ការដាក់កំហិតបែបនេះ បន្ទាប់ពីសហភាពអឺរ៉ុប បានរកឃើញការប្រើប្រាស់សារធាតុជីគីមីនេះលើដំណាំស្រូវនិងដំណាំផ្សេងៗទៀត នៅក្នុងប្រទេសវៀតណាមនិងចិន។ ចំណែកប្រទេសកម្ពុជាយើង គឺជាប្រទេសដែលបាននាំចូលជីគីមីនិងថ្នាំពុលកសិកម្មរាប់រយតោនក្នុង១ឆ្នាំៗ ពីប្រទេសចិននិងវៀតណាមផងដែរ ដែលជាហេតុធ្វើឲ្យសហភាពអឺរ៉ុបដាក់កំហិតតឹងរ៉ឹងលើការនាំចូលអង្ករទៅប្រទេសរបស់ខ្លួន។
ការដាក់កំហិតថ្មីរបស់សហភាពអឺរ៉ុបនេះ គឺគ្របដណ្តប់លើប្រទេសដែលនាំចូលអង្ករទៅកាន់ប្រទេសអឺរ៉ុប ដែលច្បាប់ថ្មីរបស់អឺរ៉ុបនេះត្រូវអនុវត្តនៅខែកក្កដាខាងមុខនេះ។
ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កន្លងមក នៅកម្ពុជា មិនទាន់មានក្រុមហ៊ុនណាមួយមានកំហុសឆ្គងក្នុងការនាំចេញអង្ករដែលលើ្មសនឹងច្បាប់របស់អឺរ៉ុបនៅឡើយទេ។
ឯកឧត្តមបានបន្តថា ការដាក់កំហិតថ្មីហាក់ដូចជាការរឹតបន្តឹងខ្លាំង និងជាឧបសគ្គដល់ការនាំចេញអង្ករទៅកាន់ក្រៅប្រទេស រួមទាំងប្រទេសអឺរ៉ុបផងដែរ។ ឯកឧត្តមបានបន្តថា ការកំហិតថ្មីនេះរបស់អឺរ៉ុប ក៏ធ្លាប់ត្រូវបានប្រទេសនាំចេញអង្ករផ្សេងទៀត ដូចជា ឥណ្ឌានិងថៃធ្វើការតវ៉ាច្រានចោលដែរ តែមិនបានលទ្ធផលឡើយ។
លោកឧកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ ខ្មែរហ្វ៊ូត បានប្រាប់ឲ្យដឹងថា ការដាក់កំហិតថ្មីរបស់សហគមន៍អឺរ៉ុបនេះ គឺដើម្បីរឹតបន្តឹងសុវត្ថិភាពចំណីអាហារ។ លោកថា កន្លងមក ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុបជាធម្មតា ដោយបានពិនិត្យរួចរាល់ហើយ។ យ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកនាំចេញអង្ករ មិនត្រូវរអ៊ូ ឬក៏ភ័យខ្លាចចំពោះវិធានការថ្មីរបស់អឺរ៉ុប ដែលគិតគូរសុវត្ថិភាពប្រជាជនគេនោះទេ។
លោកឧកញ៉ាបានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជាធ្វើការត្រួតពិនិត្យជីគីមី និងថ្នាំពុលកសិកម្មទាំងអស់កុំឲ្យមាននៅលើទីផ្សារ និងហាមកុំឲ្យមានការប្រើប្រាស់។ ហើយកន្លងមក ក៏មិនទាន់មានឃើញការប្រើប្រាស់សារធាតុគីមីដែលហាមឃាត់នេះ លើសកម្រិតនៅឡើយទេ។
ភ្លាមៗនេះដែរ ខាងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាប់ពីកិច្ចប្រជុំពិភាក្សាអំពីច្បាប់ថ្មីរបស់អឺរ៉ុបកំណត់ក្នុងការនាំចេញអង្ករ ដោយស្នើឲ្យអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ធ្វើការទប់ស្កាត់ការនាំចូលថ្នាំពុលកសិកម្មដែលមានសារធាតុហាមឃាត់ខាងលើនេះ និងជួយផ្សព្វផ្សាយឲ្យប្រជាកសិករជៀសវាងការប្រើប្រាស់ជីកសិកម្មដែលមានសារធាតុហាមឃាត់ដាក់លើដំណាំស្រូវ ដែលជាទំនិញសម្រាប់នាំចេញទៅទីផ្សារអឺរ៉ុបច្រើនជាងគេ។
ជុំវិញបញ្ហានេះដែរ លោក សម វិទូ នាយកប្រតិបត្តិនៃអង្គការសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា សេដាក បានបញ្ជាក់ថា ការកំណត់ច្បាប់ថ្មីរបស់អឺរ៉ុបក្នុងការនាំចូលអង្ករនោះ មានលក្ខណៈតឹងរ៉ឹង និងឲ្យកម្ពុជាពិនិត្យឡើងវិញចំពោះការប្រើប្រាស់ជី និងថ្នាំពុលកសិកម្ម ដែលកន្លងមក លោកបានបញ្ជាក់ថា ក៏នៅតែមានការប្រើប្រាស់ជីគីមី និងថ្នាំពុលកសិកម្មដែលហាមឃាត់ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេលពីរដំបូងនៃឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាបាននាំចេញអង្ករទៅកាន់សហភាពអឺរ៉ុបបាន ៥ម៉ឺន ៥ពាន់តោន៕