ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺសូឡា វ៉ុនដឺ ឡេយិន (Ursula von der Leyen) បាននិយាយថា គណៈកម្មការនេះពេញចិត្តនឹងការបង្កើតកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងធនាគាររុស្ស៊ីចំនួន៣បន្ថែមទៀត និងការរឹតបន្តឹងលើការត្រួតពិនិត្យការនាំចេញថ្មី ជាពិសេសសម្រាប់ទំនិញដូចជាសារធាតុគីមីសំខាន់ៗ ថ្នាំពុល គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន។
លោកស្រី ឡេយិន បាននិយាយថា ប្រទេសរុស្ស៊ីបានបន្តនាំមកនូវការសម្លាប់មនុស្ស និងការបំផ្លិចបំផ្លាញដល់អ៊ុយក្រែន ហើយកំពុងកំណត់គោលដៅវាយប្រហារទៅលើជនស៊ីវិល និងហេដ្ឋារចនា សម្ព័ន្ធស៊ីវិលដោយចេតនាដោយព្យាយាមធ្វើឱ្យប្រទេសអ៊ុយក្រែនត្រូវរងគ្រោះធ្ងន់ធ្ងរនៅដើមរដូវរងានេះ។
លោកស្រីបានបន្ថែមថា កញ្ចប់ទណ្ឌកម្មទាំង៨ ដែលសហភាពអឺរ៉ុបបានបង្កើតឡើងមកទល់នឹងពេលនេះ បានបង្កផលពិបាកដល់រុស្ស៊ីរួចទៅហើយ ហើយឥឡូវនេះប្លុកមួយនេះចង់បង្កើនសម្ពាធលើរុស្ស៊ីបន្ថែមទៀតជាមួយកញ្ចប់ទណ្ឌកម្មទី៩ថ្មីមួយទៀត។
រាល់ការដាក់ទណ្ឌកម្មទាំងអស់ គឺទាមទារឱ្យមានការគាំទ្រជាឯកច្ឆន្ទពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ របស់ប្លុកនេះ ប៉ុន្តែវិធានការភាគច្រើនដែលបានស្នើឡើងក្នុងកញ្ចប់ទាំង ៨ មុននេះត្រូវបានអនុម័តដោយតំណាងក្រុមប្រឹក្សាអឺរ៉ុបក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបើទោះជាវិធានការមួយចំនួនមិនត្រូវបានអនុវត្តក៏ដោយ។
សូមរំលឹកថា កញ្ចប់ទណ្ឌកម្មទី៨ត្រូវបានអនុម័តកាលពីថ្ងៃទី ៥ ខែតុលា ហើយវាបានរួមបញ្ចូលការរឹតបន្តឹងពាណិជ្ជកម្ម និងកំណត់គោលដៅលើបុគ្គលកាន់តែច្រើន។
លោកស្រី ឡេយិន បាននិយាយថា បុគ្គល និងអង្គភាពថ្មីដែលស្នើឱ្យដាក់បញ្ចូលក្នុងបញ្ជីទណ្ឌកម្មទាំងនេះ រួមមានកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីក៏ដូចជាមន្ត្រីបុគ្គល និងឧស្សាហកម្មការពារជាតិ សមាជិកសភាឌូម៉ា និងក្រុមប្រឹក្សាសហព័ន្ធ រដ្ឋមន្ត្រី អភិបាល និងគណបក្សនយោបាយមួយចំនួនទៀតផងដែរ។
លោកស្រីបានបន្ថែមថា បញ្ជីនេះបានគ្របដណ្តប់លើមន្ត្រីឥស្សរជនពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលដ៏ឃោរឃៅនិងចេតនារបស់រុស្ស៊ីទៅលើជនស៊ីវិលក្នុងការចាប់ពង្រត់កុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី និងក្នុងការលួចផលិតផលកសិកម្មអ៊ុយក្រែនផងដែរ។
គណៈកម្មការនេះក៏បានស្នើសុំដាក់ទណ្ឌកម្មប្រឆាំងនឹងធនាគាររបស់រុស្ស៊ីចំនួន ៣ បន្ថែមទៀតរួមទាំងការហាមឃាត់ប្រតិបត្តិការពេញលេញលើធនាគារអភិវឌ្ឍន៍តំបន់របស់រុស្ស៊ីដើម្បីធ្វើឱ្យម៉ាស៊ីនសាច់ប្រាក់របស់លោក ពូទីន កាន់តែលែងដំណើរការបន្ថែមទៀតផងដែរ។
គណៈកម្មការអឺរុបមានបំណងបន្ថែមទៀតក្នុងការកាត់បន្ថយការទទួលបាននូវយន្តហោះគ្មានមនុស្សបើកទាំងខ្នាតតូចនិងខ្នាតធំ និងហាមឃាត់ការនាំចេញម៉ាស៊ីនយន្តហោះដ្រូនដោយផ្ទាល់ទៅកាន់ប្រទេសរុស្ស៊ី និងទៅកាន់ប្រទេសទី៣ដូចជាប្រទេសអ៊ីរ៉ង់ ដែលគេជឿថាអាចផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកទៅឱ្យប្រទេសរុស្ស៊ីថែមទៀត៕
អត្ថបទ ៖ សុខ ជា