អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន អ៊ីម៉ាន់នី លោក វូ ទុន ឡុង (Vu Tuan Long) មានប្រសាសន៍ថា ក្រុមហ៊ុនបានទទួលការអបអរសាទរ និងការប្រកាសពានរង្វាន់មាស Gold Globee® Winner នៅក្នុងផ្នែក ជោគជ័យកំណើនការលក់ប្រចាំឆ្នាំ ២០២២ លើកទី ៩ (9th Annual 2022 Sales Growth Achievement) ដែលពិធីប្រកាស និងប្រគល់រង្វាន់នោះត្រូវបានរៀបចំឡើងតាមរយៈវីដេអូពីចម្ងាយ និងមានការចូលរួមពីបណ្ដាក្រុមហ៊ុនដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមហ៊ុនឈ្នះពានរង្វាន់ គណៈកម្មការ ក៏ដូចជាអ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្មពាណិជ្ជកម្មមកពីជុំវិញពិភពលោក។
លោក វូ ទុន ឡុង មានប្រសាសន៍ថា៖ “យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដ៏មានតម្លៃ ក្រុមការងារ និងដៃគូសហការទាំងអស់ ដែលបានជួយឲ្យអ៊ីម៉ាន់នីសម្រេចបាននូវសមិទ្ធផលនេះឡើង”។
លោក វូ ទុន ឡុង បានមានប្រសាសន៍បន្តទៀតថា៖ “ពានរង្វាន់ដ៏មានកិត្យានុភាពទាំងអស់នេះ សបញ្ជាក់ឲ្យឃើញពីភាពឈានមុខគេរបស់អ៊ីម៉ាន់នី និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងបេសកកម្មត្រួសត្រាយផ្លូវនៃការបង្កើតសង្គមឌីជីថល និងវិស័យ FINTECH នៅកម្ពុជា”។
គណៈកម្មការកាត់សេចក្ដីក្នុងកម្មវិធីពានរង្វាន់នេះ មានសមាសភាពជាថ្នាក់នាយកប្រតិបត្តិ និងអ្នកជំនាញមកពីបណ្ដាវិស័យផ្សេងៗ ជាង ៥០ រូប មកពីជុំវិញពិភពលោក ហើយបានចូលរួមដើម្បីផ្ដល់ពិន្ទុ និងមតិយោបល់ផ្សេងៗដើម្បីកំណត់ជ្រើសរើសជ័យលាភីសម្រាប់ពានរង្វាន់ក្នុងឆ្នាំ ២០២២ នេះ។
ក្រុមហ៊ុន អ៊ីម៉ាន់នី ផ្ដល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទដល់ប្រជាពលរដ្ឋកម្ពុជា ដែលក្នុងនោះរួមមាន សេវាវេរលុយ សេវាទូទាត់វិក្កយបត្រទឹកភ្លើង បញ្ចូលលុយទូរស័ព្ទ ទូទាត់តាមកូដ QR សេវាដកប្រាក់ និងដាក់ប្រាក់ និងសេវាវេរលុយទៅវៀតណាម ដែលសេវាទាំងអស់នេះមានផ្ដល់តាមរយៈភ្នាក់ងាររបស់អ៊ីម៉ាន់នីប្រមាណជាង ៨០០០ ភ្នាក់ងារទូទាំងប្រទេស៕