កំណើនសេដ្ឋកិច្ច​កម្ពុជា​រង្គោះរង្គើ

អ្នកជំនាញសេដ្ឋកិច្ច៖ គោលដៅកំណើន​សេដ្ឋកិច្ចកម្ពុជាកំពុងរង្គោះរង្គើ ក្រោយចំណូលពន្ធដារ និងពន្ធគយធ្លាក់ចុះ


នៅឆមាសទី១ ឆ្នាំ២០២១ ការប្រមូលចំណូលរបស់ស្ថានប័នរដ្ឋសំខាន់ៗចំនួនពីរ គឺអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សុទ្ធតែបានបង្ហាញពីសញ្ញាអវិជ្ជមាន។ ដោយក្នុងនោះ ការប្រមូលចំណូលពន្ធដារធ្លាក់ចុះជិត១១% ខណៈដែលចំណូលប្រមូលដោយគយវិញធ្លាក់ចុះប្រមាណ៩%។ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ការធ្លាក់ចុះចំណូលពន្ធនេះ បានបង្ហាញថា គោលដៅកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះកំពុងស្ថិតក្នុងភាពរង្គោះរង្គើ។ ទោះយ៉ាងណាអ្នកជំនាញអះអាងថា ការធ្លាក់ចុះនេះមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផែនការចំណាយសាធារណៈរបស់រដ្ឋនោះឡើយ។
កម្ពុជានិងប្រទេស៣ផ្សេងទៀតនៅអាស៊ាន មានកំណើនសេដ្ឋកិច្ចដាំក្បាលចុះ «ដកក្រោមសូន្យ» (រូបភាព៖ ហេង ភារម្យ)
ដោយ

លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជ្យបណ្ឌិតសភាកម្ពុជា​បានបង្ហាញទស្សនៈ​ផ្ទាល់​ខ្លួន​ថា វិ​ស័យសេដ្ឋកិច្ចកម្ពុជា​ចាប់ផ្តើមមានភាពរង្គោះរង្គើ ក្នុងការឈានទៅសម្រេចបានតាម​ផែនការកំណើនសេ​ដ្ឋកិច្ច ដែលបានព្យាករទុក​ដោយ​ស្ថាប័នអន្តរជាតិនានា។ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ​អះអាងថា សេដ្ឋកិច្ច​​កម្ពុជា​នៅឆ្នាំ​២០២១ ទំនងជាមិនអាច​ឈាន​​ទៅ​សម្រេច​​បានកំណើន ​៤% ​តាមការព្យាករ​​នោះ​ទេ បន្ទាប់ពីលោកមើលឃើញពីការធ្លាក់ចុះ​នៃចំណូល​ពន្ធអាករ​នៅឆមាសទី១ ឆ្នាំ២០២១។

បើតាមរបាយការណ៍​របស់អគ្គនាយកដ្ឋានពន្ធដារ​កាលពីថ្ងៃទី២០ កក្កដា ការ​ប្រមូលចំណូលពន្ធដារនៅឆមាសទី១ឆ្នាំ២០២១ សម្រេចបានជាង១ពាន់៥រយលាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ធ្លាក់ចុះជិត១១% បើធៀបនឹងឆមាសទី១ កាលពីឆ្នាំ២០២០។ ក្នុងនៅក្នុងឆមាសទី១នេះដែរ បើមើលទៅលើចំណូលពន្ធគយវិញ គឺសម្រេចបាន​ជាង​១ពាន់​១រយលាន​ដុល្លារអាមេរិក ធ្លាក់ចុះជិត​៩%។ សរុបទាំងចំណូលដែលប្រមូលចំណូលពន្ធដោយគយ និងពន្ធដារ​នៅឆមាសទី១នេះ សម្រេចបាន​ជាង​២ពាន់​៦រយលាន​ដុល្លារអាមេរិក។ 

ជុំវិញនឹង​ការធ្លាក់ចុះចំណូលពន្ធដារនេះដែរ​ ត្រូវបាន​ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ការធ្លាក់ចុះនេះ គឺដោយសារមានការរំខានពីការអូសបន្លាយ នៃការឆ្លងរាតត្បាត​ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ តែយ៉ាងណា ឯកឧត្តម អះអាងថា អគ្គនាយកដ្ឋានពន្ធដារ​បានដាក់ចេញវិធានការ និងរៀបចំប្រព័ន្ធបច្ចេកវិទ្យា​ប្រមូលពន្ធតាមអនឡាញ ឲ្យអនុវត្តជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា៖«ការអូសបន្លាយនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងការផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានជះឥទ្ធិពលជាអវិជ្ជមានមកលើការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករយ៉ាងខ្លាំង។ ក៏ប៉ុន្តែការដាក់ចេញនូវវិធានការនិងការអនុវត្តតាមប្រព័ន្ធអនឡាញ​ និងបច្ចេកវិទ្យាព័ត៌មាន ដែលអគ្គនាយកដ្ឋានពន្ធដារបានបង្កើតជាបន្តបន្ទាប់ គឺជាការអនុវត្តប្រកបដោយបុរេសកម្ម និងបានឆ្លើយតបទៅនឹងបញ្ហាប្រឈម ព្រមទាំងការលំបាកនានាក្នុងវិបត្តិកូវីដ-១៩»។

ដោយឡែក ទាក់ទង​នឹងការធ្លាក់ចុះ​នៃចំណូលពន្ធគយវិញ ត្រូវបានលោកបណ្ឌិត គី សេរីវឌ្ឍ អះអាងថា គឺវាជាការ​​ឆ្លុះបញ្ចាំងពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់កម្ពុជា​។ ហើយវាក៏បង្ហាញ​ពីការធ្លាក់ចុះចរន្តនាំចេញនាំចូលទំនិញរបស់​កម្ពុជាផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០ អគ្គនាយដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ​និងរដ្ឋាករ ប្រមូលចំណូលសរុបចូលគ្នា​បាន​ជាង ៥ពាន់​៣រយលាន​ដុល្លារអាមេរិក។ ដោយក្នុងនោះ ចំណូលពន្ធដារ​សម្រេចបានជិត​២ពាន់​៩រយលាន​ដុល្លារ កើនឡើងជិត​៤% ធៀបនឹងឆ្នាំ២០១៩ ខណៈដែលចំណូលពន្ធដែលប្រមូលដោយគយវិញ សម្រេចបាន​ត្រឹមតែ ជាង​២ពាន់​៤រយលាន​ដុល្លារប៉ុណ្ណោះ ធ្លាក់ចុះជិត​២៥% ធៀបនឹងឆ្នាំ២០១៩៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសភូមាជំរុញបង្កើនការចាក់វ៉ាក់សាំង ស្របពេលដែលចំនួនអ្នកឆ្លងកូវីដ-១៩ហក់ឡើងកាន់តែខ្ពស់

ព័ត៌មាន
ក្រសួងសុខាភិបាល ដែលត្រួតត្រាដោយយោធាភូមា រំពឹងទុកថា ពាក់កណ្តាលនៃចំនួនប្រជាជនរបស់ខ្លួន នឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅ...

ផ្សារមូលបត្រកម្ពុជា បន្ដជំរុញលើកទឹកចិត្តឲ្យសហគ្រាសខ្នាតតូច និងមធ្យមមានសក្ដានុពលចូលមកចុះបញ្ជី

ព័ត៌មាន
ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា រំពឹងថា ក្រៅតែពីក្រុមហ៊ុនធំៗដែលមកចុះបញ្ជីផ្សារបោះផ្សាយលក់ភាគហ៊ុននៅក្នុងផ្សារមូលប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ