
លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែកំណើននេះហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងទីផ្សារប្រើប្រាស់រថយន្តសរុបនៅកម្ពុជា ពោលគឺការប្រើប្រាស់រថយន្តអគ្គិសនីបច្ចុប្បន្នចូលរួមចំណែកមិនទាន់បាន១% នោះទេ នៃទីផ្សារប្រើប្រាស់រថយន្តសរុបនៅកម្ពុជា។ ជាការកត់សម្គាល់របស់អគ្គនាយកក្រុមហ៊ុនរូបនេះ កត្តាដែលធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិតទាប ក៏ដោយសារស្ថានីយបញ្ចូលថាមពលអគ្គិសនីនៅមានចំនួនតិច ដែលជាក្ដីកង្វល់សម្រាប់អ្នកប្រើប្រាស់រថយន្តអគ្គិសនី ហើយបញ្ហាគ្រឿងបន្លាស់មានតម្លៃថ្លៃ និងការពិបាកលក់ចេញ ក៏ជាកត្តារួមចំណែកផងដែរ។
ស្រដៀងគ្នានេះដែរ ឯកឧត្តម តាន់ មុនីវណ្ណ ប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា កត់សម្គាល់ឃើញថា ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា កំពុងមានការវិវត្តទៅមុខជាបន្តបន្ទាប់ ប៉ុន្តែមានកម្រិតយឺតនៅឡើយ ដោយសារទីតាំងបញ្ចូលថាមពលអគ្គិសនីនៅកម្ពុជា នៅមានកម្រិតតិចតួចនៅឡើយ ហើយអ្នកប្រើប្រាស់នៅពុំសូវយល់ដឹងច្រើនពីប្រភេទរថយន្តអគ្គិសនីនេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា បន្តិចម្តងៗការអភិវឌ្ឍរបស់វិស័យានយន្តអគ្គិសនីនៅកម្ពុជានឹងមានការកើនឡើងថែមទៀតនាពេលអនាគត ដ្បិតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ផងដែរ។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ សំដៅជួយជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់យន្តយន្តអគ្គិសនី ក៏ដូចទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ ដោយបានដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ក្នុងនោះការប្រើប្រាស់រថយន្តអគ្គិសនី មានចំនួន៣ម៉ឺនគ្រឿង។ ជាមួយគ្នានេះ នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបញ្ជីយានយន្តដើរដោយថាមពលអគ្គិសនី ចំនួន៣ពាន់១រយ២២គ្រឿងមានការកើនឡើង៣១២% បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន៧៥៧គ្រឿងប៉ុណ្ណោះ៕