ថ្លែងនៅក្នុងពិធីបើកសិក្ខាសិលាផ្សព្វផ្សាយ និងបិទគម្រោងស្ដីពីកម្មវិធីពិពិធកម្ម និងជំរុញការនាំចេញរបស់កម្ពុជា ជំហានទី២ ផ្នែកជលផលសមុទ្រ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី បានលើកឡើងថា ការដាក់កាតក្រហម ពិន័យកម្ពុជាមិនឲ្យនាំចេញផលនេសាទសមុទ្រទៅកាន់ទីផ្សារសហភាពអឺរ៉ុប នៅតែជាក្ដីកង្វល់មួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាបញ្ហាមួយដែលរាជរដ្ឋាភិបាលកំពុងដុតដៃដុតជើង ដើម្បីសម្របសម្រួលជាមួយសហភាពអឺរ៉ុបឲ្យដកកាតក្រហមនេះចេញពីកម្ពុជាឲ្យបានឆាប់ ដើម្បីធ្វើយ៉ាងណាពង្រីកទីផ្សារអន្តរជាតិសម្រាប់ជលផលសមុទ្រកម្ពុជា ឲ្យកាន់តែមានភាពធំទូលាយជាងមុន។
ស្រដៀងគ្នានេះដែរ មិនត្រឹមតែកម្ពុជានោះទេ ដែលទទួលបានកាតក្រហមហាមឃាត់មិនឲ្យនាំជលផលសមុទ្រទៅកាន់ទីផ្សារអឺរ៉ុប កាលពីពេលកន្លងទៅនេះ ប្រទេសថៃក៏ទើបតែទទួលបានកាតលឿង ព្រមានពីសហភាពអឺរ៉ុបផងដែរ ទាក់ទងនឹងការធ្វើទុក្ខបុកម្និញលើកម្មករនេសាទ។
នៅពេលដែលត្រូវបានសួរថា តើធ្វើយ៉ាងណា ទើបកម្ពុជាអាចដកកាតក្រហមនេះចេញបាន? រដ្ឋមន្ត្រីក្រសួងកសិកម្មបានលើកឡើងថា ក្រសួងធ្លាប់បានទៅពិភាក្សាផ្ទាល់ជាមួយសហភាពអឺរ៉ុប នៅទីក្រុង ប្រ៊ុចសែលម្ដងរួចមកហើយ ដែលបានឆ្លើយនឹងសំណួរចោទសួរជាច្រើនពីសហភាពអឺរ៉ុបទាក់ទងនឹងបញ្ហានេះ។
យ៉ាងណាក៏ដោយ ឯកឧត្តមជឿជាក់ថា មិនយូរមិនឆាប់នោះទេ យើងនឹងអាចចរចាទទួលបានជោគជ័យ ប្រសិនបើយើងមិនបណ្ដោយឲ្យបទល្មើសជលផលផ្សេងទៀតកើតមាន។ ឯកឧត្តមបន្ថែមថា រដ្ឋាភិបាលក៏គ្រោងនឹងធ្វើការរួមគ្នាជាមួយសហភាពអឺរ៉ុប និងភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់ នៅលើផ្ទៃសមុទ្រ ដូចជា ការចូលមកនេសាទខុសច្បាប់ពីប្រទេសជិតខាងជាដើម។
បើតាមប្រសាសន៍របស់ឯកឧត្តម វេង សាខុន គិតមកទល់ពេលនេះ ជលផលនេសាទសមុទ្ររបស់កម្ពុជាមិនទាន់បាននាំចេញក្នុងទំហំធំទៅកាន់ទីផ្សារអន្តរជាតិច្រើននៅឡើយទេ ដោយគ្រាន់តែមាននាំចេញមួយចំនួនទៅកាន់ថៃ និងខ្លះទៀតនាំចេញទៅកាន់ហុងកុងបណ្ណោះ។
យ៉ាងណាក៏ដោយ វិស័យជលផលសរុបរបស់កម្ពុជា ក៏បានចូលរួមចំណែកប្រមាណ៣០% នៃផលិតផលសរុបនៃវិស័យកសិកម្មទាំងមូលផងដែរ និងបានផ្ដល់ការងារជូនប្រជាពលរដ្ឋ ដោយផ្ទាល់ និងប្រយោល ជាង៦លាននាក់។
របាយការណ៍ក្នុងឆ្នាំ២០១៦ បង្ហាញថា ផលិតផលត្រីសរុបមានប្រមាណជាង ៨សែនតោន ដែលក្នុងនោះ ផលត្រីទឹកសាបមានចំនួន ជាង៥សែនតោន រីឯផលនេសាទសមុទ្រមានជាង១សែនតោន និងវារីវប្បកម្មមានជិត ២សែនតោន៕