តម្លៃនៃស្នើសុំប្រលងយកប័ណ្ណបើកបររថយន្តក្នុងប្រទេសវៀតណាម ដែលកំពុងមានវិបត្តិចរាចរណ៍ដ៏ចង្អៀតនោះ បានកើនឡើងជិតទ្វេដងធៀបនឹងឆ្នាំមុនរហូតដល់ប្រមាណជា៨០០ដុល្លារអាម៉េរិក ឯណោះ។
សារព័ត៌មាន VN Express បានរាយការណ៍ថា ដើម្បីអាចទទួលបានសិទ្ធិបើកបររថយន្តនៅលើផ្លូវនានាក្នុងប្រទេសវៀតណាម គឺដាច់ខាតត្រូវតែមានប័ណ្ណបើកបរ ប៉ុន្តែការស្នើសុំប្រលងយកប័ណ្ណបើកបរនៅប្រទេសសង្គមនិយមមួយនេះ គឺអ្នកបើកបរត្រូវតែបង់ថ្លៃប័ណ្ណបើកបររហូតដល់ទៅ៧៣០ដុល្លារអាម៉េរិក សម្រាប់ប័ណ្ណប្រភេទ B1 និង៨០០ដុល្លារអាម៉េរិក សម្រាប់ប័ណ្ណប្រភេទ B2។
ប្រភពដដែលបានបន្តថា សម្រាប់ប័ណ្ណបើកបរ B1 មានសិទ្ធិប្រើប្រាស់សម្រាប់ការបើកបរចាប់ពីរថយន្តដែលមានកៅអីយ៉ាងច្រើន៩ ហើយទម្ងន់វិញមិនលើសពី៣,៥តោន ខណៈដែលប័ណ្ណបើកបរប្រភេទ B2 គឺជាប័ណ្ណបើកបរសម្រាប់រថយន្តដែលមានគោលបំណងពិសេស។
ក្រៅពីនោះ អ្នកដែលចង់បើកបរក៏ត្រូវតែត្រៀមចំណាយប្រាក់មួយចំនួនបន្ថែមទៀតផងដែរលើការពិនិត្យកាយសម្បទា ថ្លៃរៀបចំប្រលងទឹ្រស្តី និងសេវាកម្មបន្ថែមផ្សេងៗទៀត។
តម្លៃនៃការស្នើសុំប្រលងយកប័ណ្ណបើកបរនៅវៀតណាម មិនមែនដូចគ្នាទាំងអស់គ្នានោះទេ ដោយជាក់ស្ដែងដូចនៅក្រុងហូជីមិញ ជាដើមគឺតម្លៃនៃការស្នើសុំប្រលងយកប័ណ្ណបើកបរមានតម្លៃដល់ទៅប្រមាណជាង១.២០០ដុល្លារអាម៉េរិក ឯណោះ ហើយដោយឡែកប័ណ្ណបើកបរម៉ូតូវិញគឺមានតម្លៃពី២០ដុល្លារ ទៅជាង៨០ដុល្លារ។
តម្លៃនៃការស្នើសុំប្រលងយកប័ណ្ណបើកបរនៅវៀតណាម ថ្លៃជាងនៅកម្ពុជា ដូចមេឃ និងដី
ខណៈការដាក់ពាក្យស្នើសុំប្រលងយកប័ណ្ណបើកបរនៅកម្ពុជា មានតម្លៃយ៉ាងច្រើនអស់១០ម៉ឺនរៀល ឬប្រមាណជា២៥ដុល្លារ ប៉ុណ្ណោះ ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា តម្លៃនៃការធ្វើប័ណ្ណបើកបរនៅកម្ពុជា លើប័ណ្ណបើកបរប្រភេទ “ក” មានតម្លៃ ៣ម៉ឺនរៀល, ប័ណ្ណប្រភេទ “ខ” មានតម្លៃ ៩ម៉ឺនរៀល, ប័ណ្ណប្រភេទ “គ” និង “ ឃ “ មានតម្លៃ ៩ម៉ឺន៥ពាន់រៀល, ហើយប័ណ្ណប្រភេទ “ង” មានតម្លៃ ១០ម៉ឺនរៀល ប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ