ទីភ្នាក់ងាររ៉យទ័រថ្មីៗនេះបានទាក់ទងទីភ្នាក់ងារបំណុលនៅតំបន់ចាយប្រាក់អឺរ៉ូធំៗចំនួន ១១ ដោយ មន្ត្រីនៅប្រទេសហូឡង់ និងបែលហ្ស៊ិកបានប្រាប់ថា ពួកគេបានបន្ធូរបន្ថយកាតព្វកិច្ចបង្កើតទីផ្សារជាច្រើនដែលកំណត់ថា តើធនាគារទាំងនេះគួរតែជួញដូរបំណុលរបស់ពួកគេយ៉ាងដូចម្តេច។
ប្រទេសបារាំង អេស្បាញ និងហ្វាំងឡង់បាននិយាយថា ច្បាប់របស់ពួកគេត្រូវបានរៀបចំរួចហើយ ដើម្បីគិតគូរដោយស្វ័យប្រវត្តិពីភាពតានតឹងទីផ្សារចំណែកប្រទេសអាល្លឺម៉ង់ និងអូទ្រីសបាននិយាយថា ពួកគេមិនបានកំណត់ច្បាប់បែបនេះទេ។
ស្របពេលដែលធនាគារកណ្តាលអ៊ឺរ៉ុបបានបន្ធូរបន្ថយរយៈពេលជាច្រើនឆ្នាំនៃការទិញបំណុលក្នុងតំបន់នេះ និងស្របពេលដែលមានសង្រ្គាមនៅអ៊ុយក្រែន ការខ្វះថាមពល និងភាពចលាចលក្នុងប្រទេសអង់គ្លេសផងនោះ កំពុងធ្វើឱ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្នក្នុងការវិនិយោគបន្ថែមលើមូលបត្របំណុលរបស់រដ្ឋាភិបាល។
ជាលទ្ធផលប្រការនេះអាចបង្កើនការចំណាយលើការខ្ចីប្រាក់សម្រាប់រដ្ឋាភិបាលដែលរងសម្ពាធរួចហើយដោយការដំឡើងអត្រាការប្រាក់ និងការចំណាយទាក់ទងនឹងថាមពល ហើយវាអាចនាំមកនូវភាពមិនច្បាស់លាស់បន្ថែមទៀត សម្រាប់ស្ថាប័នមួយចំនួនដូចជាមូលនិធិសោធននិវត្តន៍ជាដើម។
បំណុលមិនទាន់សងរបស់ប្រទេសអាល្លឺម៉ង់ អ៊ីតាលី បារាំង អេស្បាញ និងហូឡង់ ជាទីផ្សារដែលមានបំណុលភាគច្រើននៃតំបន់ចាយប្រាក់អឺរ៉ូដែលមានប្រហែល ៨ទ្រីលានដុល្លារអាមេរិក។
ការរាលដាលកាន់តែទូលំទូលាយនូវការទិញលក់បំណុលរដ្ឋាភិបាលនេះបានបង្ហាញពីភាពប្រែប្រួលកាន់តែច្រើន និងការចំណាយលើប្រតិបត្តិការកាន់តែខ្ពស់ផងដែរ ដូច្នេះរដ្ឋាភិបាលរំពឹងថា ធនាគារដែលទិញបំណុលរបស់រដ្ឋាភិបាលនៅពេលដេញថ្លៃ ហើយបន្ទាប់មកលក់ទៅឱ្យអ្នកវិនិយោគ និងគ្រប់គ្រងការជួញដូររបស់ខ្លួននោះឲ្យបានតឹងរ៉ឹងថែមទៀត៕
អត្ថបទ៖ សុខ ជា