សារព័ត៌មាន South China Morning Post បានរាយការណ៍នៅថ្ងៃទី២០ ខែវិច្ឆិកា ថា ជម្លោះការទូតរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរនៅអាស៊ី ចិន និងជប៉ុន ដែលកំពុងឡើងកម្តៅដូចបាយពុះ អាចធ្វើឱ្យសេដ្ឋកិច្ចរបស់ជប៉ុន ខាតបង់រាប់ពាន់លានដុល្លារ។ បើតាមការលើកឡើងរបស់លោក តាកាហ៊ីដេ គីយូជី (Takahide Kiuchi) អ្នកសេដ្ឋកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវណូមូរ៉ា (Nomura) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ គ្រាន់តែទីផ្សារទេសចរណ៍ចិន អាចធ្វើឱ្យជប៉ុនខាតបង់រហូតដល់ជិត១០ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ទំហំនៃផលប៉ះពាល់នេះត្រូវបានព្យាករទុកបន្ទាប់ពីទីក្រុងប៉េកាំង បានប្រាប់ពលរដ្ឋខ្លួនកាលពីសប្តាហ៍មុន ឱ្យចៀសវាងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី សាណាអិ តាកាអ៊ិឈិ បាននិយាយចំចំណុចរសើបពាក់ព័ន្ធបញ្ហានៅកោះតៃវ៉ាន់។
មកទល់ពេលនេះ ផលប៉ះពាល់លើវិស័យទេសចរណ៍បង្ហាញរូបរាងហើយ ពោលគឺបន្ទាប់ពីចិន ចេញការព្រមានមិនឱ្យជនជាតិចិន ធ្វើដំណើរទៅលេងកម្សាន្តនៅប្រទេសជប៉ុន ក្រុមហ៊ុនអាកាសចរណ៍ចិន បានកត់ត្រាការលុបចោលសំបុត្រធ្វើដំណើរមកជប៉ុន រហូតដល់ជាង៤៩ម៉ឺនសំបុត្រចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា។
ក្រៅពីហាមពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសជប៉ុន មហាយក្សចិន ក៏បានប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនផងដែរ ដែលវាអាចនឹងគំរាមកំហែងដល់ឧស្សាហកម្មកែច្នៃ និងនាំចេញគ្រឿងសមុទ្ររបស់ប្រទេសនេះ។ ការកើនឡើងជម្លោះការទូតនេះ ក៏នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ទីក្រុងតូក្យូ ដែលកំពុងរងគ្រោះស្រាប់ដោយសារបញ្ហាពន្ធគយរបស់អាម៉េរិក។
ជាក់ស្តែងកាលពីថ្ងៃទី១៩ ខែវិច្ឆិកា តម្លៃប្រាក់យ៉េនរបស់ជប៉ុនបានបន្តធ្លាក់ចុះបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក បន្ទាប់ពីធ្លាក់ចុះលើសពីកម្រិតស្តង់ដា ពោលគឺ១ដុល្លារអាចប្តូរបាន១៥៥យ៉េន ស្របពេលដែលតម្លៃមូលបត្របំណុលនៅផ្សារហ៊ុនជប៉ុន ក៏កំពុងមាននិន្នាការធ្លាក់ចុះផងដែរ៕
ដោយៈ សរ សុជាតិ