យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាការងារអាទិភាព ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងចំណោមការងារអាទិភាពសំខាន់ៗជាច្រើនទៀត។
លោក លី សូដេត អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំកម្ពុជា បានចាត់ទុកវិស័យ គឺជាឧបសគ្គដ៏ធំមួយសម្រាប់កម្ពុជា ក្នុងការឈានទៅសម្រេចគោលដៅប្រែក្លាយជាប្រទេសអ្នកមាននៅក្នុងឆ្នាំ២០៥០ ដ្បិតវិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះ និងជាសសរស្តម្ភយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់ផែនការនេះ។ អ្នកជំនាញរូបនេះជឿជាក់ថា ប្រសិនបើកម្ពុជា អាចពង្រឹងគុណភាពអប់រំឱ្យខ្លាំងដូចបណ្ដាប្រទេសក្នុងតំបន់នោះ កម្ពុជានឹងមានសង្ឃឹមច្រើនក្នុងការឈានទៅសម្រេចគោលដៅប្រែក្លាយជាប្រទេសអ្នកមាននៅពេលខាងមុខ។
ពាក់ព័ន្ធនឹងផែនការយុទ្ធសាស្រ្តប្រែក្លាយកម្ពុជា ទៅជាប្រទេសអ្នកមាននៅក្នុងឆ្នាំ២០៥០នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនានេះថា កម្ពុជា បានវិវត្តដល់ដំណាក់កាលថ្មីមួយទៀត ដែលមានមហិច្ឆតា និងវិសាលភាពធំទូលាយជាងមុន សំដៅលើកកម្ពស់គុណភាពអប់រំប្រកបដោយសមធម៌ និងគុណភាពទាំងជំនាញរឹងនិងជំនាញទន់ ព្រមទាំងលើកកម្ពស់ការសិក្សាពេញមួយជីវិតនៅគ្រប់កម្រិតនៃការអប់រំ ដើម្បីរួមចំណែកដល់ការសម្រេចបានទស្សនវិស័យកម្ពុជាជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។
ដើម្បីជួយកម្ពុជាឈានទៅសម្រេចគោលដៅប្រែក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗបានប្រកាសផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ក្នុងទំហំទឹកប្រាក់ជាង១ពាន់២៦៣លានដុល្លារអាម៉េរិក តាមរយៈការអនុវត្តយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីសម្រាប់កម្ពុជា ចាប់ពីឆ្នាំ២០២៤-២០២៨។ ក្នុងចំណោមហិរញ្ញប្បទានទាំងនេះ គឺមានឥណទានសម្បទានក្នុងអត្រាការប្រាក់ទាប១ពាន់២៥១លានដុល្លារ និងជំនួយឥតសំណងប្រមាណ១១លានដុល្លារ។
ជាមួយគ្នានេះ ដើម្បីឈានទៅសម្រេចផែនការនៅឆ្នាំ២០៣០ និង២០៥០ រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ក្រោមគោលដៅដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ បើតាមការអះអាងរបស់សម្តេចធិបតី យុទ្ធសាស្រ្ដបញ្ចកោណនេះ បានប្រកាន់យកទស្សនវែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា៥ដំណាក់កាល ដើម្បីអាចឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយ ឈរលើបេសកកម្មជាប្រវត្តិសាស្រ្ដចម្បងចំនួនពីរ គឺថែរក្សា និងថែបំប៉នសុខសន្តិភាព៕