វិស័យធនាគារ

កំពូលមហាសេដ្ឋី អេឡិន ម៉ាស គាំទ្រឲ្យប្រធានាធិបតីអាម៉េរិក អាចលូកដៃចូលកិច្ចការធនាគារកណ្តាល


នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក អេឡិន ម៉ាស (Elon Musk) ដែលជាកំពូលមហាសេដ្ឋីរបស់អាម៉េរិក បានបង្ហាញការគាំទ្រជាចំហរដល់ទស្សនៈរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី ដូណាល់ ត្រាំ ដែលចង់មានសិទ្ធិធ្វើអន្តរាគមន៍លើគោលនយោបាយហិរញ្ញវត្ថុរបស់ធនាគារកណ្តាល។ ការអត្ថាធិប្បាយរបស់លោក ម៉ាស ធ្វើឡើងបន្ទាប់ពីលោក ជើរ៉ូម ផៅវែល (Jerome Powell) ប្រធានធនាគារកណ្តាលអាម៉េរិក បាននិយាយថា លោកនឹងមិនលាលែងពីតំណែងឡើយ បើទោះបីលោក ត្រាំ ស្នើឱ្យលោកធ្វើដូច្នេះក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់ CNBC។
វិស័យធនាគារ
ដោយ

នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកន្លងទៅនេះ លោក ដូណាល់ ត្រាំ ជារឿយៗបាននិយាយបញ្ឆិតបញ្ឆៀងជាច្រើនដងជុំវិញគំនិតដែលនឹងបើកដៃឲ្យលោក​អាចលូកដៃចូលទៅក្នុងគោលនយោបាយរបស់ធនាគារកណ្តាលអាម៉េរិក ប្រសិនបើលោកវិលមកកាន់សេតវិមានជាថ្មី ។ ក្រោយលទ្ធផលនៃការបោះឆ្នោតបានបង្ហាញមិនដល់៥ថ្ងៃផង កំពូលមហាសេដ្ឋី អេឡិន ម៉ាស ដែលជាអ្នកគាំទ្រលោក ត្រាំ បានចេញមកគាំទ្រចំពោះគំនិត ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាចធ្វើអន្តរាគមន៍លើគោលនយោបាយសេដ្ឋកិច្ចនេះ។ ជាមួយគ្នានេះ ព្រឹទ្ធសមាជិកអាម៉េរិក នៅរដ្ឋ យូតាស (Utah) លោក ម៉ាយ លី បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់លោក អេឡិន ម៉ាស ១០០%។

ពាក់ព័ន្ធបញ្ហានេះអ្នកវិភាគបានលើកឡើងថា ទោះបីជាខ្លឹមសារនៃការអត្ថាធិប្បាយរបស់លោក អេឡិន ម៉ាស នៅលើបណ្តាញសង្គមវាខ្លីក៏ពិតមែន តែជាសកម្មភាពឆ្លុះបញ្ចាំងពីយុទ្ធនាការដាក់សម្ពាធយ៉ាងទូលំទូលាយលើឯករាជ្យភាពរបស់ធនាគារកណ្តាល ដែលអាចមានរូបរាងនៅក្នុងរដ្ឋបាលថ្មីរបស់លោក ត្រាំ​។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក អេឡិន ម៉ាស ខាងលើធ្វើឡើងក្រោយលោក ជើរ៉ូម ផៅវែល បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា លោកនឹងមិនលាលែងពីមុខតំណែងឡើយ ប្រសិនបើលោកត្រាំ ស្នើឱ្យគាត់ធ្វើដូច្នេះ ហើយអះអាងថា លោក ត្រាំ គ្មានសិទ្ធិអំណាចអ្វីក្នុងបណ្តេញលោកចេញពីតំណែងនោះទេ។ ការចេញមកអះអាងបែបនេះ បានបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ចម្រូងចម្រាសរវាងប្រធានធនាគារកណ្តាលអាម៉េរិក និងប្រធានាធិបតីជាប់ឆ្នោតថ្មី។

បើផ្អែកលើប្រព័ន្ធដឹកនាំរបស់អាម៉េរិក ធនាគារកណ្តាល គឺមានឯករាជ្យភាពរបស់ខ្លួននៅក្នុងការធ្វើសេចក្តី សម្រេចចិត្តនានាពាក់ព័ន្ធនឹងគោលនយោបាយរូបិយវត្ថុ ក៏ដូចជាការបង្កើន ឬបន្ថយអត្រាការប្រាក់ ដោយផ្អែកលើសុខភាពនាពេលអនាគតនៃសេដ្ឋកិច្ចសហរដ្ឋអាម៉េរិក ប៉ុន្តែលោក ត្រាំ ដែលមានសាវតាជាអ្នកជំនួញបានលើកឡើងថា លោកមានបទពិសោធន៍ហើយអាចចាត់ការរឿងសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុបានល្អជាង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន ប្រកាសបញ្ចេញកញ្ចប់ថវិកា១,៤ទ្រីលានដុល្លារ ដើម្បីដោះស្រាយវិបត្តិបំណុលលាក់កំបាំងរបស់រដ្ឋបាលមូលដ្ឋាន

កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក បានប្រកាសបញ្ចេញកញ្ចប់ថវិកាដ៏មហាសាលរហូតដល់ទៅ១,៤ទ្រីលា…

នាយករដ្ឋមន្ត្រីសិង្ហបុរី ព្រួយបារម្ភពីការកើនឡើងជម្លោះពាណិជ្ជកម្ម ក្រោយលោក ត្រាំ វិលមកកាន់សេតវិមានជាថ្មី

នាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរ៉េន វង្ស (Lawrence Wong) បានថ្លែងដោយបើកចំហរដោយបានបង្ហាញពីការព្រួយបារម្ភរបស់លោកចំពោះភាពតានតឹងផ្នែកពាណិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ