សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកវិស័យថាមពលជាវិស័យអាទិភាពមួយរបស់កម្ពុជាក្នុងការធានាសន្តិសុខថាមពល និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។ កត្តានេះបានជំរុញឱ្យ សម្តេចធិបតី ក្នុងអំឡុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ បានស្នើឱ្យភាគីឡាវជួយពិចារណា និងរិះរកដំណោះស្រាយសមស្របណាមួយ ដើម្បីធ្វើយ៉ាងណាអាចធានាឱ្យបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលវេលា។
ទន្ទឹមនឹងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរដ្ឋាភិបាលឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងបានខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាជាច្រើននៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។
នៅចំពោះមុខសម្តេចធិបតី លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវបានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេសចំពោះការរៀបចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជាពីជំនាន់មុនមកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះប្រមុខរដ្ឋឡាវ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតីប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និងទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ប្រធានរដ្ឋឡាវរូបនេះ បានបញ្ជាក់ប្រាប់ សម្តេចធិបតី ថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន៕