ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) របស់សិង្ហបុរី អាជ្ញាធរទីផ្សារថាមពល (EMA) និងទីភ្នាក់ងារ IEA បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួមគ្នាមួយកាលពីថ្ងៃអង្គារ ទី១៣ ខែកុម្ភៈថា ការិយាល័យនេះគ្រោងនឹងចាប់ផ្តើមធ្វើប្រតិបត្តិការនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៤នេះ។
ការបង្កើតការិយាល័យនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសម្រាប់ខួបលើកទី៥០ឆ្នាំរបស់ទីភ្នាក់ងារ IEA នៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃអង្គារ ហើយការិយាល័យនេះ នឹងបម្រើជាមជ្ឈមណ្ឌលសម្រាប់សកម្មភាព និងការចូលរួមរបស់ទីភ្នាក់ងារ IEA នៅក្នុងតំបន់ និងក្រៅពីតំបន់នេះ ដើម្បីផ្តល់ការណែនាំពីគោលនយោបាយ ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាល។
សេចក្ដីថ្លែងការណ៍រួមនេះបាននិយាយថា មជ្ឈមណ្ឌលនេះនឹងផ្តោតលើការបង្កើនការដាក់ពង្រាយថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាថាមពលស្អាតផ្សេងទៀត ការបង្កើនពាណិជ្ជកម្មថាមពលឆ្លងដែន និងការកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើថាមពលស្អាត។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសិង្ហបុរីលោក តាន់ ស៊ី ឡេង ជឿជាក់ថា ការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការថ្នាក់តំបន់នេះ នឹងធ្វើឱ្យសិង្ហបុរីពង្រីកភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយនឹងទីភ្នាក់ងារមួយនេះ ហើយវានឹងក្លាយជាអង្គការអន្តរជាតិ ដែលផ្តោតលើថាមពលដំបូងគេនៅសិង្ហបុរី និងជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រសម្រាប់ទីភ្នាក់ងារ IEA នៅអាស៊ីប៉ាស៊ីហ្វិក។
ទីភ្នាក់ងារ IEA គឺជាអង្គការអន្តររដ្ឋាភិបាលមួយ ដែលផ្តល់ការវិភាគ ទិន្នន័យ អនុសាសន៍គោលនយោបាយ និងដំណោះស្រាយ ដើម្បីជួយប្រទេសនានាក្នុងការផ្លាស់ប្តូរទៅរកថាមពលប្រកបដោយនិរន្តរភាព ហើយសិង្ហបុរីបានចូលជាសមាជិកទីភ្នាក់ងារនេះក្នុងឆ្នាំ២០១៦៕