សេចក្តីស្នើច្បាប់ពីគណៈកម្មការអឺរ៉ុប ចែងថាការហាមឃាត់ នឹងត្រូវអនុវត្តចំពោះគ្រប់ផលិតផលទាំងអស់ដែលរួមចំណែកកើតចេញពី កម្លាំងពលកម្មដោយបង្ខំនៅគ្រប់ដំណាក់កាលផលិតទាំងអស់រាប់ចាប់ពី ការផលិត ការប្រមូលផលវត្ថុធាតុដើម និងការចម្រាញ់យកវត្ថុធាតុដើម រួមទាំងការងារ ឬដំណើរការផ្សេងទៀតឱ្យតែស្ថិតក្នុងខ្សែចង្វាក់ផលិតកម្ម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានជប៉ុន Nikkei។
សភាអឺរ៉ុប និងរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំងអស់ នឹងពិភាក្សាអំពីសំណើនេះ ដែលវានឹងអាចចូលជាធរមាននៅរយៈពេលពីរឆ្នាំបន្ទាប់ពីត្រូវបានអនុម័ត។ ប៉ុន្តែសមាជិកសភាមួយចំនួននៅក្នុងសភាអឺរ៉ុប មិនសូវជឿជាក់ថា ច្បាប់នេះល្អគ្រប់គ្រាន់នៅឡើយ ដោយពួកគេបាន អំពាវនាវឱ្យមានការដាក់បម្រាម ស្រដៀងទៅនឹងច្បាប់ដែលទើបដាក់ចេញដោយសហរដ្ឋអាមេរិក។
ជាក់ស្តែង សហរដ្ឋអាមេរិកបានអនុវត្តយ៉ាងមានប្រសិទ្ធភាពរួចហើយ លើការហាមឃាត់ការនាំចូលទំនិញពីតំបន់ស៊ីនជាំងចាប់តាំងពីឆ្នាំមុន។ ជាមួយគ្នានេះ វ៉ាស៊ីនតោនថែមទាំងបានអនុម័តច្បាប់ ការពារលើការងារដោយបង្ខំនៃជនជាតិអ៊ុយហ្គ័រថែមទៀត ដែលនេះសបញ្ជាក់ពីវិធានការតឹងរ៉ឹង ជាងសំណើច្បាប់របស់សហភាពអឺរ៉ុបបច្ចុប្បន្ន។
អាមេរិកបានចាត់ទុករាល់ទំនិញទាំងអស់ ដែលមានប្រភពពីតំបន់ស៊ីនជាំង គឺសន្មត់ថា ផលិតឡើងដោយប្រើកម្លាំងពលកម្មដោយបង្ខំតែម្តង ពុំមានលើកលែងទំនិញណាមួយនោះទេ។ ផ្ទុយទៅវិញ ច្បាប់របស់អឺរ៉ុប ត្រូវទាមទារឱ្យមានការស៊ើបអង្កេតលើក្រុមហ៊ុនផលិត និងក្រុមហ៊ុននៅក្នុងវិស័យ ឬតំបន់នោះជាមុនសិន ថាតើមានការប្រើកម្លាំងដោយបង្ខំឬទេ មុននឹងចាត់វិធានការហាមឃាត់ការនាំចូល។ សរុបមក សំណើច្បាប់របស់អឺរ៉ុប គឺមានលក្ខណៈធូររលុង ជាងច្បាប់ដែលកំពុងអនុវត្តដោយសហរដ្ឋអាមេរិក។
សូមរំឭកថា របាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះបានអំពាវនាវឱ្យប្រទេសចិន ស៊ើបអង្កេតការចោទប្រកាន់ពីការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទ ខ្វះការព្យាបាលជំងឺ ក៏ដូចជាពលកម្មដោយបង្ខំ និងរបាយការណ៍អំពីការស្លាប់អំឡុងពេលឃុំឃាំងផងដែរ។
ទីក្រុងប៉េកាំងជានិច្ចជាកាលបានចេញមកបដិសេធ ដោយលើកឡើងថា សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់កម្មករនៃក្រុមជនជាតិភាគតិចទាំងអស់នៅក្នុងតំបន់ស៊ីនជាំង ត្រូវបានការពារដោយច្បាប់ ហើយក៏គ្មានដែរពាក្យថាពលកម្មដោយបង្ខំ។
គួរជម្រាបថា តំបន់ស៊ីនជាំងគឺជាកន្លែងផលិតកប្បាសដ៏សំខាន់ ហើយថែមទាំងបានផ្គត់ផ្គង់សម្ភារៈវត្ថុធាតុដើមជាច្រើនទៀតរបស់ពិភពលោក រួមមានបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យផងដែរ៕