
ទោះបីជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន បានប្រឈមមុខនឹងការកំណត់ពន្ធទាំងនៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក ក៏ដោយ តែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន BYD នៅតែអាចទទួលបានប្រាក់ចំណេញកើនឡើងជាង៧៣% ជាមួយទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៤ កន្លងទៅ។ កំណើនប្រាក់ចំណេញនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុននេះ រកចំណូលបានជិត៣៨ពាន់លានដុល្លារជាមួយនឹងកំណើនជិត៥៣%។
តាមរយៈប្រាក់ចំណេញនេះ ធ្វើឱ្យគេប៉ាន់ប្រមាណថា នៅពេញមួយឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ចិន មួយនេះ អាចទទួលបានប្រាក់ចំណេញកើនឡើងប្រមាណ៣៤% ជាមួយទំហំទឹកប្រាក់ជាង៥ពាន់លានដុល្លារ។ កាលពីឆ្នាំ២០២៤ កន្លងទៅ ក្រុមហ៊ុន BYD លក់រថយន្តប្រមាណជាង៤,២លានគ្រឿង ដោយបានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Volkswagen ទៅទៀត។
ក្រុមហ៊ុន BYD បានអះអាងថា ទោះបីខ្លួនស្ថិតក្រោមសម្ពាធពន្ធយ៉ាងណាក៏ដោយ តែខ្លូននៅតែអាចផលិតរថយន្តអគ្គីសនី ដែលមានតម្លៃថោក និងកាន់តែប្រកួតប្រជែង ហើយខ្លួននឹងបន្តបញ្ចេញម៉ូដែលតម្លៃប្រកួតប្រជែង ដែលអាចរួមចំណែកដល់ការធានាកំណើននៃការលក់ និងប្រាក់ចំណេញរបស់ខ្លួន។ ជាមួយគ្នានេះ ក្រុមហ៊ុន BYD កំពុងពិចារណាកំណត់យកប្រទេសអាល្លឺម៉ង់ ក្នុងការបើករោងចក្រទី៣នៅអឺរ៉ុប ស្របពេលដែលប្រទេសនៅតំបន់អឺរ៉ុប មួយចំនួន កំពុងធ្វើពហិកាមិនប្រើប្រាស់រថយន្តអាម៉េរិក ជាពិសេសតេស្លា៕
ដោយៈ សរ សុជាតិ