ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកដែលមានឈ្មោះថា អាហ្ស៊ីហ្ស៊ី ឌឹវេឡុបមិន (Azizi Developments) បានប្រកាសបើកការដ្ឋានសាងសង់អគារកប់ពពកថ្មី បឺច អាហ្ស៊ីហ្ស៊ី (Burj Azizi) តម្លៃ ១,៥ពាន់លានដុល្លារអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខនៅក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលនឹងក្លាយជាអគារកប់ពពកខ្ពស់បំផុតទី២ របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន អាគីណិក ញូស (Archinect News)។
ស្ថាបត្យករដែលជាអ្នកគូរប្លង់អគារនេះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ហើយក៏មិនទាន់មានការបញ្ជាក់ពីកម្ពស់សរុបចុងក្រោយជាផ្លូវការនៅឡើយដែរ ដោយគ្រាន់តែបញ្ជាក់ថា អគារនេះមាន ១២២ជាន់ ដែលនឹងក្លាយជាអគារពហុបំណងរួមមានទាំងផ្សារទំនើប លំនៅឋានប្រណីត និងកន្លែងគយគន់ទេសភាពផងដែរ។
អគារកប់ពពកថ្មីនេះ នឹងត្រូវសាងសង់នៅតាមបណ្ដោយផ្លូវ ស្សេក ហ្សាយេដ (Sheikh Zayed Road) ក្នុងក្រុងឌូបៃ ដែលនៅមិនឆ្ងាយប៉ុន្មានឡើយពីអគារខ្ពស់បំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ន បឺច ខាលីហ្វា (Burj Khalifa) ហើយវត្តមាននៃអគារកប់ពពកថ្មីនេះនឹងធ្វើឱ្យក្រុងឌូបៃ កាន់តែល្បីល្បាញ និងជោគជ័យបន្ថែមទៀត។
លោក មឺវ៉ាអ៊ីស អាហ្ស៊ីហ្ស៊ី (Mirwais Azizi) ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ អាហ្ស៊ីហ្ស៊ី ឌឹវេឡុបមិន (Azizi Developments) លើកឡើងថា អគារកប់ពពកថ្មីនេះនឹងក្លាយជាកេរដំណែលដ៏អស្ចារ្យ ហើយវានឹងក្លាយជាអគារកប់ពពកខ្ពស់បំផុតទី២ របស់ពិភពលោក។
យោងតាមផែនការ អគារកប់ពពកថ្មី បឺច អាហ្ស៊ីហ្ស៊ី (Burj Azizi) គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅត្រឹមដំណាច់ឆ្នាំ២០២៨៕
ដោយ: តែម សុខុម