តម្លៃអាគុយយានយន្ដអគ្គិសនី

តម្លៃអាគុយយានយន្ដអគ្គិសនីបានហក់ឡើងថ្លៃជាលើកដំបូង កំពុងគំរាមកំហែងដល់ទីផ្សារយ៉ាងណាខ្លះ?


តម្លៃអាគុយរថយន្តអគ្គិសនី បានឡើងថ្លៃជាលើកដំបូងក្នុងរយៈពេល ១ទសវត្សរ៍មកនេះ ហើយនោះវាគឺជាបញ្ហាដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិត ដែលត្រូវគិតគូរវែងឆ្ងាយទៀត ក្នុងការបង្វែរពីរថយន្តសាំង ទៅផលិតរថយន្តអគ្គិសនី។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញមានជំនឿចិត្តថា បញ្ហាតម្លៃអាគុយនេះ គ្រាន់តែកើតឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ ដោយវានឹងធូរស្រាលមកវិញនាពីរបីឆ្នាំក្រោយ ដោយសារតែការវិនិយោគលើគម្រោងវត្ថុធាតុដើមសម្រាប់ផលិតអាគុយ។
តម្លៃអាគុយរថយន្តអគ្គិសនី ឡើងថ្លៃជាលើកដំបូងក្នុងរយៈពេល ១ទសវត្សរ៍

យោងតាម​របាយការណ៍​ថ្មីមួយ​ពី Bloomberg NEF បាន​ឱ្យដឹងថា ការកើនឡើង​តម្លៃ​អាគុយរថយន្ត​អគ្គិសនី គឺបណ្តាលមកពីការឡើង​ថ្លៃ​នូវវត្ថុធាតុដើម​សម្រាប់​ផលិតអាគុយ​ ដូចជា សារធាតុលីចូម កូបាល និងនីកែល​ជាដើម។ តម្លៃ​អាគុយជាមធ្យម​ បានកើនឡើងដល់ ១៥១ដុល្លារ​ក្នុង១គីឡូវ៉ាត់ម៉ោង នៅឆ្នាំ​២០២២នេះ កើនឡើង ៧% ពីឆ្នាំមុន។

របាយការណ៍​ដដែល​បន្តថា សម្រាប់អាគុយ​លក់នៅប្រទេសចិន មានតម្លៃធូរថ្លៃ គឺ១២៧ដុល្លារក្នុង១គីឡូវ៉ាត់ម៉ោង ខណៈនៅ​អាមេរិក និងអឺរ៉ុប មានតម្លៃខ្ពស់​ជាងនេះ ២៤% និង ៣៣%។

លោក Evelina Stoikou ជាអ្នកជំនាញម្នាក់ និងជាអ្នក​ដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា ការឡើងថ្លៃ​តម្លៃវត្ថុធាតុដើម និងគ្រឿងបង្គុំ គឺ​ជាកត្តា​រួម​ចំណែក​ដ៏ធំបំផុត ចំពោះ​តម្លៃអាគុយដែលកាន់តែថ្លៃ នៅក្នុងឆ្នាំ​២០២២នេះ។

លោកបន្ត​ថា ក្រុមហ៊ុនផលិតអាគុយ និងក្រុមហ៊ុនផលិត​រថយន្ត បាន​រិះរកយុទ្ធសាស្រ្តដើម្បីទប់ស្កាត់​កុំឱ្យការឡើងថ្លៃអាគុយនេះ​កាន់តែអាក្រក់ ក្នុងនោះ​ដូចជា ការវិនិយោគ​ដោយផ្ទាល់លើ​ការរុករករ៉ែ និង​កែច្នៃជាដើម។

បើតាមការរំពឹងរបស់ Bloomberg NEF ក្នុងរបាយការណ៍នេះបង្ហាញទៀតថា ​តម្លៃអាគុយ​នឹងនៅតែឡើងថ្លៃ​បន្តិចទៀតនៅឆ្នាំ២០២៣ គឺប្រហែល ១៥២ដុល្លារក្នុង១គីឡូវ៉ាត់ម៉ោង។

ទោះយ៉ាងណា របាយការណ៍ដដែលនេះអះអាងថា ការឡើងថ្លៃ​អាគុយនេះ ទំនងជាមិនទាន់ប៉ះពាល់​ខ្លាំង​ដល់តម្លៃរថយន្ត​ក្នុងរយៈពេលវែងនោះឡើយ ពោលគឺ​តម្លៃអាគុយ អាចនឹង​ធ្លាក់ចុះវិញ ក្នុងឆ្នាំ​២០២៤ នៅពេល​តម្លៃលីចូមធូរថ្លៃ ដោយ​សារ​វាកាន់តែសម្បូរ​តាមរយៈ​គម្រោងវិនិយោគ​នានា។ មិនតែប៉ុណ្ណោះ តម្លៃអាគុយ​អាចនឹងស្ថិតក្រោម ១០០ដុល្លារ​ក្នុង១គីឡូវ៉ាត់ម៉ោង នៅត្រឹមឆ្នាំ​២០២៦។

ជុំវិញ ការផ្គត់ផ្គង់អាគុយយានយន្ដអគ្គិសនីនេះ ក្រុមហ៊ុននៃប្រទេសលោកខាងលិច​បាននិងកំពុងខំព្យាយាមកាត់បន្ថយការពឹងផ្អែកពីប្រទេសចិន ខណៈដែលប្រទេសចិន បានផលិតអាគុយប្រមាណ ៣ ភាគ ៤ នៃអាគុយក្នុងពិភពលោក ហើយក៏គ្របដណ្តប់លើការផលិតរ៉ែ និងគ្រឿងបង្គុំសម្រាប់អាគុយផងដែរ។

ប៉ុន្ដែ អ្នកវិភាគរបស់ធនាគារវិនិយោគ Goldman Sachs ជឿជាក់ថា តម្រូវការសម្រាប់អាគុយអាចនឹងបំពេញគ្រប់គ្រាន់ ដោយគ្មានការផ្គត់ផ្គង់ពីប្រទេសចិន ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំក្រោយ ដោយសារតែការវិនិយោគធំៗ​របស់ក្រុមហ៊ុនកូរ៉េ LG និង SK Hynix នៅលើទឹកដីអាមេរិក៕

អត្ថបទ ៖ នៅ សំភី




អត្ថបទបន្ទាប់


គណៈកម្មការសហភាពអឺរ៉ុបស្នើបង្កើតកញ្ចប់ទណ្ឌកម្មទី៩ ដើម្បីប្រឆាំងនឹងប្រទេសរុស្ស៊ី

ព័ត៌មាន
គណៈកម្មការអឺរ៉ុបកាលពីថ្ងៃទី ៧ខែធ្នូ បានស្នើសុំការអនុម័តយល់ព្រមពីការបង្កើតកញ្ចប់ទណ្ឌកម្មទី៩ប្រឆាំងនឹងប្រទេសរុស្ស៊ីជុំវិញការឈ្លានពានទៅលើប្រទ…

ចិនប្រមូលទិញមាសទុកច្រើនបំផុតនៅជាង ៣ឆ្នាំមកនេះ ក្នុងគោលបំណងរើខ្លួនចេញពីឥទ្ធិពលប្រាក់ដុល្លាររបស់អាមេរិក

ព័ត៌មាន
ធនាគារកណ្តាលរបស់ប្រទេសចិន បានបង្កើននូវការបម្រុងទុកមាសរបស់ខ្លួនច្រើនបំផុតជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ដែលជាសញ្ញាបញ្ជាក់ច្បាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ