ប្រេងឥន្ធនៈឡើងថ្លៃ

មិនមែនតែកម្ពុជា ដែលកំពុងរងគ្រោះរឿងប្រេងសាំងឡើងថ្លៃ! វៀតណាម និងថៃ ក៏កំពុងយ៉ាប់យ៉ឺនដែរ!


ការកើនឡើងនូវតម្លៃប្រេងឥន្ធនៈក្នុងទីផ្សារពិភពលោក នៅរយៈពេលចុងក្រោយនេះ មិនត្រឹមតែកម្ពុជាយើងនោះទេ ដែលកំពុងប្រឈមនឹងរឿងប្រេងឥន្ធនៈឡើងថ្លៃនេះ នៅប្រទេសជិតខាងកម្ពុជាឯណោះវិញ ក៏កំពុងភ័យព្រួយណាស់ដែរ ចំពោះរឿងនេះ។ តួយ៉ាង ការឡើងថ្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសវៀតណាម បាននិងកំពុងគំរាមកំហែង ដល់អតិផរណា ក្នុងប្រទេសនេះ ខណៈវៀតណាម ក៏មានផែនការដំឡើងពន្ធបន្ថែម លើប្រេងសាំងផងដែរ។ ទោះយ៉ាងណា បើពិនិត្យលើតម្លៃប្រេងសាំងនៅកម្ពុជា នៅតែខ្ពស់ជាងប្រទេសជិតខាង។
សកម្មភាពចាក់ប្រេងរថយន្ដ (www.moneycrashers.com)
ដោយ

ប្រេងសាំង ដែលមាន​ការនិយម​ប្រើប្រាស់​ច្រើន នៅប្រទេស​វៀត​ណាម បានកើន​ឡើងថ្លៃ រហូតដល់​ជាង ៨% ហើយ បន្ទាប់ពី​មានការ​កើនឡើង​តម្លៃ ៤ដង គិត​ចាប់តាំង​ពីដើម​ឆ្នាំនេះ រៀងមក​ទល់​បច្ចុប្បន្ន ខណៈដែល ក្រុមហ៊ុន ដឹកជញ្ជូន​ជាច្រើន​នៅវៀត​ណាម ក៏បាន​ដំឡើង​​ថ្លៃឈ្នួល​របស់ខ្លួន​ខ្ពស់​ជាង​មុន​ផងដែរ។

តម្លៃប្រេងសាំង​ល្អ ដែលលក់​នៅវៀត​ណាម គិតត្រឹម​ថ្ងៃនេះ បានកើន​ឡើងមក​ដល់​តម្លៃ ប្រមាណ ៣.៨០០រៀល ក្នុងមួយ​លីត្រ ខណៈដែល​កាលពីដើម​ខែមករា​កន្លង​ទៅ មានតម្លៃ​ប្រមាណ​តែ ៣.៥០០ រៀលប៉ុណ្ណោះ ក្នុង១លីត។ រីឯតម្លៃ​ប្រេងឆៅ លក់ក្នុង​ទីផ្សារ​ពិភពលោក គិតត្រឹម​ថ្ងៃ២៧ ឧសភា ម្យិលមិញ​នេះ មាន​តម្លៃ ៧៨ ដុល្លារ ក្នុងមួយ​ប៉ារែល។ 

ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូន​នៅវៀត​ណាម បានអះអាងថា តម្លៃប្រេង​ឥន្ធនៈ​ឡើងថ្លៃ បានធ្វើឲ្យ​ថ្លៃឈ្នួល​សេវាកម្ម​ក៏ឡើង​ថ្លៃដែរ ពោលគឺតម្លៃ​ប្រេងសាំង ដែល​ចំណាយ​លើការ​ដឹកជញ្ជូន​ឡាន​កុងតឺនឺ និងរថយន្ដ​ដឹកទំនិញ​ធុនធ្ងន់ មានប្រមាណ​៤០% នៃប្រាក់​ចំណូល​សរុប ខណៈ​ដែលមធ្យោបាយ​ដឹកជញ្ជូន​ផ្សេងទៀត​ ការចំណាយ​លើប្រេង​ឥន្ធនៈ អាច​មាន​ប្រមាណ ៣០% នៃចំណូល​សរុប។

អ្នកជំនាញ​ផ្នែកសេដ្ឋកិច្ច វៀតណាម អះអាងថា តម្លៃប្រេង​ឥន្ធនៈ​ឡើងថ្លៃ មិនត្រឹម​តែប៉ះពាល់​ដល់វិស័យ​ដឹកជញ្ជូន​ក្នុងស្រុក​ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏ធ្វើឲ្យ​មានការ​ប៉ះពាល់​ដល់អ្នក​ប្រើប្រាស់​ទំនិញ​ទូទៅ​ផងដែរ ពោលគឺតម្លៃ​ទំនិញ​លើទីផ្សារ​ក៏ចាប់ផ្ដើម​ឡើងថ្លៃ​ជាងមុន​ដែរ។ 

អ្នកជំនាញ​សេដ្ឋកិច្ច សង្កត់ធ្ងន់ថា ការកើន​ឡើង​តម្លៃប្រេង​ឥន្ធនៈ គួបផ្សំ​នឹងគម្រោង​កំណត់​តំឡើង​ពន្ធបន្ថែម លើប្រេងឥន្ធនៈ ដែលនឹង​ចាប់ផ្ដើមឡើង​នៅកក្កដា​ខាង​មុខនេះ ក៏អាច​នឹងបង្កើន​អត្រា អតិផរណា  ហើយវា​ក៏ធ្វើឲ្យ​ប៉ះពាល់​ដល់វិស័យ​ពាណិជ្ជកម្ម​ក្នុងប្រទេស​វៀតណាម​ផងដែរ។ បើតាមដឹង គម្រោងដំឡើង​ពន្ធ​លើតម្លៃប្រេង​សាំង​ក្នុង​ប្រទេស​វៀតណាម គឺ​នឹងកំណត់​​តម្លៃ​​ពន្ធ​បន្ថែម ៣៣% ពោលគឺ ប្រមាណ​ជិត ៧រយរៀល​ ក្នុង១លីត្រ។  

ជុំវិញរឿង​ប្រេងឥន្ធនៈ​ឡើងថ្លៃនេះ​ដែរ ប្រទេសថៃ ក៏បាន​បញ្ជាក់ដែរ​ថា ខ្លួននឹង​ប្រើប្រាស់​មូលនិធិ​ប្រេងរបស់​ខ្លួន ដើម្បីធ្វើការ​កំណត់​តម្លៃប្រេងម៉ាសូត មិនឲ្យលើស​ពី ៣០បាត ឫស្មើ​នឹងតម្លៃ​ប្រមាណ ៣.៨០០រៀលក្នុង​មួយលីត្រ នោះឡើយ។ ក្រោមផែន​ការដើម្បី​បន្ថយ​ផលប៉ះពាល់​តម្លៃប្រេង​ឥន្ធនៈ មូលនិធិ​ប្រេង​របស់រាជរដ្ឋាភិ​បាល​ថៃ នឹងផ្តល់​ឧបត្ថម្ភធន​ ៥០% នៃតម្លៃ​កើន​ឡើង។ ឧទាហរណ៍ ប្រសិន​បើតម្លៃ​ប្រេង​កើនឡើង ២ បាត​ ប្រាក់កម្ចី​នេះនឹង​មាន​ចំនួន ១ បាត។ គម្រោង​មូលនិធិ​ឧបត្ថម្ភ​ធននេះ មានទុន​សរុបប្រមាណ ១ពាន់​លាន​ដុល្លារ ដែលអាច​ទ្រាំទ្រ​ស្ថានការណ៍​ប្រេងឡើង​ថ្លៃ បានប្រមាណ ១១ខែ។ 

ដោយឡែក បើយើង​ក្រឡេក​មកមើល តម្លៃប្រេង​នៅកម្ពុជា​វិញ គឺនៅតែ​បន្តកើន​ឡើង​ជាបន្ត​បន្ទាប់ មិនទាន់​ឃើញចុះ​វិញនៅ​ឡើយទេ។ បើយោង​តាមសេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ ស្តីពី​ថ្លៃលក់​រាយ​ប្រេង​ឥន្ធនៈ សម្រាប់​អនុវត្ត ពីថ្ងៃទី២២​ ខែឧសភា ដល់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ យើងឃើញ​ថា តម្លៃ​ប្រេងសាំង​ធម្មតា​ត្រូវលក់រាយ​ក្នុងតម្លៃ ៤.៣០០ រៀល ក្នុងមួយលីត្រ។ ចំនែកឯ ប្រេងម៉ាស៊ូតវិញ មាន​តម្លៃ​ប្រមាណ ៤.១០០ រៀលក្នុង១លីត្រ ពោល គឺនៅតែ​មាន​តម្លៃខ្ពស់ បើធៀបនឹង​ប្រទេស​ជិតខាង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំនប់វារីអគ្គិសនី សេសានក្រោម២ គ្រោងបើកដំណើរការទាំងស្រុងនៅ ខែតុលា ឆ្នាំ២០១៨

ព័ត៌មាន
ទំនប់រារីអគ្គិសនី សេសានក្រោម២ ដែល​ត្រូវ​បានគេ​ដឹងថា មានសមត្ថភាពផលិតថាមពលអគ្គិសនីធំជាងជាងគេបំផុតមួយនៅកម្ពុជានោះ ត្រៀមនឹងបើកដំណើរការទ…

តម្រូវការសេវាកម្មបញ្ញើខ្នាតតូច កំពុងតែមានសកម្មភាពលូតលាស់នៅកម្ពុជា

ព័ត៌មាន
ក្នុងរយៈពេលពីរ បីឆ្នាំចុងក្រោយនេះ អាជីវកម្មលើការផ្តល់សេវាកម្មបញ្ញើរទំនិញផ្សេងៗលក្ខណៈខ្នាតតូច កំពុងតែមានសកម្មភាពរីកលូតលាស់យ៉ាងខ្លាំង។ ការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ