ក្រុមប្រឹក្សាសន្តិភាព

លោក ដូណាល់ ត្រាំ ចង់ឱ្យប្រទេសនានា បង់វិភាគទាន១ពាន់លានដុល្លារ សម្រាប់កៅអីអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិភាព


ប្រធានាធបិតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលកំពុងក្ដាប់អំណាចជាន់ផ្អៀងពិភពលោក បានដាក់ចេញនូវលក្ខខណ្ឌថ្មីមួយ ដោយតម្រូវឱ្យប្រទេសនានា ដែលចង់បានអាសនៈអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិភាព (Board of Peace ) ត្រូវបង់ប្រាក់វិភាគទានចំនួន១ពាន់លានដុល្លារ។ បើតាមសេចក្តីធម្មនុញ្ញថ្មី វិភាគទាននេះ នឹងត្រូវយកទៅប្រើប្រាស់នៅក្នុងបេសកកម្មកសាងតំបន់ហ្គាហ្សាឡើងវិញ។
ក្រុមប្រឹក្សាសន្តិភាព
ដោយ

ក្រុមប្រឹក្សាសន្តិភាពអចិន្ត្រៃយ៍នេះ ជាស្ថាប័នអន្តរជាតិមួយ ដែលត្រូវបានគាំទ្រដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស។

លោកដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងអង្គុយលើកៅអីប្រធានក្រុមប្រឹក្សាសន្តិភាព ដែលមានអំណាចក្នុងការជ្រើសរើសសមាជិក និងមានសិទ្ធិអនុម័តលើការសម្រេចចុងក្រោយនានា បើទោះបីជាការសម្រេចចិត្តអាស្រ័យលើសំឡេងភាគច្រើនក៏ដោយ។ បើយោងតាមធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព រដ្ឋជាសមាជិក មានអាណត្តិ៣ឆ្នាំ។ ប៉ុន្ដែ បើចង់បានអាសនៈអចិន្ត្រៃយ៍នៅក្រុមប្រឹក្សានេះ តម្រូវឱ្យប្រទេសនានា បង់វិភាគទាន១ពាន់លានដុល្លារនៅអំឡុងឆ្នាំដំបូង​។

មន្ត្រីអាម៉េរិកម្នាក់បានប្រាប់សារព័ត៌មាន CNBC ថា ការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពមិនមានការបង់ប្រាក់ទេ ប៉ុន្តែការចូលរួមវិភាគទាន​១ពាន់លានដុល្លារនេះ នឹងទទួលបានឋានៈជាសមាជិកអចិន្ត្រៃយ៍។ ភារកិច្ចរបស់ក្រុមប្រឹក្សានេះ គឺកសាងតំបន់ហ្គាហ្សាទាំងមូលឡើងវិញ ហើយថវិកាដែលទទួលបានពីការបង់ថ្លៃសមាជិកភាពអចិន្ត្រៃយ៍ នឹងត្រូវចំណាយលើភារកិច្ចនេះ។

បច្ចុប្បន្នលោក ដូណាល់ ត្រាំ បានអញ្ជើញមេដឹកនាំពិភពលោកមួយចំនួនដូចជា លោកនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខារនី (Mark Carney) និងប្រធានាធិបតីអាហ្សង់ទីនលោក ហ្សាវីយ៉េ ម៉ៃលី (Javier Milei) ឱ្យចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព សម្រាប់តំបន់ហ្គាហ្សានេះរួចហើយ។ ជាមួយគ្នានេះ ប្រទេសជាច្រើនទៀតដូចជា ហុងគ្រី ឥណ្ឌា ហ្ស៊កដានី ក្រិក ស៊ីប និងប៉ាគីស្ថាន ក៏បានបញ្ជាក់ពីការចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពនេះដែរ។ បញ្ជីឈ្មោះប្រទេសជាសមាជិករបស់ក្រុមប្រឹក្សានេះត្រូវបានគេរំពឹងថា សហរដ្ឋអាម៉េរិកនឹងប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ៕

អត្ថបទៈ សួន ឡង់ទី​




អត្ថបទបន្ទាប់


អ្នកជំនាញស្នើឱ្យសាលាក្រុងភ្នំពេញ ប្រើកណ្តាប់ដៃដែកលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ និងចំណែកផ្លូវធ្វើអាជីវកម្មទូទាំងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញ កំពុងដុតដៃដុតជើងអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចើមផ្លូវតាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំ…

អឺរ៉ុប កំពុងពិចារណាដាក់ពន្ធ១០៨ពាន់លានដុល្លារលើទំនិញអាម៉េរិក ដើម្បីឆ្លើយតបនឹងការគំរាមរបស់លោក ត្រាំ

ក្រុមមេដឹកនាំសហភាពអឺរ៉ុបនឹងកោះប្រជុំបន្ទាន់មួយនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការគំរាមកំហែងពន្ធគយថ្មីពីសំណាក់ប្រធានាធិបតីអាម៉េរិក លោក …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ