ជម្លោះសមុទ្រចិនខាងត្បូង

ហ្វីលីពីនថ្កោលទោសទង្វើរបស់អាជ្ញាធរចិន ខណៈអាម៉េរិក ស្រែកបន្ទរតាមក្រោយ


ប្រទេសហ្វីលីពីន បានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់សកម្មភាពឈ្លានពាននៅក្នុងសមុទ្រចិនខាងត្បូង និងបានកោះហៅឯគ្គរដ្ឋទូតចិន ប្រចាំក្រុងម៉ានីលមកសួរនាំ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងនាវាឆ្មាំសមុទ្ររបស់ចិន និងទូកផ្គត់ផ្គង់កងទ័ពហ្វីលីពីន នៅតំបន់ជម្លោះនៅក្នុងសមុទ្រចិនខាងត្បូង កាលពីថ្ងៃអាទិត្យ។ ជាមួយគ្នានេះ អាមេរិក ក៏បានចេញលិខិតថ្កោលទោសចំពោះទង្វើរបស់ចិននេះដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ជម្លោះសមុទ្រចិនខាងត្បូង
ដោយ

មន្ត្រីហ្វីលីពីន បានធ្វើសន្និសីទព័ត៌មានមួយនៅព្រឹកថ្ងៃចន្ទទី២៣ ខែតុលា ដើម្បីដោះស្រាយឧប្បត្តិហេតុមួយកាលពីថ្ងៃអាទិត្យ ក្រោយនាវាឆ្មាំសមុទ្រចិន បានធ្វើ«សមយុទ្ធរារាំងដ៏គ្រោះថ្នាក់» ដែលប៉ះទង្គិចជាមួយនាវាផ្គត់ផ្គង់យោធាហ្វីលីពីន ប៉ុន្តែគ្មានភាគីណាមួយមានគ្រោះថ្នាក់នោះទេ។ នេះបើតាមក្រុមការងារពិសេសរបស់ហ្វីលីពីន ដែលបំពេញការងារនៅសមុទ្រចិនខាងត្បូង។

កាលពីថ្ងៃអាទិត្យ ប្រទេសហ្វីលីពីន បានថ្កោលទោសទង្វើរបស់ចិន ដោយហៅទង្វើទាំងនេះថា មាន«គ្រោះថ្នាក់ គ្មានការទទួលខុសត្រូវ និងខុសច្បាប់» ខណៈដែលភាគីចិន បាននិយាយថា ប្រតិបត្តិការរបស់ខ្លួនមាន​វិជ្ជាជីវៈត្រឹមត្រូវ និងស្របច្បាប់។

លោក ចូណាថាន ម៉ាឡាយ៉ា (Jonathan Malaya) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ ហ្វីលីពីន បាននិយាយនៅថ្ងៃចន្ទថា ទីក្រុងម៉ានីល បានកោះហៅឯកអគ្គរដ្ឋទូតចិនមកសួរនាំ ជុំវិញឧប្បត្តិហេតុនេះ ដើម្បីជា«សារច្បាស់លាស់មួយ»បង្ហាញពីភាពធ្ងន់ធ្ងរនៃឧប្បត្តិហេតុនេះ។

ជាមួយគ្នានេះ ក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់មួយ ដោយចោទប្រកាន់ឆ្មាំសមុទ្រចិនថា បានធ្វើសមយុទ្ធប្រកបដោយគ្រោះថ្នាក់ និងបំពានច្បាប់អន្តរជាតិក្នុងចេតនាជ្រៀតជ្រែកក្នុងកិច្ចការអនុវត្តសេរីភាពនាវាចរណ៍របស់នាវាហ្វីលីពីន។

លោក ដន ម៉េកឡេន ហ្គីល (Don McLain Gill) អ្នកវិភាគ និងជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ De La Salle ក្នុងទីក្រុងម៉ានីល បាននិយាយថា ការប៉ះទង្គិចគ្នាជាមួយចិននេះ បានកើតឡើងនៅចំពេលមិនច្បាស់លាស់កាន់តែខ្លាំងឡើងលើតួនាទីការពាររបស់អាម៉េរិក នៅក្នុងតំបន់អាស៊ី។ លោក ហ្គីល បន្ថែមថា សម្ព័ន្ធមិត្តរបស់អាម៉េរិក នៅក្នុងតំបន់កំពុងព្រួយបារម្ភថា តើទីក្រុងវ៉ាស៊ីនតោន មានឆន្ទៈនយោបាយកម្រិតណាក្នុងការដើរតួនាទីយ៉ាងខ្ជាប់ខ្ជួននៅក្នុងតំបន់ចំពេលមានស្ថានភាពសន្តិសុខកាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា និងអឺរ៉ុប។

លោក ហ្គីល បាននិយាយថា ការដែលហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលជាមួយអាម៉េរិក គឺជារឿងសំខាន់មែនហើយ ប៉ុន្តែវាក៏សំខាន់ណាស់ដែរសម្រាប់ទីក្រុងម៉ានីល ក្នុងការបង្កើតបណ្តុំយុទ្ធសាស្ត្រដើម្បីកែលម្អភាពបត់បែនផ្នែកនយោបាយរបស់ខ្លួននៅចំពេលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ដែលកំពុងតែកើតឡើង។

ចំណែកលោក ឆេស្ទឺ ខាបាល់ហ្សា (Chester Cabalza) ស្ថាបនិកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងសន្តិសុខអន្តរជាតិ ដែលជាក្រុមវិភាគមួយនៅទីក្រុងម៉ានីល​ បានប្រាប់សារព័ត៌មាននីកេអេស៊ាថា ហ្វីលីពីន គួរតែបង្កើនគម្រោងសាងសង់នៅកន្លែង៤ទៀត ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិដែលស្រាប់ ដើម្បីបង្កើតរបាំងឱ្យរឹងមាំក្នុងការទប់ស្កាត់សកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង។

អ្នកវិភាគរូបនេះបានបន្ថែមថា ទីក្រុងប៉េកាំង កាន់តែបង្កើនការក្ដោបក្តាប់អំណាចរបស់ខ្លួនលើទីក្រុងម៉ានីល បើទោះជាមានការខិតខំប្រឹងប្រែង ដើម្បីគាំទ្រការទូតដោយសន្តិភាពនៅក្នុងតំបន់ក៏ដោយ ខណៈដែលទីក្រុងម៉ានីលនឹងអះអាងពីអធិបតេយ្យភាពរបស់ខ្លួនកាន់តែខ្លាំងឡើងដែរ នៅសមុទ្រហ្វីលីពីនខាង​លិច ហើយឥឡូវនេះប្រទេសដែលមានគំនិតដូចគ្នាបានបង្កើនភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំជាមួយនឹងហ្វីលីពីនកាន់តែខ្លាំងឡើងផងដែរ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភបាតុភាពដែលបង្កឡើងអ្នកដឹកជញ្ជូនធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមកម្ពុជា

ព័ត៌មាន
ហេតុការណ៍អ្នករកតាក់ស៊ីយកទូរសព្ទថតភ្ញៀវទេសចរបរទេសដោយសារខឹងភ្ញៀវមិនប្រើប្រាស់សេវាកម្មរបស់ខ្លួន នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ កំពុង…

អ៊ីស្រាអែលប្រុងជើងការ និងកំពុងរៀបចំយុទ្ធសាស្រ្តកងទ័ពជើងគោកចូលវាយហ្គាហ្សា

ព័ត៌មាន
កងទ័ពអ៊ីស្រាអែល បានបន្តបើកការប្រហារដោយការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សា ខណៈដែលយន្តហោះចម្បាំងបានបើកប្រតិបត្តិការយោធានៅភាគខាងត្បូងលីបង់។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ