ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការអប់រំ និងការបណ្ដុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងមួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការកសាងប្រទេសជាតិមួយខ្លាំង តម្រូវឱ្យមានពលរដ្ឋខ្លាំងពូកែ ។
ការថ្លែងបែបនេះរបស់ឯកឧត្តម វង្សី វិស្សុត ធ្វើឡើងក្នុងឱកាសឯកឧត្តម បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពិស្សិ៍ ស្ថិតក្នុងភូមិពិស្សិ៍ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដែលនេះ ជាវិភាគទាន ដោយសុទ្ធចិត្ត និងដោយស្មោះស្ម័គ្ររបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និង ក្រុមគ្រួសារផ្ទាល់។ នៅក្នុងពិធីសម្ពោធនេះដែរ ក៏មានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការខេត្តកំពង់ស្ពឺ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សមានទិសដៅធំពីរ គឺទី១, ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សឱ្យមានចំណេះដឹង មានវិន័យ និងសីលធម៌នៃការរស់នៅល្អ និងមានការងារល្អទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ជីវភាពខ្លួនឯង និងគ្រួសារ និងទី២ មនុស្សគឺជាមធ្យោបាយ, ជាកម្លាំង ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ច និង ការពារជាតិឲ្យបានគង់វង្ស។ សម្រាប់ឯកឧត្តម វង្សី វិស្សុត សាលាមួយអាចបណ្តុះបណ្តាលសិស្សឱ្យមានគុណភាពល្អ គឺអាស្រ័យលើអ្នកបង្រៀន លើអ្នករៀន លើកម្មវិធីសិក្សា លើការគ្រប់គ្រងសាលា ជាពិសេសអ្វីដែលសំខាន់នោះ គឺនាយកសាលាតែម្តង។ ត្រង់ចំណុចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពាំនាំនូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺជំរុញឱ្យខេត្តនីមួយៗត្រូវយកចិត្តទុកដាក់ និងមានការគិតគូឱ្យបានខ្ពស់ ក្នុងការគ្រប់គ្រងសាលា និងការជ្រើសរើសនាយកសាលា។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្ថែមថា ក្នុងគោលដៅលើកកម្ពស់គុណភាពអប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារៀនរដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានចេញនូវវិធានការគន្លឹះចំនួន៤ រួមមាន ការពង្រឹងអភិបាលកិច្ចសាលារៀន, ការពិនិត្យ កែសម្រួល និងរៀបចំឡើងវិញនូវកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក្នុងការពង្រឹង និងពង្រីកចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស, ការបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពសិស្សតាមរយៈការអនុវត្តកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និងការជំរុញ និងលើកទឹកចិត្តដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការចូលរួមការងារអប់រំសិស្ស ក្រោមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីការអប់រំ។
ដោយឡែកចំពោះខេត្តកំពង់ស្ពឺ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានធ្វើការកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ ក្រោមដំបូលសន្តិភាព ខេត្តនេះបានផ្លាស់ប្តូរមុខមាត់គួរឱ្យកត់សម្គាល់ទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាក់ស្តែងនៅមួយរយៈចុងក្រោយនេះ វិស័យឧស្សាហកម្មក្នុងខេត្តនេះមានការរីកដុះដាលយ៉ាងខ្លាំង ដែលបានជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តនេះមានភាពល្អប្រសើរជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ទៀតថា ពីមុនមកខេត្តកំពង់ស្ពឺ តែងត្រូវគេចាត់ទុកជាខេត្តក្រីក្រមួយ ដែលអាស្រ័យតែលើការងារធ្វើស្រែប៉ុណ្ណោះ តែរយៈពេល២៥ឆ្នាំចុងក្រោយនេះ ខេត្តកំពង់ស្ពឺ មានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសលើវិស័យឧស្សាហកម្មតែម្តង។ បច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រឧស្សាហកម្មសរុបជាង៣០០រោងចក្រ ដោយបានផ្តល់ការងារជូនប្រជាពលរដ្ឋប្រមាណ១៧ម៉ឺននាក់។ ដោយឡែក ឃុំអមលាំង ស្រុកថ្ពងនេះ បានក្លាយទៅជាមូលដ្ឋានកសិកម្ម ឧស្សាហកម្មដ៏ធំមួយរបស់ខេត្ត ហើយនៅមានសក្តានុពលធំធេងទៀត ក្នុងការពង្រីកកាន់តែធំថែមទៀត។ ការរីកចម្រើននាពេលបច្ចុប្បន្ននេះ គួបផ្សំនិងស្ថានភាពភូមិសាស្ត្រអំណោយផលនៃខេត្តនេះ ដែលនៅចន្លោះ រាជធានីភ្នំពេញ និង តំបន់ឆ្នេរ សមុទ្រ ដែលអាចចង្អុលពីអនាគត ប្រកបដោយវិបុលភាពរបស់ខេត្តកំពង់ស្ពឺ ស្របនឹងដំណើររបស់ប្រទេសកម្ពុជាទាំងមូល ឆ្ពោះទៅរកការក្លាយខ្លួនជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
យ៉ាងណាក៏ដោយ ឯកឧត្តម វង្សី វិស្សុត អះអាងថា ការសម្រេចបានសមិទ្ធផលធំៗ និងការរីកចម្រើនស្ទើរគ្រប់វិស័យរបស់កម្ពុជា គឺកើតចេញពីសុខសន្តិភាព ដែលរកបានដោយលំបាកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់ឯកឧត្តម វង្សី វិស្សុត សន្តិភាពនិងការអភិវឌ្ឍន៍ត្រូវតែដើរទន្ទឹមគ្នា ពោលគឺសន្តិភាពដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីសន្តិភាព។ កត្តានេះហើយទើបជំរុញឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតឱ្យមានទិវាសន្តិភាព ដើម្បីឱ្យដិតជាប់នៅក្នុងស្មារតីរបស់បងប្អូន កូនចៅ ក្មួយៗទាំងអស់គ្នាអំពីតម្លៃនិងភាពចាំបាច់នៃសន្តិភាព៕