ក្នុងកិច្ចប្រជុំលើកដំបូង នៃក្រុមប្រឹក្សាសន្តិភាព គេសង្កេតឃើញ មានវត្តមានមេដឹកនាំធំៗមកពី ៤៩ប្រទេសបានចូលរួម ដោយក្នុងនោះមាន ២៧ប្រទេសជាសមាជិករបស់ក្រុមប្រឹក្សានេះ និង ២២ប្រទេសបានចូលរួមជាអ្នកសង្កេតការណ៍។
លោក ដូណាល់ ត្រាំ បានប្រកាសថា មានប្រទេសចំនួន៩ បានសន្យាថា នឹងបរិច្ចាគប្រាក់រួមគ្នាចំនួន ៧ពាន់លានដុល្លារ សម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ។ ប្រទេសទាំងនោះរួមមាន កាហ្សាក់ស្ថាន អាស៊ែបៃហ្សង់ អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក បារ៉ែន កាតា អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន និងគុយវ៉ែត។
ប្រាក់បរិច្ចាគនោះ នឹងបូករួមជាមួយនឹងប្រាក់វិភាគទានចំនួន ១០ពាន់លានដុល្លារទៀតរបស់សហរដ្ឋអាមេរិក ដែលលោក ត្រាំ និយាយថា ជា «ចំនួនតិចតួចណាស់» ស្មើនឹងការធ្វើសង្គ្រាមបានត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។
លើសពីនេះ លោកបានថ្លែងថា ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍រៃអង្គាសថវិកា «ដ៏ធំមួយ» ប្រមាណ ១៧ពាន់លានដុល្លារ សម្រាប់ការកសាងតំបន់ហ្គាហ្សាឡើងវិញ ដែលប្រទេសនានាក្នុងតំបន់នឹងចូលរួម រួមទាំងប្រទេសចិន កូរ៉េខាងត្បូង ហ្វីលីពីន និងសិង្ហបុរី។ ចំណែកប្រទេសរុស្ស៊ី លោកត្រាំ បាននិយាយថា មានលទ្ធភាពខ្ពស់ដែលប្រទេសនេះនឹងចូលរួមដែរ។
សូមបញ្ជាក់ថា បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលបានចូលរួមប្រជុំក្នុនាមជាសមាជិកនៃក្រុមប្រឹក្សានេះ មានចំនួនតែ៣ប៉ុណ្ណោះ រួមមាន កម្ពុជា វៀតណាម និងឥណ្ឌូណេស៊ី។ បើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ ប្រទេសន័រវេស នឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកក្រោយ ប៉ុន្ដែ លោកមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយទេ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស