សារព័ត៌មាន

ទស្សនៈ​ចំពោះ​វិស័យ​សារព័ត៌មាន​កម្ពុជា​នៅ​ឆ្នាំ​២០១៦


ជិត​ដាច់​ឆ្នាំ​២០១៦ ចូល​ឆ្នាំ​២០១៧​ហើយ យើង​សូម​នាំ​ចំណាប់​អារម្មណ៍​លោក​អ្នក​ទៅ​មើល​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា។ តើ​មន្ត្រី​រដ្ឋាភិបាល​និយាយ​អ្វី​ខ្លះ អំពី​វិស័យ​ព័ត៌មាន នៅ​កម្ពុជា ?
អ្នក​អាន​កាសែត​នៅ​កម្ពុជា

លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លើក​ឡើង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​១៥ នៃ​ការ​បង្កើត​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​សារ​គមនាគមន៍ នា​រសៀល​ថ្ងៃ​ទី​២០ ខែ​ធ្នូ ថា៖ «សារព័ត៌មាន​ជា​កាំបិត​មុខ​ពីរ ធ្វើ​ឱ្យ​ខ្ទេច​ខ្ទី​ក៏​បាន ធ្វើ​ឱ្យ​ចម្រើន​ក៏​បាន បើ​យើង​ចេះ​ប្រើប្រាស់​ដើម្បី​កសាង​ជាតិ​ឱ្យ​រីក​ចម្រើន​រុង​រឿង​នោះ ខ្ញុំ​សុំ​លើក​ទឹក​ចិត្ត ហើយ​កុំ​ប្រើ​ប្រាស់​ព័ត៌មាន ដើម្បី​វាយ​ប្រហារ​គ្នា​លើ​ហ្វេសប៊ុក ជេរ​គ្នា ប្រើ​ពាក្យ​អសុរស ធ្វើ​ឱ្យ​សង្គម​ជាតិ​យើង​បែក​បាក់​គ្នា»។

សារព័ត៌មាន​ជា​កាំបិត​មុខ​ពីរ ធ្វើ​ឲ្យ​ខ្ទេចខ្ទី​ក៏បាន ធ្វើ​ឲ្យ​ចម្រើន​ក៏បាន
— រដ្ឋមន្ត្រី​អប់រំ ហង់ ជួន​ណារ៉ុន

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លើក​ឡើង​នៅ​ថ្ងៃ​ទី​២០ ធ្នូ ដែរ ថា ៖ «ការ​អភិវឌ្ឍ​វិស័យ​សារព័ត៌មាន ប្រៀប​ដូច​ជា​ក្រដាស​លុយ​មួយ​សន្លឹក ដែល​ត្រូវ​មាន​រូប​ទាំង​សង​ខាង ទើប​អាច​ចាយ​បាន។ យ៉ាង​ណា សារព័ត៌មាន ក៏​ដូច្នេះ​ដែរ មាន​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ប៉ុន្តែ យ៉ាង​ណា​ធ្វើ​ឱ្យ​ភាព​អវិជ្ជមាន​កាន់​តែ​ថយ ហើយ​ភាព​វិជ្ជមាន​កាន់​តែ​កើន​ឡើង សំខាន់​គឺ​ការ​យល់ដឹង​របស់​មហាជន​ច្រើន​ជាង»។ ហើយ​ថា៖ «សេរីភាព​នៃ​បណ្តាញ​សង្គម​នៅ​កម្ពុជា មិន​ត្រូវ​បាន​រឹត​ត្បិត​ឬ​បិទ​ចោល ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​នោះ​ទេ នៅ​ថៃ​គេ​បិទ​រាប់​ម៉ឺន account នៅ​មាន​រឿង​រ៉ាវ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត តែ​យើង យើង​ទុក គឺ​រក្សា​ឯករាជ្យ​ភាព​នៃ​ការ​បញ្ចេញ​មតិ»។

កាល​ណា​យើង​ចោល​ក្រម​សីលធម៌ អ្នក​កាសែត​យើង​បាត់​បង់​តម្លៃ​ខ្លួន​ឯង​ហើយ
— លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ព័ត៌មាន

នៅ​ក្នុង​វេទិកា​តុមូល ស្តីពី «ការ​ប្រៀប​ធៀប​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​អាស៊ាន ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦ លោក​រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ថ្លែងថា ៖ «កម្រិត​វិជ្ជាជីវៈ​អ្នក​កាសែត​យើង​គ្រាន់​បើ​ហើយ មិន​ចាញ់​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទេ ដោយ​ការ​យក​ព័ត៌មាន​របស់​យើង​ល្អ​ហើយ តែ​យើង​នៅ​មាន​ចំណុច​ខ្សោយ​ខ្លះ​នោះ គឺ​ចំណុច​វិភាគ​ព័ត៌មាន​ពី​សា្ថនការណ៍ ឬ​ស្ថាន​ភាព​តំបន់​នៅ​មាន​តិច ព្រោះ​អ្នក​កាសែត​កម្ពុជា​យើង ការ​អាន ការ​រៀន​មើល គឺ​តិច​ណាស់ អ៊ីចឹង​ការ​រៀន​មើល​ទស្សនាវដ្ដី និង​កាសែត​ស្រុក​គេ ជា​អន្ដរជាតិ គឺ​ជា​ផ្នែក​ដ៏​សំខាន់ ដើម្បី​មាន​ភាព​ចាស់​ទុំ ក្នុង​ការ​សរសេរ​រឿង និង​វិភាគ​ពី​ស្ថាន​ការណ៍ នៅ​ក្នុង​តំបន់»។

លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​មាន​ប្រសាសន៍ ក្នុង​វេទិកា​និពន្ធ​នាយក​ស្តីពី​ការ​ចូលរួម​ចំណែក​របស់​វិស័យ​សារព័ត៌មាន ដើម្បី​លើក​កម្ពស់​ការ​ការពារ​បរិស្ថាន នា​ថ្ងៃ​ទី​៦ តុលា ២០១៦ ថា៖ «អ្នក​សារ​ព័ត៌មាន គឺ​ជា​កញ្ចក់​ដែល​បាន​ឆ្លុះ​បញ្ចាំង​នូវ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ កម្ពុជា ដែល​កំពុង​អនុវត្ត​នូវ​រឿង​ជាក់​ស្តែង​ផ្ទាល់​តែ​ម្តង ដែល​កំពុង​តែ​កើត​ឡើង នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន។ ការ​ឆ្លុះ​បញ្ចាំង​ពី​អ្នក​សារព័ត៌មាន បាន​ធ្វើ​ឲ្យ​មាន​ការ​កែ​ប្រែ នូវ​គោល​នយោបាយ​មួយ​ចំនួន»។

លោក ខៀវ កាញារីទ្ធ ថ្លែង​នៅ​ឯ​ពិធី​បិទ​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​«កម្មវិធី Windows និង Java» នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦ ថា ៖ «កម្ពុជា​យើង​ត្រូវ​បាន​គេ​សរសើរ អំពី​សេរីភាព​នៃ​សារព័ត៌មាន ប៉ុន្តែ ប្រទេស​មួយ​ចំនួន គេ​បាន​វាយ​តម្លៃ​យើង ពី​រឿង​គុណធម៌ និង​សីលធម៌​របស់​កាសែត​យើង​ទៅ​វិញ។ និយាយ​រួម អ្នក​សារព័ត៌មាន​កម្ពុជា​យើង មាន​វិជ្ជាជីវៈ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ពេល​ខ្លះ ដោយសារ​យើង​ដណ្តើម​ម៉ូយ ឬ​អតិថិជន​គ្នា ដូច្នេះ ហើយ​ខិត​ខំ​រក​រូប ឬ អ្វី​ដែល​ជា​ការ​កន្ត្រាក់​អារម្មណ៍ ដើម្បី​ឲ្យ​គេ​មើល ដែល​នេះ​ជា​ការ​ដេញ​តាម​ទីផ្សារ ធ្វើ​ឲ្យ​អ្នក​កាសែត​យើង​ខ្លះ​ទុក​ក្រម​សីលធម៌​ទៅ​មួយ​ចំហៀង។ ដូច្នេះ សំខាន់​គឺ​ចង់​ឲ្យ​អ្នក​សារព័ត៌មាន​យល់​ពី​សារ​សំខាន់​នៃ​ក្រម​សីលធម៌ ពីព្រោះ​ថា ក្រម​សីលធម៌​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​លក្ខន្តិកៈ សង្គម​អ្នក​សារព័ត៌មាន​យើង​មាន​តម្លៃ កាល​ណា យើង​ចោល​ក្រម​សីលធម៌​ហើយ គឺ​អ្នក​កាសែត បាត់​បង់​តម្លៃ​របស់​ខ្លួន​ហើយ»។

តាមរបាយ​ការណ៍​ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Border) តាំង​នៅ​ប្រទេស​បារាំង ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ អ្នក​សារព័ត៌មាន​នៅ​ទូទាំង​ពិភព​លោក​បាន​ស្លាប់ ក្នុង​ពេល​បំពេញ​ការងារ មាន​ចំនួន​៧៤​នាក់។ ក្នុង​នោះ​ពុំ​មាន​អ្នក​កាសែត​កម្ពុជា​ទេ ហើយ​ភាគ​ច្រើន ជា​អ្នក​កាសែត​នៅ​បណ្តា​ប្រទេស​កំពុង​ហែក​ហួរ​ដោយ​សង្គ្រាម​មាន ស៊ីរី  អ៊ីរ៉ាក់ លីប៊ី និង​អាហ្វហ្គានីស្ថាន ជា​ដើម។

លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន មើល​ឃើញ​ថា តួលេខ​អ្នក​សារព័ត៌មាន​ដែល​ស្លាប់​នៅ​លើ​ពិភព​លោក អាច​មក​ពី​អ្នក​សារព័ត៌មាន​ទាំង​នោះ ស្ថិត​ក្នុង​បណ្តា​ប្រទេស​ដែល​មាន​សង្គ្រាម ហើយ​ខុស​ពី​បរិបទ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ហើយ​ថា ការ​ដែល​កម្ពុជា​គ្មាន​អ្នក​សារព័ត៌មាន​ស្លាប់ ក្នុង​ពេល​បំពេញ​ការងារ នៅ​ឆ្នាំ​២០១៦​នេះ ក៏​ដោយសារ​តែ​ពួក​គាត់​មាន​ការ​យល់​ដឹង​ច្រើន ពី​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន៕




អត្ថបទបន្ទាប់


តើ​សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​បញ្ហា​អ្វី​ខ្លះ ក្នុង​ឆ្នាំ​២០១៧​នេះ ?

ព័ត៌មាន
សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​អាច​នឹង​ជួប​នូវ​ហានិភ័យ​​ចម្បងៗ​ចំនួន​៥ ដែល​នឹង​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ស្រុត​ចុះ​នៅ​ក្នុង​ឆ្នាំ​២០១៧​ខាង​មុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ