ជាក់ស្ដែង នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦ ក្រុមហ៊ុន ជីប ម៉ុង រីថេល បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយដៃគូអាជីវកម្មចំនួន ៣០ ដើម្បីត្រៀមនាំមកនូវផលិតផល និងសេវាកម្មដ៏បំផុត សម្រាប់ផ្ដល់ជូនអតិថិជិន នៅផ្សារទំនើប ជីប ម៉ុង ថៅវើ (Chip Mong Tower) ដែលគ្រោងនឹងបើកនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧។
លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថេល និងជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអះអាងថា ការបោះជំហានថ្មីនេះបង្ហាញពីចក្ខុវិស័យរយៈពេលវែងរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍវិស័យលក់រាយនៅកម្ពុជា ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់អាជីវកម្មក្នុងស្រុក ដែលកំពុងមានសម្ទុះនៃការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់។
ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានអះអាងពីជំហររបស់ ជីប ម៉ុង ទោះបីស្ថិតស្ថានភាពលំបាកយ៉ាងណា ក៏នៅតែបន្ដក្រាញននៀលក្នុងការជំរុញការវិនិយោគ និងគាំទ្រដល់អាជីវកម្មក្នុងស្រុកឱ្យរីកចម្រើន។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់ថា ការរីកចម្រើននេះអាចទៅមុខបានយូរអង្វែង លុះត្រាតែម្ចាស់អាជីវកម្មមានកាសហការគ្នា ដើម្បីបន្ដពង្រឹងការអភិវឌ្ឍផលិតផល និងសេវាកម្ម សំដៅលើកស្ទួយម៉ាកយីផលិតផលខ្មែរឱ្យមានការទទួលស្គាល់កាន់តែទូលំទូលាយ។
ផ្សារទំនើប Chip Mong Tower ដែលមានចំនួន ៥ ជាន់ ត្រូវបានរចនាឡើងតាមគំនិតច្នៃប្រឌិតផ្សេងៗគ្នា ដើម្បីផ្តល់បរិយាកាស និងបទពិសោធន៍ទិញទំនិញប្លែកថ្មីដល់អតិថិជន ព្រមទាំងទាក់ទាញម៉ាកយីហោពីវិស័យអាជីវកម្មចម្រុះ ពិសេសម៉ាកយីហោក្នុងស្រុក ដែលជាស្នាដៃរបស់កូនខ្មែរ។
ការត្រៀមបើកដំណើរការផ្សារទំនើប ជីប ម៉ុង ថៅវើ មិនត្រឹមតែជាការពង្រីកវត្តមានក្នុងវិស័យលក់រាយរបស់ ជីប ម៉ុង ប៉ុណ្ណោះទេ ប៉ុន្តែ ជាការផ្តល់ឱកាសដល់ម៉ាកយីហោក្នុងស្រុក (Local Brands) ដើម្បីពង្រីកទីផ្សារ បង្កើនសក្តានុពលអាជីវកម្ម និងជំរុញការរីកចម្រើនរួមគ្នាប្រកបដោយចីរភាព៕