មន្ត្រីសហភាពអឺរ៉ុបបាននិយាយថាកិច្ចប្រជុំកំពូលអន្តរប្លុកទាំង ២ នេះនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែធ្នូ នៅទីក្រុងព្រុចសែល។ កិច្ចប្រជុំលើកនេះ ប្រមុខរដ្ឋ និង ថ្នាក់ដឹកនាំប្រទេសមកពីបណ្តាប្រទេសអាស៊ាន និង សហភាពអឺរ៉ុប នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។ ប៉ុន្តែ មេដឹកនាំប្រទេសមីយ៉ាន់ម៉ា លោកឧត្តមសេនីយ Min Aung Hlaing ទំនងជាមិនត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនោះទេ ដោយសារតែសកម្មភាពដ៏អាក្រក់នៃការធ្វើរដ្ឋប្រហារបស់មេដឹកនាំយោធារូបនេះនៅក្នុងតំបន់ធ្វើឱ្យសមាជិកអាស៊ាន និង សហភាពអឺរ៉ុបមានការថ្កោលទោសជាខ្លាំង ។
កិច្ចប្រជុំកំពូលឆ្នាំនេះ គឺចំពេលខួបលើកទី ៤៥ នៃសហគមន៍សេដ្ឋកិច្ចអ៊ឺរ៉ុបដែលបានបង្កើតទំនាក់ទំនងផ្លូវការជាមួយអាស៊ាន។ ការបើកកិច្ចប្រជុំកំពូលរវាងប្លុកទាំង ២ នេះឡើងចំពេលភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហភាពអឺរ៉ុប និង រុស្ស៊ី ក៏ដូចជាទំនាក់ទំនងកាន់តែរង្គះរង្គើររវាងប្លុកអឺរ៉ុប និង ចិន ដែលទីក្រុងកាំងពេលនេះកំពុងខិតទៅកាន់តែជិតស្និតខ្លាំងឡើងជាមួយទីក្រុងម៉ូស្គូ។ ក្នុងនោះ សម្រាប់បញ្ហាទាំងនេះ អាស៊ាននឹងត្រូវយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះអឺរ៉ុបលើផ្នែកសេដ្ឋកិច្ច ការទូត និង សន្តិសុខ ដើម្បីរក្សាគោលជំហរបស់ខ្លួនមិនលំអៀងទៅផ្នែកណាមួយ។
លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និង គោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុបបាននិយាយក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកាលពីថ្ងៃទី ៤ ខែសីហា ជាមួយសមភាគីអាស៊ានថា ប្លុកអឺរ៉ុបប្តេជ្ញាក្នុងការចូលរួមនៅក្នុងតំបន់ ហើយមើលឃើញសមាជិកអាស៊ានជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន។ ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកក៏បានយល់ព្រមលើកកម្ពស់ទំនាក់ទំនងជាមួយអាស៊ានទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងកិច្ចប្រជុំកំពូលក្នុងខែឧសភាដែលធ្វើឡើងនៅសហរដ្ឋអាមេរិកផ្ទាល់ផងដែរ។
នៅក្នុងកិច្ចប្រជុំរវាងសហភាពអឺរ៉ុប និងអាស៊ាន ដែលនឹងធ្វើឡើងនៅខែធ្នូ ចុងឆ្នាំ ២០២២ នេះ សហភាពអឺរ៉ុប និងអាស៊ានគ្រោងនឹងពិភាក្សាអំពីការបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់នៅក្នុងកិច្ចប្រជុំ និងបញ្ហាជំងឺរាតត្បាតកូវីត ១៩ ការនាំចូលផលិតផលវេជ្ជសាស្រ្ត និង គ្រឿងបន្លាស់រថយន្តសម្រាប់ប្លុកអឺរ៉ុប ដែលត្រូវបានគេរំពឹងថា នឹងផ្តល់ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង កិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសអាស៊ីអាគ្នេយ៍បន្ថែមទៀត។
អឺរ៉ុបនឹងលើកទឹកចិត្តអាស៊ីអាគ្នេយ៍ឱ្យបំពេញតួនាទីដ៏សំខាន់នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សម្រាប់លោកខាងលិច ដោយផ្អែកលើគំនិតនៃការពង្រឹងមិត្តភាព ក្នុងចំណោមប្រទេសដែលមានគុណតម្លៃរួម។
គួររំឮកថា សហភាពអឺរ៉ុបមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាធរមានជាមួយសមាជិកអាស៊ានរួចទៅហើយ រួមមាន សិង្ហបុរី និង វៀតណាម ខណៈពេលដែលកំពុងសម្លឹងរកមើលការពន្លឿនការចរចាស្រដៀងគ្នាជាមួយឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង ថៃផងដែរ។
គួរជម្រាបថា ទិន្នន័យរបស់អង្គការសហប្រជាជាតិបង្ហាញថា ប្លុកអឺរ៉ុប និង ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បានជួញដូរទំនិញមានតម្លៃ ២៥០ ពាន់លានដុល្លារកាលពីឆ្នាំមុន។ អាស៊ានគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់សហភាពអឺរ៉ុបនៅពេលរួមបញ្ចូលគ្នានូវសមាជិកទាំង ១០ របស់អាស៊ាន ទោះបីជាតួលេខសរុបនៅតែតិចជាងប្រទេសចិន សហរដ្ឋអាមេរិក និង រុស្ស៊ីក្នុងឆ្នាំ ២០២១ ក៏ដោយ៕