
ហើយអ្វីដែលជាការកត់សម្គាល់ខ្លាំងជាងគេ គឺលោក ដូណាល់ ត្រាំ បានព្រលះអង្គការសហប្រជាជាតិ (UN) ធ្ងន់ៗថា អសម្ថភាពក្នុ្ងងការរំលត់ភ្លើងសង្គ្រាមក្នុងពិភពលោក ហើយបែរជាឱ្យសហរដ្ឋអាម៉េរិកជាអ្នកដើរតួជំនួសទៅវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ធំៗជាច្រើន។
លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានប្រើអង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ព្រលះអង្គការនេះ នៅចំពោះមុខមេដឹកនាំប្រទេសធំៗជាច្រើនថា អសមត្ថភាពក្នុងការពន្លត់ភ្លើងសង្គ្រាមក្នុងប្រទេសជាច្រើនរួមទាំងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ផងដែរ ហើយបែរជាទុកតួនាទីដ៏សំខាន់នេះឱ្យសហរដ្ឋអាម៉េរិក ជាអ្នកធ្វើទៅវិញ។ លោក ត្រាំ បានអះអាងថា សហរដ្ឋអាម៉េរិក បានជួយរំលត់ភ្លើងសង្គ្រាមចំនួន៧ ដោយជោគជ័យ ដោយមិនចាំបាច់សុំជំនួយពីអង្គការសហប្រជាជាតិ។ ជាមួយគ្នានេះលោក ត្រាំ ជំរុញឱ្យប្រទេសនានា គោរពដែនអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែនរវាងគ្នានឹងគ្នាឱ្យបានល្អប្រសើរជាងមុនផងដែរ។
បន្ថែមលើនេះ លោក ដូណាល់ ត្រាំ បានរិះគន់ប្រទេសនានា ចំពោះការសម្រុកងាកទៅបង្កើនការផលិតថាមពលកកើតឡើងវិញ ហើយបានព្រមានថា វិធានការងាកទៅបង្កើនការផលិតថាមពលកកើតឡើងវិញនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចនៃប្រទសទាំងនោះរងផលប៉ះពាល់ខ្លាំង ខណៈដែលបណ្ដាប្រទេសជាគូប្រជែងដែលមានច្បាប់ថាមពលធូរលុងលើថាមពលកកើតឡើងវិញ កេងចំណេញ និងយកប្រៀបដោយមិនត្រឹមត្រូវ។
បញ្ហាអន្តោប្រវេសន៍ ក៏ជាប្រធានបទក្ដៅដ៏សំខាន់មួយដែរ ដោយលោក ដូណាល់ ត្រាំ បានព្រមានបណ្ដាមេដឹកនាំអឺរ៉ុបថា បញ្ហាអន្តោប្រវេសន៍ដែលមិនអាចគ្រប់គ្រងបានកំពុងបំផ្លាញបេតិកភណ្ឌ វប្បធម៌ និងបណ្ដាប្រទេសនៅអឺរ៉ុប។ លោកបានអះអាងថា រដ្ឋបាលរបស់លោកទប់ស្កាត់បានយ៉ាងច្រើននូវអន្តោប្រវេសន៍ខុសច្បាប់នៅលើទឹកដីសហរដ្ឋអាម៉េរិក។
ចំពោះបញ្ហានៅតំបន់មជ្ឈិមបូព៌ា លោក ដូណាល់ ត្រាំ បានទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ Gaza និងដោះលែងឈ្លើយសឹកមកវិញ។ ទន្ទឹមនេះ លោក ត្រាំ បានរិះគន់លោកខាងលិចចំពោះការទទួលស្គាល់ទឹកដីប៉ាឡេស្ទីនជារដ្ឋឯករាជ្យ ហើយលើកឡើងថា ការទទួលស្គាល់ទឹកដីប៉ាឡេស្ទីនជារដ្ឋឯករាជ្យស្មើនឹងការផ្ដល់រង្វាន់ធំដល់ក្រុមហាម៉ាស ដែលលោកចាត់ទុកថា ជាក្រុមភេរវករ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ផ្ទុយគ្នាស្រឡះនឹងការលើកឡើងរបស់បណ្ដាមេដឹកនាំផ្សេងទៀតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដោយមេដឹកនាំនៃប្រទេសជាច្រើនបាននិយាយការពារវិធានការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងកិច្ចសហប្រតិបត្តិការពហុភាគី៕
ដោយ: តែម សុខុម