អត្ថបទក្រុមហ៊ុន

អ្នកប្រើប្រាស់កោតសរសើរដល់គុណភាពរបស់ផលិតផលដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក


ក្រុមហ៊ុនផលិតរបស់កម្ពុជា និងអ្នកប្រើប្រាស់បានបង្ហាញក្តីសង្ឃឹម សេចក្តីប្រាថ្នា និងទំនុកចិត្តរបស់ខ្លួនទៅលើផលិតផលខ្មែរ ខណៈដែលក្រុមហ៊ុនទាំងនេះបានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួននៅឯពិព័រណ៍ក្នុងរាជធានីភ្នំពេញនាពេលថ្មីៗនេះ។
ពិព័រណ៍ផលិតផលខ្មែរដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Beyond Retail Business Cambodia ក្នុងនាមឱ្យសហគ្រិនខ្មែរ (Khmer Enterprise)
ដោយ

ពិព័រណ៍​ផលិតផល​ខ្មែរ​​​ដែល​ត្រូវបានរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន Beyond Retail Business Cambodia ក្នុងនាម​ឱ្យ​សហគ្រិន​​​ខ្មែរ (Khmer Enterprise) ដែល​ជា​អង្គភាព​មួយ​ក្រោម​ចំណុះ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើ​ឡើង​​​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។ ពិព័ណ៍​មួយ​ផ្សេង​ទៀត​នឹង​រៀបចំ​ធ្វើឡើង​នៅ​​ផ្សារ​ទំនើប ជីប ម៉ុង សែនសុខ​ ម៉ល នៅថ្ងៃទី​១៩ ដល់​ទី​២០ ខែ​កុម្ភៈ ដែល​នឹង​ប្រមូល​ផ្ដុំ​ការ​បង្ហាញ​ផលិត​ផល​ជា​ច្រើន​ប្រភេទ​ ដូចជា​ផលិតផល​សុខុមាលភាព និងផលិតផល​ម្ហូប​អាហារ ​​ផលិត​ផល​តុប​តែង​ផ្ទះ ​និង​​​​​ផលិត​ផល​​​ម៉ូដ​និងគ្រឿង​​តុប​តែង​​​​ ដើម្បីបង្កើ​ត​​​បានជា​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​មួយ​​តាម​រយៈ​ការ​តាំង​បង្ហាញ​ផលិតផល​គុណភាព​ខ្ពស់​របស់​កម្ពុជា។

ព្រឹត្តិការណ៍​ពិព័រណ៍​ទាំង​នេះគឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ក្រុមហ៊ុន​ផលិត​ក្នុងស្រុក និង​អ្នក​ប្រើប្រាស់​​​ជួប​គ្នា។ ក្រុមហ៊ុន​ផលិត​បាន​ពន្យល់​អំពី​ផលិតផល​របស់ខ្លួន​ទៅកាន់​អ្នកប្រើប្រាស់ ​​ដែល​​អ្នក​ប្រើប្រាស់​មួយចំនួន​បាន​ផ្តល់​​កោត​សរសើរ​របស់ខ្លួន​​ដល់​ផលិតផលរបស់​កម្ពុជា។

លោក ស្រាន់ សុជាតិ ដែល​ជា​អ្នក​មក​ទស្សនា​និង​ទិញ​ទំនិញ​ម្នាក់​ក្នុង​កម្មវិធី​ពិព័រណ៍​នេះ​បាន​ថ្លែង​ថា៖ «អ្វីដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ស្រា​ដែល​ផលិតក្នុង​​សាលា​​​​កសិកម្ម អ៊ីចឹង​វាជា​ផលិត​ផល​ដែលចេញ​ពី​ស្នាដៃរបស់​សិស្ស​និស្សិត​ផ្ទាល់។ សម្រាប់​គុណភាព​បច្ចុប្បន្ន​ យើង​អាច​ប្រកួត​ប្រជែង​ជាមួយប្រទេស​ជិត​ខាង​បាន។ អ៊ីចឹង យើង​ចូល​រួមទាំង​អស់គ្នា​សម្រាប់​ការ​លើក​​កម្ពស់​ផលិតផល​ខ្មែរ ពីព្រោះថា បើសិនជា​យើង​អត់​ចូលរួមក្នុង​ការ​គាំទ្រ​ផលិតផល​កសិផល​​របស់ប្រជាជនទេ យើង​ពិបាក​ក្នុងការ​ជំរុញ​ក៏​ដូចជា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ក៏​ដូច​ជា​វិស័យ​កែច្នៃ​ម្ហូប​អាហារ​ក្នុង​ស្រុក​យើង​ឱ្យ​រីក​ចម្រើន​ណាស់»។

កញ្ញា អ៊ុង បូរតនា ជា​អ្នក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន ហ្គ្រីន ក្លាស្ទើ ម.ក (Green Cluster Plc.) ដែល​បាន​ដាក់​តាំង​បង្ហាញ​ផលិតផល​ក្នុង​ពិព័រណ៍នេះ​​បាន​ថ្លែង​ថា៖ «កម្មវិធី​ពិព័រណ៍​របស់​សហគ្រិន​ខ្មែរ​នេះ [ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន Beyond Retail Business Cambodia] ខ្ញុំ​គិត​ថា​ វា​ល្អ​ព្រោះ​មាន​ការ​តាំង​បង្ហាញ​ផលិត​ផល​ខ្មែរ​យើង។ យើង​ចង់​បង្ហាញ​អតិថិជន​ទាំង​ជនជាតិ​បរទេស ទាំង​ជនជាតិ​ខ្មែរ ឱ្យ​ពួក​គាត់​ដឹង​ថា ខ្មែរ​យើង​ក៏​មាន​ទំនិញ​គុណភាព​ល្អ និង​ខ្ពស់​ដែល​ផលិត​ក្នុង​ស្រុក មិន​ចាញ់​បរទេស​ដែរ»។

ក្រុមហ៊ុន​ Green Cluster របស់​កញ្ញា បូរតនា បាន​តាំង​បង្ហាញ​ផលិតផល​ផ្សេងៗ​ដូចជា​គ្រាប់​ស្វាយ​​​ចន្ទី ដំណាប់​មៀន ស្រា​ផលិតក្នុងស្រុក និង​ផលិតផល​ផ្សេងទៀត។

អ្នក​ទស្សនា​ពិព័រណ៍រាប់ពាន់​នាក់​បាន​ទៅទស្សនា​ព្រឹត្តិការណ៍​ពិព័រណ៍​ដែលបាន​រៀបចំធ្វើឡើង​នៅ​ Angkor Parvis ក្នុង​ខេត្ត​សៀមរាប​នៅថ្ងៃទី​៨ និងទី​៩ ខែមករា ឆ្នាំ២០២២ និង​នៅរាជធានី​ភ្នំពេញ​នៅ​ចុង​ខែមករា។

កញ្ញា ច័ន្ទ សីមា ប្រធាន​គម្រោង​នៃ​​ក្រុមហ៊ុន Beyond Retail Business Cambodia ដែល​ទទួលខុស​ត្រូវ​លើការ​រៀបចំ​ពិព័រណ៍​នេះ​បាន​ថ្លែង​ថា៖ «ក្រុមហ៊ុន​ផលិត​ក្នុងស្រុក​អាចមាន​មោទនភាព​ខ្លាំង​ជាមួយ​នឹង​ប្រតិកម្មតបទៅនឹង​ផលិតផល​របស់ពួកគេ​ពី​ប្រជាពលរដ្ឋ។ អ្នកប្រើប្រាស់​ពិត​ជា​មានចំណាប់អារម្មណ៍​​ចំពោះ​គុណភាព និង​ជម្រើស​ដែល​ផ្តល់ជូន»។​

ផលិតផល​ដែល​​ត្រូវ​បាន​យក​មក​ដាក់​តាំង​បង្ហាញ ​រួមមាន​សម្លៀក​បំពាក់ និងផលិត​ផល​​​ម៉ូដ​និងគ្រឿង​​តុប​តែង សាប៊ូ​​និង​ប្រេងផលិត​​ក្នុង​ស្រុក ព្រមទាំង​ម្ហូប​អាហារ​ផលិតក្នុង​ស្រុក និង​ផលិតផល​កសិកម្ម។

ដោយសារ​មាន​ការគាំទ្រខ្លាំង​ពី​អង្គរ​ប៉ាវីស ក្រុមហ៊ុន​ ជីប ម៉ុង​ រីថែល និង​ធនាគារ​ ជីប ម៉ុង ពិព័រណ៍​នេះ​បាន​​បង្ហាញ​ជំនាញបច្ចេក​ទេស​​​ដ៏​អស្ចារ្យរបស់​ក្រុមហ៊ុន​ផលិតផល​កម្ពុជា។

ក្រុម​ហ៊ុន ជីប ម៉ុង និងអង្គរ​ប៉ាវីស គឺជា​អ្នក​​ឧបត្ថម្ភពិព័រណ៍ «មោន​ទភាព​​កម្ពុជា​»​ នេះ៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃទីផ្សារដំឡូងមីមានការប្រែប្រួលយ៉ាងណាខ្លះ នៅដើមឆ្នាំ២០២២?

ព័ត៌មាន
ទីផ្សារដំឡូងមីនៅដើមឆ្នាំ២០២២ ហាក់មិនសូវមានការប្រែប្រួលខ្លាំងជាងឆ្នាំមុនប៉ុន្មាននោះទេ ខណៈដែលផ្ទៃដីដាំដុះក៏មានការកើនឡើតតិចតួចប៉ុណ្ណោះ។ …

ក្រសួងបរិស្ថាន៖ កម្ពុជាមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា

ព័ត៌មាន
កម្ពុជាបច្ចុប្បន្នមានផ្ទៃដីអភិរក្សទំហំ ៧,៣ លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា ។ នេះបើតាមការអះអាងពីក្រសួងបរិស្ថាន។
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ