រថយន្តអគ្គិសនី

រថយន្តអគ្គិសនីកំពុងវាយលុកទីផ្សារពិភពលោក


ការប្រើប្រាស់រថយន្តជាយានជំនិះប្រចាំថ្ងៃរបស់មនុស្សនៅទូទាំងពិភពលោកមានការកើនឡើងជាប្រចាំ។ ស្របពេលនៃការកើនឡើងចំនួននៃរថយន្តនេះ វាបានចោទជាក្តីព្រួយបារម្ភដល់បរិស្ថានជាខ្លាំង ដោយសារតែផ្សែងពុល ដែលកើតចេញពីចំហេះឥន្ធនៈនៃរថយន្ត។ ហេតុដូចនេះ ហើយទើបក្រុមហ៊ុននិងរោងចក្រផលិតរថយន្តជាច្រើនមកពីជុំវិញពិភពលោក បានងាកមកផលិតរថយន្តរបស់ខ្លួន ជាប្រភេទរថយន្តដែលដើរដោយថាមពលអគ្គិសនីវិញ។
ប្រភេទឡានដែលដំណើរការថាមពលអគ្គិសនី
ដោយ

ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើន ដែលគេ​សង្កេត​ឃើញថា បានទទួល​ជោគជ័យ និងពេញនិយម​ពីអ្នកប្រើប្រាស់នោះ គឺក្រុមហ៊ុន Tesla របស់​មហាសេដ្ឋី Elon Musk។ Tesla បង្កើតឡើង​ក្នុងឆ្នាំ២០០៣ និងផ្តើម​បញ្ចេញ​លក់​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួនម៉ូឌែល Tesla Roadster នៅឆ្នាំ២០០៨។ គិមកមដល់ពេលនេះ Tesla បញ្ចេញ​រថយន្ត​អគ្គិសនី បាន ៥ម៉ូឌែល​ហើយ រួមមាន Roadster, Model3, ModelS, ModelX និង ModelY។

កាលពីឆ្នាំ២០២០​កន្លង​ទៅថ្មីៗនេះ Tesla អាច​រកចំណូល​បាន ជាង​៨ពាន់​លាន​ដុល្លារ​អាមេរិក​ពីការលក់​រថយន្ត​អគ្គិសនី​របស់​ខ្លួន។ គួរជម្រាបជូនថា រថយន្ត​របស់ Tesla ទទួល​បានការពេញ​និយម​ពេញនិយមខ្លាំង នៅ​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​ប្រទេសចិន។

ស្របពេលដែល​តម្រូវការ​រថយន្ដអគ្គិសនីកើនឡើង ថ្មីៗនេះ សូម្បីតែក្រុមហ៊ុន Apple ដែលជា​ក្រុមហ៊ុនផលិត​ទូរស័ព្ទ​ដ៏ធំ​របស់​អាមេរិក ក៏បាន​ទំលាយ​ព័ត៌មាន​មកថាខ្លួន នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ Hyundai-Kia របស់​កូរ៉េ​ក្នុងការ​ផលិត​រថយន្ត​អគ្គិសនី​ម៉ាក Apple នៅឆ្នាំ ២០២៤ ដែរ បន្ទាប់ពី Apple បាន​សិក្សា​លើគម្រោងនេះ អស់​ជាច្រើន​ឆ្នាំមកហើយ។

ក្រឡេកទៅមើលក្រុមហ៊ុនផលិតរថយន្តយក្សមួយទៀតរបស់អាមេរិក គឺក្រុមហ៊ុន Ford ដែលថ្មីៗនេះខ្លួនទើបតែ​បញ្ចេញ​ផែនការ​សម្រាប់​ឆ្នាំ ២០២១-២០២៥ ដោយគ្រោង​នឹងចំណាយ​ទឹកប្រាក់​ប្រមាណ ២២ពាន់លាន​ដុល្លារអាមេរិក ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ SUV របស់ខ្លួន ក្នុងទឹក ដីប្រទេស ចិន។

មិនឲ្យ​ចាញ់​ប្រទេសធំៗ​នៅអឺរ៉ុប​ប៉ុន្មានដែរ វៀតណាម​ដែលជា​ប្រទេស​ក្បែរខាង​កម្ពុជាឯណេះវិញ ក៏មាន​ក្រុមហ៊ុន​ផលិតរថយន្ត​ក្នុងស្រុក​មួយរបស់ខ្លួន គឺ VinFast ទើបតែ​ប្រកាស​ពីរថយន្តអគ្គិសនី​របស់ខ្លួន ដែលមាន​សមត្ថភាព​អាចបើកបរ​ដោយ​ស្វ័យប្រវត្តិ និងអាច​បើកបរ​បាន​ចន្លោះ​ពី ៣០០ ទៅ ៥០០គីឡូម៉ែត្រ ពេល​សាកថ្មពេញម្តង។ នេះជាផ្នែកមួយ​នៃគម្រោង​របស់វៀតណាម ដើម្បី​ប្រកួតប្រជែង​ក្នុងទីផ្សារ​រថយន្ត​អគ្គិសនី។ 

សូមបញ្ជាក់ថា មិនមែនមានតែក្រុមហ៊ុនដែលបានរៀបរាប់ខាងលើនោះទេ ដែលមានការផលិតនិងដាក់លក់រថយន្តអគ្គិសនី ពោលគឺ​សឹងតែ​គ្រប់ក្រុមហ៊ុន​ផលិតរថយន្ត​នៅទូទាំង​ពិភពលោក​ទៅហើយ ដែលងាកមក​ចាប់យក​ការផលិត​រថយន្ត​អគ្គិសនីនេះ។ ជាក់ស្តែងកាល​ពីឆ្នាំ​២០១៧ ក្រុមហ៊ុនរថយន្ត​យក្សពីររបស់​ប្រទេស​ជប៉ុនគឺ ក្រុមហ៊ុន​តូយ៉ូតា Toyota និង Mazda ក៏បានចូលរួម​ជាមួយគ្នា​ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្មីមួយ និងរៀបចំ​អភិវឌ្ឍ​បច្ចេកវិទ្យា​រថយន្តប្រើប្រាស់​ដោយ​ថាមពលអគ្គិសនីដែរ។ ក្រៅពីនេះទៀត ក៏មាន រថយន្តអគ្គិសនីរបស់ BMW, Volkswagen និង Hyundai។ល។

រដ្ឋាភិបាល​នៅតាមបណ្តា​ប្រទេស​ជាទូទៅ នៅទូទាំង​ពិភពលោក ជឿថា រថយន្តអគ្គិសនី​ដើរតួនាទី​ដ៏សំខាន់ នៅក្នុង​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់ និងអាច​ជួយទប់ស្កាត់​ការឡើងកម្តៅ​នៃភពផែនដី។ យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តមួយចំនួន​បានចោទ​ជាសំណួរ​ជុំវិញ​ប្រសិទ្ធភាព​នៃរថយន្ត​អគ្គិសនី ក្នុងការជួយ​ដល់បរិស្ថាន។ ជាការពិតថា រថយន្តអគ្គិសនីមិន​បញ្ចេញឧស្ម័នកាបូនិក​ដូចជា​រថយន្តប្រើប្រេង​ធម្មតានោះទេ។ អ្នកវិទ្យាសាស្រ្តជាទូទៅ សុទ្ធតែឯកភាព​គ្នានៅត្រង់​ចំណុចនេះ។ ក៏ប៉ុន្តែ អ្វីដែលអាច​ចោទជា​បញ្ហាចំពោះ​បរិស្ថាន មិនមែន​ចេញពី​រថយន្តអគ្គិសនី​ដោយផ្ទាល់នោះទេ គឺចេញពីចំណុច​ពីរផ្សេងទៀត គឺទីមួយ ដំណើរការ​ផលិត​តួរថយន្ត និងអាគុយ និង ទីពីរ ដំណើរការផលិតថាមពល​អគ្គិសនី ដើម្បីយកទៅ​ប្រើក្នុង​រថយន្ត​អគ្គិសនី។

ការសិក្សាជាទូទៅ​បង្ហាញថា នៅក្នុងដំណាក់កាល​នៃ​ការផលិត រថយន្តអគ្គិសនី​បង្ក​ផលប៉ះពាល់​ដល់បរិស្ថាន​ច្រើន​ជាង​រថយន្ត​ធម្មតា ដោយសារតែ​ដំណើរការ​ផលិត​រថយន្ត​អគ្គិសនី​ត្រូវបញ្ចេញ​ឧស្ម័ន​កាបូនិកច្រើនជាង​ការផលិត​រថយន្ត​ធម្មតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី ១០ កុម្ភៈ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេនៅថ្ងៃទី១០ ខែកុម្ភៈ នាមន្ទីរពេទ្យកាល់ម៉ែត។ វ៉ាក់សាំងកូវីដ-១៩ ចំនួន៦០ម៉ឺ…

អឺរ៉ុបនឹងរៀបចំខ្លួនដើម្បីស្ដារការចាប់យកភ្ញៀវទេសចរចិនឡើងវិញ

ព័ត៌មាន
នៅមុនសម័យកូវីដ-១៩ ចូលមកដល់ គេសង្កេតឃើញថា ប្រទេសចិន គឺជាប្រភពទីផ្សារទេសចរណ៍អន្តរជាតិដែលមានការលូតលាស់លឿនបំផុត របស់អឺរ៉ុប ដោយមានភ្ញៀវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ