លោក ចូសេប បូរែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបានព្រមានប្រាប់ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រទេស G7 នៅទីក្រុងមូនស្ទ័រ (Muenster) ប្រទេសអាល្លឺម៉ង់ថា «រដូវរងាបានមកដល់ហើយ ហើយពូទីនកំពុងរង់ចាំឪកាសនេះយូរមកហើយ ដើម្បីបើកការវាយលុកទ្រង់ទ្រាយធំ»។
លោកបានបន្ថែមថា «ឥលូវនេះ យើងត្រូវឈរជាមួយអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនជាងពេលណាៗទាំងអស់ ព្រោះពួកគេកំពុងប្រយុទ្ធ និងការពារប្រទេសរបស់ពួកគេ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។
លោក បូរែល បន្តថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិងកំពុងងាកទៅរកការវាយប្រហារដោយសំដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអ៊ុយក្រែនដូចជាថាមពល ក្រោយពីកងទ័ពរបស់លោកកំពុងបង្ហាញពីសញ្ញាបរាជ័យជាបណ្ដើរៗនៅក្នុងសមរភូមិ ស្របពេលដែលរដូវរងាកំពុងខិតចូលមកដល់។
អ្នកការទូតកំពូលរូបនេះបានប្រាប់អ្នកយកព័ត៌មានថា «លោកពូទីនកំពុងបំផ្លាញអ៊ុយក្រែនហើយពេលនេះ ព្រោះទីក្រុងម៉ូស្គូមិនអាចកាន់កាប់ ហើយក៏មិនអាចឈ្នះនៅលើសមរភូមិសង្គ្រាមនេះបានដែរ ដូច្នេះហើយពួកគេកំពុងបំផ្លាញប្រទេសអ៊ុយក្រែនជាប្រព័ន្ធតែម្តង»។
ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែ វិច្ឆិកា ថា កងកម្លាំងអ៊ុយក្រែនអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដណ្តើមយកទីក្រុងយុទ្ធសាស្ត្រខ័រសុន (Kherson) ភាគខាងត្បូងប្រទេសពីដៃកងទ័ពរុស្ស៊ីវិញបាន ហើយនោះវានឹងនាំមកនូវបរាជ័យដ៏ធំមួយទៀតសម្រាប់ទីក្រុងម៉ូស្គូ។
មែនទែនទៅ ការកត់សម្គាល់របស់លោក Austin ធ្វើឡើងស្របពេលដែលមន្ត្រីដែលត្រូវបានលើកបន្តុបដោយរុស្ស៊ីនៅក្នុងតំបន់ Kherson និយាយថា ទីក្រុងម៉ូស្គូទំនងជានឹងដកកងទ័ពរបស់ខ្លួនចេញពីច្រាំងខាងលិចនៃទន្លេឌីនីប្រូ (Dnipro) ដែលជាសញ្ញានៃការដកថយដ៏សំខាន់របស់កងកម្លាំងរុស្ស៊ី។
ទោះជាយ៉ាងណា លោក អូស្ទីន មិនបានឆ្លើយតបនឹងសំណួរថា តើកងកម្លាំងរុស្ស៊ីកំពុងត្រៀមចាកចេញឬអត់នោះទេ ប៉ុន្តែតាមលោកមើលឃើញថា ការវាយបកភ្លាមៗរបស់អ៊ុយក្រែននាពេលកន្លងមកពិតជាមានប្រសិទ្ធភាពរុញច្រានកងទ័ពរុស្ស៊ីមែន ហើយក្នុងបរិបទឥលូវនេះលោកមានជំនឿចិត្តដូចគ្នា។
គួរជម្រាបថា ទីក្រុងនិងកំពង់ផែទន្លេខ័រសុន (Kherson) គឺជាទីក្រុងធំតែមួយគត់ ដែលរុស្ស៊ីបានកាន់កាប់ ចាប់តាំងពីការឈ្លានពានរបស់ខ្លួននៅថ្ងៃទី ២៤ ខែកុម្ភៈ និងជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយផងដែរ ដោយមានទន្លេ Dnipro សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាជននៅតំបន់ Crimea ដែលរុស្ស៊ីបានដណ្ដើមយកមកកាន់កាប់តាំងពីឆ្នាំ២០១៤។
យ៉ាងណាមិញ មន្ត្រីលោកខាងលិចម្នាក់បាននិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រុស្ស៊ីមានផែនការដកថយពីក្បាលស្ពាននៃទន្លេឌីនីប្រូ (Dnipro) នៅត្រើយខាងលិចទៅត្រើយខាងកើតវិញ ព្រោះធ្វើបែបនេះ គឺដើម្បីមានប្រៀបក្នុងការការពារប្រសើរជាមុនពីកងកម្លាំងអ៊ុយក្រែន ដែលកំពុងរុលចូលវាយសម្រុកកាន់តែខ្លាំងនោះ។
ម្យ៉ាងវិញទៀត រុស្ស៊ីបានប្រយុទ្ធអស់ពេលជាច្រើនខែ ដើម្បីកាន់កាប់តំបន់ខាងលិចមាត់ទន្លេ Dnipro ដោយខ្លួនបញ្ចូនកងទ័ពរាប់ម៉ឺននាក់ដើម្បីពង្រឹងទីតាំងយុទ្ធសាស្រ្តមួយនេះ ដូច្នេះហើយបើសិនអ៊ុយក្រែនធ្វើការវាយប្រហារលើតំបន់នេះកាន់តែខ្លាំងនោះ វានឹងក្លាយជាសមរភូមិប្រយុទ្ធរវាងយោធារុស្ស៊ី និងអ៊ុយក្រែនដ៏ធំបំផុតមិនធ្លាប់មាន៕