វិស័យសេដ្ឋកិច្ច

អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានភាពធន់ ទោះរងសម្ពាធពីសង្គ្រាម និងវិបត្តិខាងក្រៅ


ថ្វីត្បិតតែឆ្នាំ២០២៥ ជាឆ្នាំមួយដែលប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហាប្រឈមជាច្រើនរាប់ចាប់តាំងពីភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល ភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងបញ្ហាសង្រ្គាមនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ យ៉ាងណាក្តី ប៉ុន្តែក្រុមអ្នកជំនាញសេដ្ឋកិច្ចកម្ពុជា បានវាយតម្លៃថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៥ នៅតែរក្សាបានកំណើនវិជ្ជមាន មានស្ថិរភាព និងភាពធន់។
វិស័យសេដ្ឋកិច្ច
ដោយ

យ៉ាងណាមិញក្រុមអ្នកជំនាញសេដ្ឋកិច្ចជឿជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តមានភាពរីកចម្រើនបន្ថែមនៅឆ្នាំ២០២៦ នេះ បើទោះបីស្ថានភាពពិភពលោកកំពុងរងសម្ពាធពីការបាត់បង់សណ្តាប់ធ្នាប់ពិភពលោកក៏ដោយ។ សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ជាង ៥% ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ទោះបីឆ្នាំ២០២៥ កម្ពុជា ជួបវិបត្តិសង្គ្រាមជាមួយថៃ ហើយការធ្វើពាណិជ្ជកម្មឆ្លងដែនមានការថមថយ តែសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានកំណើនវិជ្ជមាន តាមរយៈកំណើននាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ តែយ៉ាងណាអ្នកជំនាញរូបនេះបានអះអាងថា ការបែងចែកចំណូលក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ហាក់មានភាពមិនស្នើគ្នានៅឡើយ ខណៈវិស័យមួយចំនួនដូចជាកសិកម្ម និងការលក់រាយបានរងផលប៉ះពាល់ច្រើនដោយសារបញ្ហាសង្រ្គាមកម្ពុជា-ថៃ។ អ្នកជំនាញរូបនេះបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៦ ទំនងជាមិនមានការប្រែប្រួលនោះទេ បើធៀបនឹងឆ្នាំ២០២៥ បើទោះបីបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា និងរងសម្ពាធពីការបាត់បង់សណ្តាប់ធ្នាប់ពិភពលោកក៏ដោយ​។ អ្នកជំនាញរូបនេះយល់ថា ក្នុងកាលៈទេសៈនេះរាជរដ្ឋាភិបាលត្រូវបន្តជំរុញការគាំទ្រ និងលើកទឹកចិត្តបន្ថែមឱ្យបានខ្ពស់ដល់ផលិតកម្មក្នុងស្រុក និងកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ក្រោយរងការខូចខាតដោយសារសង្រ្គាមឈ្លានពានរបស់ថៃ។

​​ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចបានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែបន្តមានការរីកចម្រើនប្រកបដោយស្ថិរភាពនៅឆ្នាំ២០២៥ កន្លងទៅនេះ ដែលភាគច្រើនត្រូវបានគាំទ្រដោយវិស័យឧស្សាហកម្មកែច្នៃសម្រាប់នាំចេញ វិស័យសេវាកម្ម និងកសិកម្ម បើទោះបីកម្ពុជា បានជួបបញ្ហាប្រឈមជាច្រើនទាំងខាងក្រៅ និងខាងក្នុងក៏ដោយ។ អ្នកជំនាញរូបនេះបានចាត់ទុកការទទួលបានគម្រោងវិនិយោគថ្មីៗយ៉ាងច្រើននៅក្នុងឆ្នាំ២០២៥ វាបានសបញ្ជាក់ឱ្យឃើញពីទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគនៅកម្ពុជា ។

​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានវាយតម្លៃថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៥ នៅតែរក្សាបានភាពធន់ និងការរីកចម្រើនរបស់ខ្លួន បើទោះបីជាកំណើនផលិតផលក្នុងស្រុកសរុបនៅឆ្នាំ២០២៥ មានកម្រិតទាបជាងឆ្នាំ២០២៤ យ៉ាងណាក្តី។ ការវាយតម្លៃបែបនេះក៏ដោយសារអត្រាអតិផរណា​ក្នុងឆ្នាំ២០២៥ នៅតែរក្សាបានក្នុងកម្រិតទាប ហើយកម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីច្រើនរហូតដល់ប្រមាណ៦៣០គម្រោងជាមួយទុនប្រមាណ១០ពាន់លានដុល្លារ ។

​គួរជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី ៦,១% មកនៅត្រឹម៤,៩% សម្រាប់ឆ្នាំ២០២៥ និងពី ៦,២% មកនៅត្រឹម៥%សម្រាប់ឆ្នាំ២០២៦ ដែលនេះបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ និងភាពមិនច្បាស់លាស់ជុំវិញទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក ដោយសារពន្ធគយបដិការរបស់អាម៉េរិក។ អតិផរណារបស់កម្ពុជាត្រូវបានរំពឹងថា នឹងមានជាមធ្យមប្រមាណ២% ទាំងនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦៕




អត្ថបទបន្ទាប់


តើវិស័យទេសចរណ៍កម្ពុជា បានជួបព្យុះភ្លៀងអ្វីខ្លះនៅឆ្នាំ២០២៥ ហើយអ្វីដែលនៅតែជាបញ្ហាប្រឈមសម្រាប់ឆ្នាំនេះ?

ចំនួនភ្ញៀវទេសចរបរទេសមកលេងកម្សាន្តនៅកម្ពុជា នៅមួយរយៈចុងក្រោយនេះហាក់មានការថយចុះ បើធៀបនឹងឆ្នាំ២០២៤។ ជាក់ស្ដែងនៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥…

ចិន កំពុងព្រួយបារម្ភខ្លាំងពីការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ធ្វើឱ្យប៉ះពាល់ដល់បំណុល១០០ពាន់លានដុល្លារដែលវេណេស៊ុយអេឡាជំពាក់ខ្លួន

មហាយក្សចិន កំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ផលប្រយោជន៍ដ៏មហាសាលរបស់ខ្លួនទាំងផលប្រយោជន៍នយោបាយ និងសេដ្ឋកិច្ចនៅប្រទេសវេណេស៊ុយអេឡា ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ