EU-អ៊ុយក្រែន

EU ថា ពិភពលោកត្រូវតែឈរជាមួយអ៊ុយក្រែន ខណៈដែលពេលវេលាដ៏លំបាកកាន់តែខិតចូលមកដល់


មន្ត្រីការទូតកំពូលរបស់សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែ វិច្ឆិកា ថា សម្ព័ន្ធមិត្តអន្តរជាតិទាំងអស់ត្រូវតែបន្តគាំទ្រអ៊ុយក្រែន ខណៈដែលប្រទេសនេះកំពុងរៀបចំខ្លួន ដើម្បីបន្ដទប់ទល់នឹងការវាយប្រហារឈ្លានពានកាន់តែខ្លាំងរបស់រុស្ស៊ីនារដូវរងាខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ពិភពលោកយត្រូវតែឈរជាមួយអ៊ុយក្រែនចំពេលរដូវរងាឈានមកដល់!

លោក ចូសេប បូរែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាន​ព្រមានប្រាប់ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស​ប្រទេស G7 នៅទីក្រុងមូនស្ទ័រ (Muenster) ប្រទេសអាល្លឺម៉ង់ថា «រដូវរងាបានមកដល់ហើយ ហើយពូទីនកំពុងរង់ចាំឪកាសនេះយូរ​មកហើយ ដើម្បីបើកការវាយលុកទ្រង់ទ្រាយធំ»។

លោកបានបន្ថែមថា «ឥលូវនេះ យើងត្រូវឈរជា​មួយអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន​ជាងពេលណាៗទាំងអស់ ព្រោះពួកគេ​កំពុងប្រយុទ្ធ និងការពារប្រទេស​របស់ពួកគេ ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

លោក បូរែល បន្តថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិងកំពុង​ងាកទៅរកការវាយប្រហារដោយ​សំដៅលើហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​អ៊ុយក្រែន​ដូចជា​ថាមពល ក្រោយពីកងទ័ព​របស់លោក​កំពុងបង្ហាញពីសញ្ញា​បរាជ័យជាបណ្ដើរៗនៅក្នុងសមរភូមិ ស្របពេលដែលរដូវរងា​កំពុងខិតចូលមកដល់។

អ្នកការទូតកំពូលរូបនេះ​បានប្រាប់អ្នក​យកព័ត៌មានថា «លោកពូទីនកំពុងបំផ្លាញអ៊ុយក្រែនហើយពេលនេះ ព្រោះទីក្រុងម៉ូស្គូ​មិនអាចកាន់កាប់ ហើយក៏មិនអាចឈ្នះនៅលើសមរភូមិសង្គ្រាមនេះបានដែរ ដូច្នេះហើយពួកគេកំពុងបំផ្លាញប្រទេសអ៊ុយក្រែនជាប្រព័ន្ធតែម្តង»។

ទន្ទឹមគ្នានេះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ៣ ខែ វិច្ឆិកា ថា កងកម្លាំងអ៊ុយក្រែន​អាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីដណ្តើមយក​ទីក្រុងយុទ្ធសាស្ត្រខ័រសុន (Kherson) ភាគខាងត្បូងប្រទេស​ពីដៃកងទ័ពរុស្ស៊ីវិញបាន ហើយនោះវានឹង​នាំមក​នូវបរាជ័យដ៏ធំមួយទៀត​សម្រាប់ទីក្រុងម៉ូស្គូ។

មែនទែនទៅ ការកត់សម្គាល់​របស់លោក Austin ធ្វើឡើងស្របពេល​ដែលមន្ត្រី​ដែលត្រូវបានលើក​បន្តុបដោយរុស្ស៊ីនៅក្នុង​តំបន់ Kherson និយាយថា ទីក្រុងម៉ូស្គូទំនងជា​នឹងដកកងទ័ព​របស់ខ្លួន​ចេញពីច្រាំងខាងលិច​នៃទន្លេ​ឌីនីប្រូ (Dnipro) ដែលជាសញ្ញា​នៃការដកថយ​ដ៏សំខាន់​របស់កងកម្លាំងរុស្ស៊ី។

ទោះជាយ៉ាង​ណា​ លោក អូស្ទីន មិន​បាន​ឆ្លើយ​តប​នឹងសំណួរ​ថា ​តើ​កងកម្លាំង​រុស្ស៊ី​កំពុង​ត្រៀម​ចាកចេញ​ឬ​អត់នោះទេ ប៉ុន្តែតាមលោកមើលឃើញថា ការវាយបកភ្លាមៗ​របស់អ៊ុយក្រែន​នាពេលកន្លងមក​ពិតជាមានប្រសិទ្ធ​ភាពរុញច្រានកងទ័ព​រុស្ស៊ីមែន ហើយក្នុងបរិបទ​ឥលូវនេះ​លោកមាន​ជំនឿចិត្តដូចគ្នា។

គួរជម្រាបថា ទីក្រុង​និង​កំពង់ផែ​​ទន្លេខ័រសុន (Kherson) គឺជា​ទីក្រុង​ធំ​តែ​មួយ​គត់ ​ដែល​រុស្ស៊ី​បាន​កាន់កាប់​ ​ចាប់តាំងពី​ការ​ឈ្លានពាន​​របស់​ខ្លួន​​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ និងជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់មួយផងដែរ ដោយមានទន្លេ Dnipro សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រជាជននៅតំបន់ Crimea ដែលរុស្ស៊ីបានដណ្ដើមយកមក​​កាន់កាប់តាំងពីឆ្នាំ២០១៤។

យ៉ាងណាមិញ មន្ត្រីលោកខាងលិចម្នាក់បាននិយាយ​ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រុស្ស៊ីមានផែនការដកថយ​ពីក្បាលស្ពាននៃទន្លេឌីនីប្រូ (Dnipro) នៅត្រើយខាងលិចទៅត្រើយខាងកើតវិញ ព្រោះធ្វើបែបនេះ គឺដើម្បីមានប្រៀប​ក្នុងការការពារប្រសើរ​ជាមុនពីកងកម្លាំងអ៊ុយក្រែន ដែលកំពុង​រុលចូលវាយសម្រុកកាន់តែ​ខ្លាំងនោះ។

ម្យ៉ាងវិញទៀត រុស្ស៊ី​បាន​ប្រយុទ្ធ​​អស់ពេល​ជាច្រើន​ខែ ដើម្បីកាន់កាប់តំបន់ខាងលិច​មាត់​ទន្លេ Dnipro ដោយខ្លួនបញ្ចូនកងទ័ពរាប់ម៉ឺននាក់ដើម្បី​ពង្រឹង​ទីតាំងយុទ្ធសាស្រ្ត​មួយនេះ ដូច្នេះហើយបើសិនអ៊ុយក្រែនធ្វើការវាយប្រហារលើ​តំបន់នេះកាន់តែ​ខ្លាំងនោះ វានឹងក្លាយជាសមរភូមិប្រយុទ្ធ​រវាងយោធារុស្ស៊ី និងអ៊ុយក្រែនដ៏ធំបំផុតមិនធ្លាប់មាន៕




អត្ថបទបន្ទាប់


G7 និងអូស្ត្រាលី រួមគ្នាកំណត់តម្លៃប្រេងរុស្ស៊ី ខណៈតម្លៃជាក់លាក់គ្រោងដាក់ចេញក្នុងខែវិច្ឆិកា

ព័ត៌មាន
ប្រទេសមានសេដ្ឋកិច្ចជឿនលឿនបំផុតទាំង៧ ឬហៅកាត់ថា G7 អូសទាញបានអូស្រ្តាលីមួយទៀត ដើម្បីចូលរួមជាមួយប្លុកនេះ ក្នុងការកំណត់តម្លៃថេរមួយសម្រាប់ប្រ…

ទំហំកម្ចីជិត៣០លានដុល្លារពីធនាគារ SME ត្រូវបានផ្ដល់ជូនម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍

ព័ត៌មាន
គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ទំហំដើមទុនកម្ចី ១៥០លានដុល្លាររបស់ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME) បានផ្ដល់កម្ចីទៅដល់អាជីវកម្ម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ