
របាយការណ៍ផែនទីបង្ហាញផ្លូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាគំនិតផ្តួចផ្តើមការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និង ការវិនិយោគ (3Ei) ដែលផ្តល់មូលនិធិដោយទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)និងសហគ្រិនខ្មែរ(KE)។
ផែនទីនេះ គឺជាផលិតផលនៃដំណើរការពិគ្រោះពិភាក្សាក្នុងរយៈពេលបីឆ្នាំ ដែលមានការចូលរួមពីស្ថាប័ន រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិនិយោគិន ស្ថាប័នគាំទ្រសហគ្រិនភាព (ESOs) និងស្ថាបនិកនៅទូទាំងប្រទេស។ សកម្មភាពនេះ កើតមានឡើងជាបន្តបន្ទាប់តាមរយៈកម្មវិធីការជួបជុំមួយថ្ងៃនៃសហគ្រិន, សិក្ខាសាលារបស់ ភាគីពាក់ព័ន្ធ និងការស្ទង់មតិដើម្បីឆ្លុះបញ្ចាំងពីភាពជាក់ស្តែង។ ផែនទីបង្ហាញផ្លូវ ត្រូវបានរៀបចំឡើងដើម្បី ដើរតួនាទីជាឯកសារសម្រាប់ផ្សារភ្ជាប់កម្មវិធី និងការវិនិយោគ ដោយស្របតាមដែនយុទ្ធសាស្ត្រ ចំនួនប្រាំមួយ៖ ការគាំទ្រ, ហិរញ្ញវត្ថុ, ទីផ្សារ, វប្បធម៌, មូលធនមនុស្ស, និងគោលនយោបាយ។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បាន មានប្រសាសន៍ថា៖ “ផែនទីបង្ហាញផ្លូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព គឺជាឯកសាររស់មួយ ដែលបានទទួល ធាតុចូលពីដៃគូហើយបានបង្ហាញអំពីសមិទ្ធផល និងគោលដៅដែលគួរបន្តធ្វើរួមគ្នា ដើម្បីគាំទ្រដល់ដំណើរការ អភិវឌ្ឍន៍សហគ្រិនភាព។ ស្ថាប័ននីមួយៗ គាំទ្រប្រព័ន្ធអេកូឡូស៊ីមានលក្ខណៈខុសៗគ្នា ប៉ុន្តែមានសារៈសំខាន់ ដូចគ្នា ដូច្នេះ ការចែករំលែកព័ត៌មាន និងការសម្របសម្រួល គឺមានសារៈសំខាន់ក្នុងការគាំទ្រដល់ ប្រព័ន្ធអេកូឡូស៊ី។”
ចំណុចស្នូលរបស់ផែនទីបង្ហាញផ្លូវ គឺធ្វើការដោះស្រាយបញ្ហាប្រឈម ដែលសហគ្រិនភាគច្រើនបានជួបប្រទះ រួមមាន៖ ប្រព័ន្ធគាំទ្រដែលបែងចែក និងសមត្ថភាពដែលមានកំណត់, ការរាំងស្ទះលើលទ្ធភាពទទួលបាន ហិរញ្ញវត្ថុ, ការតភ្ជាប់ទីផ្សារនៅមានកំរិត, មិនហ៊ានសាកល្បងនូវហានិភ័យ និងកង្វះបុគ្គលគំរូ, គម្លាតជំនាញ, និងបទប្បញ្ញត្តិដែលគ្មានប្រសិទ្ធភាព។ ផងដែរនោះ ក៏ឆ្លុះបង្ហាញអំពីឱកាសថ្មីៗដូចជា៖ ការចាប់យកប្រព័ន្ធ ឌីជីថល, ការចូលរួមរបស់អ្នកចំណាកស្រុក, សមាហរណកម្មទីផ្សារក្នុងតំបន់, និងការសម្របសម្រួលគោល នយោបាយ។ តាមរយៈការគូសភ្ជាប់កម្មវិធីគាំទ្រចំនួន ១៤៧ ដែលគ្រប់ដណ្តប់លើដំណើរការនៃសហគ្រិនភាព ទៅតាមដំណាក់កាលនីមួយៗ ដោយគិតចាប់ពី មុនពេលដំណើរការរហូតដល់ការរីកចំរើន និងការពង្រីកបន្ថែម ផែនទីបង្ហាញផ្លូវ បានបង្ហាញយ៉ាងជាក់ច្បាស់នូវសកម្មភាពដែលត្រូវការ ជាពិសេសនៅក្នុងខេត្តដែលមាន តម្រូវការខ្ពស់ ដូចជាខេត្តសៀមរាប និងខេត្តបាត់ដំបង។

លោក Christian Disler អនុប្រធាននៃទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ប្រចាំប្រទេសកម្ពុជា បានសង្កត់ធ្ងន់លើតម្រូវការបន្ថែមទៀតសម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលមានលក្ខណៈចម្រុះ បរិយាបន្ន និងទៅតាមទម្រង់សេដ្ឋកិច្ចផ្លូវការ ជាពិសេសចំពោះវិបត្តិដែលកំពុងបន្តកើតមានឡើង។ គាត់បញ្ជាក់ ទៀតថា “ផែនទីបង្ហាញផ្លូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព បានផ្តល់នូវការណែនាំជាក់ស្តែងលើការជំរុញ បរិយាកាសដល់អាជីវកម្មដែលមានខា្នតតូច និងមានភាពច្នៃប្រឌិត អោយមានលទ្ធភាពទទួលបានដើមទុន នៅក្នុងការពង្រីកអាជីវកម្ម ដើម្បីចូលរួមចំណែកជួយដល់ប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំ។ អ្វីដែលយើងត្រូវការ នៅពេលនេះ គឺការធ្វើសកម្មភាពរួមគ្នា ដើម្បីឲ្យផែនទីបង្ហាញផ្លូវនេះក្លាយជាការពិត។”

កញ្ញា Sujin Kim នាយករងប្រចាំប្រទេសនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានមាន ប្រសាសន៍ថា “ក្នុងចំណោមគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បី គាំទ្រដល់ធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម គម្រោង 3Ei (ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ) ជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយ ពីព្រោះគម្រោងនេះ មិនត្រឹមតែគាំទ្រដល់អាជីវកម្មជា លក្ខណៈបុគ្គលប៉ុណ្ណោះ ទេ ប៉ុន្តែជួយដល់ប្រព័ន្ធអេកូឡូស៊ីទាំងមូល។ តាមរយៈគម្រោងរួមគ្នាជាមួយ សហគ្រិនខ្មែរ (KE) ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងអង្គការស្វីសខន់ថាក់ (Swisscontact) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាននឹងកំពុងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីនៃធុរកិច្ចថ្មី របស់កម្ពុជា។ នេះជាឱកាសដ៏ពិសេស ព្រោះពួកយើង មិនត្រឹមតែប្រារព្ធពិធីសម្ពោធផែនទីបង្ហាញផ្លូវប្រព័ន្ធ អេកូឡូស៊ីសហគ្រិនភាពរបស់កម្ពុជា ប៉ុណ្ណោះទេ ព្រមទាំងរៀបចំកម្មវិធីជួបជុំ១ថ្ងៃដើម្បីសហគ្រិន (Give A Day) លើកទី៣១ ផងដែរ។ គំនិតផ្តួចផ្តើមនេះ បានតំណាងឱ្យស្មារតីជាសហគមន៍ និងកម្លាំងនៃការជួយគ្នា ទៅវិញទៅមក។ វាពិតជាសក្តិសមណាស់ ដែលយើងប្រារព្ធពិធីសម្ពោធជាផ្លូវការនៅថ្ងៃនេះ ស្របពេលដែល ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ត្រូវបានគូសវាសឡើងដោយឈរលើគោលការណ៍ដូចគ្នាដែលមានដូចជា៖ វប្បធម៌នៃការសហការ ការគាំទ្រគ្នាទៅវិញទៅមក និងចក្ខុវិស័យរីកចម្រើនរួមគ្នាសម្រាប់ថ្ងៃស្អែក។”
ផែនទីបង្ហាញផ្លូវនេះ ណែនាំអំពីអនុសាសន៍ដែលអាចអនុវត្តបានចំនួន ១៩ ដែលកំណត់ទៅតាមរយៈពេលខ្លី (ចាប់ពី 0-៣ឆ្នាំ) មធ្យម (ចាប់ពី ៣-៥ឆ្នាំ) និងវែង (ចាប់ពី ៥ឆ្នាំឡើងទៅ)។ អនុសាសន៍ណែនាំទាំងនេះ បង្កើតទម្រង់ជាផ្លូវបង្ហាញទិសផ្តល់ផលវិជ្ជមានរួមគ្នាមួយ ដែលណែនាំដល់តួអង្គនៃប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើការ ផ្តោតទៅលើធនធានដែលចាំបាច់, កាត់បន្ថយភាពដដែលនៃកម្មវិធីនានា, និងបង្កើនផលរីកចំរើនសម្រាប់ សហគ្រិនភាពនៅទូទាំងប្រទេស។ រចនាសម្ព័ន្ធរបស់ផែនទីបង្ហាញផ្លូវ អនុញ្ញាតឱ្យភាគីពាក់ព័ន្ធផ្លាស់ប្តូរពីកិច្ច ខិតខំប្រឹងប្រែងដែលបែងចែកគ្នាទៅជាយុទ្ធសាស្ត្រសម្របសម្រួល ដើម្បីធានាឱ្យបានថាការអន្តរាគមន៍នឹងអាច សម្របសម្រួលទាន់ពេលវេលា និងជួយពង្រឹងគ្នាទៅវិញទៅមក។
កម្មវិធីបើកសម្ពោធរបាយការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងកម្មវិធីការជួបជុំមួយថ្ងៃដើម្បីសហគ្រិនលើកទី៣១ ដែលជាវេទិកាធ្វើបទបង្ហាញអំពីការរកឃើញ និងទិសដៅជាយុទ្ធសាស្ត្ររបស់ផែនទីបង្ហាញផ្លូវទៅដល់អ្នកចូល រួមដែលជាភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ នៅក្នុងកម្មវិធីក៏មានកិច្ចពិភាក្សាលើប្រធានបទ "ជំរុញការ ផ្លាស់ប្តូរជាប្រព័ន្ធ៖ ការកែទម្រង់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជា" ដែលមានការចូលរួមចែករំលែកពី ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។ កិច្ចពិភាក្សា ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជា ម្ចាស់សមូហភាព និងការសម្របបែបយុទ្ធសាស្ត្រដើម្បីជំរុញការផ្លាស់ប្តូរជាប្រព័ន្ធ។

លោកបណ្ឌិត Daniel Nugraha នាយកប្រចាំប្រទេសកម្ពុជានៃអង្គការស្វីសខន់ថាក់ បានមានប្រសាសន៍ថា “ផែនទីបង្ហាញផ្លូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ត្រូវបានរៀបរៀងឡើងតាំងពីដើមឆ្នាំ២០២៣ ដោយផ្អែកលើ ការយល់ឃើញពីតួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា។ ក្នុងកំឡុងពេលនេះ យើងកំពុងទន្ទឹងរង់ចាំ នូវពេលដែលផែនទីបង្ហាញផ្លូវនេះ ត្រូវបានលេចចេញជារូបរាងឡើងជាផ្លូការ។ ជាឧបករណ៍ដែលបង្កើតឡើង សម្រាប់អ្នកបង្កើតប្រព័ន្ធអេកូឡូស៊ី ភាពជោគជ័យរបស់ផែនទីនេះអាស្រ័យលើកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បី ដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើង។ យើងចង់ឃើញការណែនាំរបស់ផែនទីនេះ ត្រូវបានអនុវត្ត ហើយប្រព័ន្ធអេកូឡូស៊ីមានការវិវឌ្ឍទៅមុខតាមរយៈការសម្របសម្រួល និងការធ្វើសកម្មភាពរួមគ្នា។”
សហគ្រិនខ្មែរ និងអង្គការស្វីសខន់ថាក់ រួមគ្នាអំពាវនាវដល់តួអង្គប្រព័ន្ធអេកូឡូស៊ីទាំងអស់ឱ្យមានភាពរួមគ្នាលើ កម្មវិធីនាពេលអនាគត ការកៀរគរធនធាន កិច្ចសម្របសម្រួលរួមគ្នា ឱ្យស្របជាមួយនឹងទិសដៅយុទ្ធសាស្ត្រ របស់ផែនទីបង្ហាញផ្លូវ ដើម្បីកាត់បន្ថយការអនុវត្តកម្មវិធីដូចគ្នា និងបង្កើនប្រសិទ្ធភាព។ ផែនទីនេះ មិនមែន គ្រាន់តែជាឯកសារប៉ុណ្ណោះទេ តែវាគឺជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែល រួមបញ្ចូលគ្នាទាំងបរិយាបន្ន ភាពធន់ និងឱកាសសម្បូរបែបនៅក្នុងប្រទេសកម្ពុជា។ ពិធីសម្ពោធនេះជាការបើក ជំពូកថ្មីមួយដែលកំណត់ដោយការសហការគ្នា សកម្មភាពផ្អែកលើភស្តុតាងនិងមានផលវិជ្ជមានរយៈពេលវែង។



