សិស្សរាប់ពាន់នាក់នៅប្រទេសបារាំង កំពុងវិលត្រឡប់មកកាន់សាលារៀនវិញយ៉ាងកុះករ បន្ទាប់ពីបញ្ចប់វិស្សមកាលនៅរដូវស្លឹកឈើជ្រុះកន្លងទៅនេះ ប៉ុន្តែឆ្នាំសិក្សាថ្មីនេះហាក់ប្លែកបន្តិច ដោយពួកគេត្រូវទៅសាលាដោយមិនអនុញ្ញាតឲ្យប្រើប្រាស់ស្មាតហ្វូន។ កុមារដែលមានអាយុពី១១ ដល់១៥ឆ្នាំ នៅតាមវិទ្យាល័យចំនួន១៨០កន្លែង ក្នុងប្រទេសបារាំង មិនអនុញ្ញាតឲ្យប្រើប្រាស់ស្មាតហ្វូននៅក្នុងអំឡុងពេលសិក្សានៅសាលានោះទេ។ នេះគឺជាដំណើរការសាកល្បង ខណៈដែលអាជ្ញាធរបារាំង មានផែនការគ្រោងនឹងដាក់បម្រាមនេះទាំងស្រុងលើយុវសិស្សវិទ្យាល័យនៅទូទាំងប្រទេស នាឆ្នាំ២០២៥ ខាងមុខ។
ការដាក់ចេញនូវបទបញ្ជាផ្ទៃក្នុងសាលាដ៏តឹងរ៉ឹងបែបនេះ គឺជាផ្នែកមួយនៃគោលបំណងរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីឱ្យសិស្សចំណាយពេលតិចជាងមុននៅមុខអេក្រង់ទូរសព្ទ ដែលរដ្ឋាភិបាលបារម្ភថា វាគឺជាប្រភពរារាំងការអភិវឌ្ឍខួរក្បាលរបស់ពួកគេ។
គួរបញ្ជាក់ថា អាជ្ញាធរបារាំង បានប្រកាសដាក់បម្រាមលើការប្រើប្រាស់ទូរសព្ទចលត ឬឧបករណ៍ទំនាក់ទំនងអេឡិចត្រូនិកផ្សេងៗនៅតាមសាលាមត្តេយ្យ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ក្នុងប្រទេសចាប់តាំងពីឆ្នាំ២០១៨មកម៉្លេះ។ ក្រសួងអប់រំបារាំង អះអាងថា បរិស្ថានដែលគ្មានទូរសព្ទដៃនឹងធ្វើឱ្យបរិយាកាសសាលាប្រសើរឡើង ហើយបម្រាមនេះ ក៏នឹងកាត់បន្ថយករណីអំពើហិង្សា រួមទាំងការយាយីតាមអ៊ីនធឺណិត និងការផ្សព្វផ្សាយរូបភាពហិង្សាផងដែរ។
ដោយឡែកទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសស៊ុយអែត បាននិយាយថា កុមារគួរតែត្រូវបានគេផ្តល់ការថែទាំនៅឱ្យឆ្ងាយពីប្រព័ន្ធផ្សព្វផ្សាយឌីជីថលទាំងស្រុង រីឯប្រតិបត្តិករបណ្តាញទូរសព្ទចល័តដ៏ធំបំផុតមួយរបស់ចក្រភពអង់គ្លេសវិញ ក៏ធ្លាប់បានព្រមានឪពុកម្តាយនៅចក្រភពនេះថា ពួកគេមិនគួរផ្តល់ស្មាតហ្វូនដល់កុមារដែលមានអាយុក្រោម១១ឆ្នាំឡើយ៕
ដោយៈ សរ សុជាតិ