ក្រុមអ្នកចរចារបស់អ៊ីរ៉ង់បានអះអាងថា កងកម្លាំង និងរដ្ឋាភិបាលអ៊ីរ៉ង់បានសម្រេចចិត្តថានឹងបិទទាំងច្រកសមុទ្រហ័រម៉ូស និងច្រកសមុទ្រ បាប អាល់ម៉ាន់ដេប ដែលជាច្រកផ្លូវពាណិជ្ជកម្មដែនសមុទ្រដ៏សំខាន់មួយទៀតតភ្ជាប់ពីសមុទ្រក្រហមទៅកាន់ឈូងសមុទ្រអេដេន។ ជាមួយគ្នានេះ កងកម្លាំងអ៊ីរ៉ង់បានព្រមានថា ខ្លួននឹងបើកប្រតិបត្តិការយោធាតបតយ៉ាងចាស់ដៃ ដើម្បីដាក់ទោសទណ្ឌលើពួកអ៊ីស្រាអែលនិយម និងក្រុមអ្នកគាំទ្រ។ តម្លៃប្រេងឆៅបានហក់ឡើងជាង៧%ភ្លាមៗ បន្ទាប់ពីការផ្សព្វផ្សាយរបស់សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Tasnim បានបង្ហាញសញ្ញានៃការបរាជ័យចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតក្នុងការបញ្ចប់សង្គ្រាម ដែលបានអូសបន្លាយពេលចូលដល់ខែទី៤។
យ៉ាងណាមិញកាលពីពេលថ្មីៗ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងសម្រេចចិត្តថា តើគួរយល់ព្រមលើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងការបញ្ចប់ជម្លោះឬយ៉ាងណានៅក្នុងកិច្ចប្រជុំមួយនៅសេតវិមាន។ ប៉ុន្តែកិច្ចប្រជុំនោះបានបញ្ចប់ទៅហើយ តែគ្មានការសម្រេចចិត្តណាមួយពីរូបលោកឡើយ។
ប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំនោះមកសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានបើកការវាយប្រហារតបតគ្នាជាថ្មីម្ដងទៀត ដែលរុញច្រានឱ្យកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួលស្រាប់ ត្រូវដួលរលំទាំងស្រុង បន្ទាប់ពីរងការរំលោភបំពានម្តងហើយម្តងទៀតតាមរយៈប្រតិបត្តិការយោធា។ ជាមួយគ្នានេះ អ៊ីស្រាអែល ក៏បានបង្កើនការវាយលុកផ្នែកយោធារបស់ខ្លួននៅក្នុងប្រទេសលីបង់ ដោយនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាឱ្យកងទ័ពបើកការវាយប្រហារលើតំបន់ជាយក្រុងបេរុត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហេសបូឡា។
ជុំវិញភាពតានតឹងនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស អារ៉ាក់ជី (Abbas Araghchi) បានសរសេររៀបរាប់នៅលើបណ្តាញសង្គម X ថា បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអាម៉េរិក គឺជាបទឈប់បាញ់គ្របដណ្តប់លើគ្រប់សមរភូមិទាំងអស់ រួមទាំងនៅក្នុងប្រទេសលីបង់ផងដែរ ដូច្នេះការល្មើសបទឈប់បាញ់នៅក្នុងសមរភូមិណាមួយ គឺជាការរំលោភលើបទឈប់បាញ់ទាំងស្រុង ហើយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ត្រូវតែទទួលខុសត្រូវចំពោះលទ្ធផលដែលកើតចេញពីការរំលោភបំពាននេះ។
ទោះជាយ៉ាងណា លោក ត្រាំ បានប្រកាសថា លោកនឹងសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់នៅសប្ដាហ៍ក្រោយនេះ ដើម្បីពង្រីកពេលវេលានៃបទឈប់បាញ់ និងបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ។ លោក ត្រាំ បានបញ្ជាក់បន្ថែមនៅលើបណ្តាញសង្គម Truth Social ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានធានាអះអាងនៅក្នុងការសន្ទនាតាមទូរសព្ទជាមួយលោកថា អ៊ីស្រាអែលនឹងមិនបញ្ជូនកងទ័ពទៅកាន់ទីក្រុងបេរុត នៃប្រទេសលីបង់ទៀតឡើយ៕
អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស