អឺរ៉ុបត្រៀមដាក់ទណ្ឌកម្មក្រុមហ៊ុនចិនជាលើកដំបូង!

EU គ្រោងដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ដែលជួយទ្រទ្រង់មធ្យោបាយធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន


សហភាពអឺរ៉ុបបានស្នើជាលើកដំបូងឱ្យមានការត្រៀមដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនគ្រាក់ៗមួយចំនួន ក្រោយពីមើលឃើញថាក្រុមហ៊ុនចិនទាំងនោះបានទ្រទ្រង់មធ្យោបាយធ្វើសង្គ្រាមរបស់រុស្ស៊ីនៅប្រទេសអ៊ុយក្រែន។ សំណើនេះទំនងជានឹងបង្កើនភាពតានតឹងជាមួយរដ្ឋាភិបាលបន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei Asia។
អឺរ៉ុបត្រៀមដាក់ទណ្ឌកម្មក្រុមហ៊ុនចិនជាលើកដំបូង!

បើតាមអ្វីដែលកាសែត ហ្វយនែនសល ថាមស៍ (Financial Times) បានមើលឃើញ សហភាពអឺរ៉ុបបានរៀបចំដាក់ក្រុមហ៊ុនចិនចំនួនប្រាំពីរចូលទៅក្នុងបញ្ជីនៃសេចក្ដីព្រាងកញ្ចប់ទណ្ឌកម្មថ្មីរបស់ខ្លួន។ សហភាពអឺរ៉ុបបានចោទប្រកាន់ក្រុមហ៊ុនទាំងនោះពីបទលក់ទៅឱ្យរុស្ស៊ី នូវឧបករណ៍ដែលអាចប្រើជាមួយសព្វាវុធនានារបស់រុស្ស៊ី។ សេចក្ដីព្រាងកញ្ចប់ទណ្ឌកម្មថ្មីនេះកំពុងត្រូវបានពិភាក្សាដោយរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប្រទេសក្នុងសប្តាហ៍នេះ។ សំណើដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិននេះត្រូវការការអនុម័តជាឯកច្ឆ័ន្ទពីរដ្ឋជាសមាជិកទាំងអស់មុននឹងអាចយកទៅអនុវត្តបាន។

ក្នុងចំណោមក្រុមហ៊ុទាំងនោះ មានក្រុមហ៊ុនខ្លះកំពុតស្ថិតនៅក្រោមដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិករួចហើយ ខណៈដែលចំណាត់ការរបស់សហភាពអឺរ៉ុបថ្មីនេះចង់ឬមិនចង់ ទំនងជានឹងបង្កើនសម្ពាធ និងភាពតានតឹងបន្ថែមទៀត ចំពោះរដ្ឋអំណាចប៉េកាំងដែលព្រួយបារម្ភខ្លាចសភាពអឺរ៉ុបចូលដៃចូលជើងជាមួយសហរដ្ឋអាមេរិកនៅក្នុងការប្រជែងឥទ្ធិពលគ្នាលើពិភពលោក។

ក្រុមហ៊ុនចិនដីគោកចំនួនពីរនៅក្នុងសំណើទណ្ឌកម្មអឺរ៉ុបនោះគឺក្រុមហ៊ុនបន្ទះគ្រឿងអេឡិចត្រូនិកទំនើបស៊្រីអេចស៊ី (3HC) និងក្រុមហ៊ុនបច្ចេកវិទ្យាឃីង-ប៉ៃ (King-Pai)។ ក្រុមហ៊ុនចិនពីរផ្សេងទៀតដែលមានមូលដ្ឋាននៅទីក្រុងហុងកុងគឺក្រុមហ៊ុនអេឡិចត្រូនិចស៊ីនណូ (Sinno) និងក្រុមហ៊ុនបច្ចេកវិទ្យាស៊ីកម៉ា (Sigma) ក៏ត្រូវបានដាក់បញ្ជូលទៅក្នុងសំណើដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែរ។ ក្រុមហ៊ុនចិនទាំងបួនខាងលើនេះកំពុងស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅឡើយ។

សំណើដាក់ទណ្ឌកម្មពីគណៈកម្មាការអឺរ៉ុបបាននិយាយថា វាពិតជាស័ក្តិសមក្នុងការបញ្ចូលក្រុមហ៊ុនមួយចំនួនផ្សេងទៀតនៅក្នុងប្រទេសទីបីទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន ដោយហេតុថាខ្លួនបានឃើញពីតួនាទីសំខាន់នៃធាតុផ្សំអេឡិចត្រូនិចសម្រាប់ប្រើប្រាស់ដោយយោធានិងឧស្សាហកម្មរបស់រុស្ស៊ីសម្រាប់គាំទ្រសង្គ្រាមឈ្លានពានប្រឆាំងនឹងអ៊ុយក្រែន។

ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយរួចហើយថា ក្រុមហ៊ុនឃីង-ប៉ៃ ផ្តល់គ្រឿងចម្លងអគ្គិសនីល្អិតៗឱ្យរុស្ស៊ីដែលមានកម្មវិធីកុំព្យូទ័រយោធាដែលប្រើប្រព័ន្ធនាំផ្លូវកាំជ្រួច។

សហភាពអឺរ៉ុបក៏កំពុងស្នើដាក់ទណ្ឌកម្មលើក្រុមហ៊ុនអ៊ីរ៉ង់មួយចំនួនដែលពាក់ព័ន្ធនឹងការផលិតនិងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រុស្ស៊ីដែរ។

មើលទៅ សហភាពអឺរ៉ុបកំពុងស្វែងរករបៀបដាក់ទណ្ឌកម្មជាទូទៅ ជាជាងដោយចំពោះ។ សេចក្តីព្រាងច្បាប់របស់ខ្លួនរួមមានវិធានការដែលអនុញ្ញាតឱ្យសហភាពអឺរ៉ុបដាក់កម្រិតលើការលក់ផលិតផលមួយចំនួនទៅកាន់ប្រទេសទីបីផងដែរ ប្រសិនបើសម្ពាធការទូតមិនផ្លាស់ប្តូរអាកប្បកិរិយារបស់ពួកគេទេនោះ។ ហើយរដ្ឋជាសមាជិកនៃប្លុកនេះនឹងត្រូវអនុម័តវិធានការរៀងរៀងខ្លួនប្រឆាំងនឹងក្រុមហ៊ុនឬប្រទេសទាំងនោះ។

សេចក្តីព្រាងកញ្ចប់ទណ្ឌកម្មនេះក៏មានចែងអំពីការហាមឃាត់នាវាដឹកប្រេងដែលលាក់ទីតាំងរបស់ពួកគេដោយគ្មានហេតុផលល្អពីកំពង់ផែនានារបស់សហភាពអឺរ៉ុបដែរ។ បើតាមកាសែតហ្វាយណែនសល ថែមស៍ កប៉ាល់ដឹកប្រេងបាននិងកំពុងគេចវេសពីការដាក់ទណ្ឌកម្មលើការនាំចូលប្រេងរបស់រុស្ស៊ីតាមផ្លូវសមុទ្រ ដោយយកលេសថាទំនិញរបស់ពួកគេនាំមកពីកន្លែងផ្សេង៕




អត្ថបទបន្ទាប់


ធនាគារ SME បានបញ្ចេញហិរញ្ញប្បទានជាង ៥៣លានដុល្លារហើយ សម្រាប់ជួយអាជីវកម្មទេសចរណ៍

គិតមកត្រឹមដំណាច់ខែមេសាឆ្នាំ២០២៣ កញ្ចប់ថវិកា១៥០លានដុល្លារ ដែលរាជរដ្ឋាភិបាលបានបែងចែកសម្រាប់ធនាគារ SME ដើម្បីបញ្ចេញទុនកម្ចីជួយដល់អាជីវកម្…

បេសកជនអាមេរិកប្រចាំអាស៊ានថា ពេលអាស៊ានចម្រុងចម្រើន ពិភពលោកនឹងបានប្រសើរឡើង

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន លោក យ៉ូហាណេស អាប្រាហាម (Yohannes Abraham) បាននិយាយថា សហរដ្ឋអាមេរិកចង់ធ្វើឱ្យទំនាក់ទំនងរបស់ខ្លួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ