុងតំបន់មជ្ឈិមបូព៌ានេះថា ជាតឹកតាងឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចអាម៉េរិក មានភាពរឹងមាំ ហើយបានកោតសរសើរថា កិច្ចព្រមព្រៀងទាំងនេះជាបដិវត្តន៍ឧស្សាហកម្មថ្មី។
ទោះជាយ៉ាងណា ខណៈដែលលោក ដូណាល់ ត្រាំ កំពុងហោះហើរពីទីក្រុង Abu Dhabi នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ត្រលប់ទៅកាន់សហរដ្ឋអាម៉េរិកវិញ ទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពឥណទាន Moody's បានទម្លាក់ចំណាត់ថ្នាក់គុណភាពឥណទានរបស់សហរដ្ឋអាម៉េរិក ដោយព្រមានថា បំណុលដែលកំពុងកើនឡើងរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះបានក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរ។
លោក ម៉ៃឃើល ភីតធ័រសុន (Michael Peterson) ប្រធានមូលនិធិហិរញ្ញវត្ថុមួយបាននិយាយថា ការទម្លាក់ចំណាត់ថ្នាក់នេះ គឺជាសញ្ញាព្រមានយ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិក ត្រូវតែបញ្ឈប់ការបង្កើនបំណុលបន្ថែមទៀត។ ដំណឹងដ៏អាក្រក់នេះកើតមានឡើង នៅពេលដែលការស្ទង់មតិមួយបង្ហាញថា ទំនុកចិត្តរបស់អតិថិជនជាអ្នកប្រើប្រាស់បានធ្លាក់ចុះខ្លាំងមកដល់កម្រិតទាបបំផុតមិនធ្លាប់មាន ហើយពលរដ្ឋអាម៉េរិកជាច្រើនព្រួយបារម្ភអំពីការហក់ឡើងអតិផរណា។
ហើយអ្វីៗកាន់តែអាក្រក់ជាងនេះទៅទៀត គឺនៅពេលដែលសេចក្ដីព្រាងច្បាប់ ស្ដីគោលនយោបាយពន្ធគយដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ បានជាប់គាំងនៅក្នុងសភា ខណៈដែលសមាជិកសភាមួយចំនួន ដែលមកពីគណបក្សសាធារណរដ្ឋ បានបោះឆ្នោតប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ៕
ដោយ: តែម សុខុម