ប្រទេសថៃ

ប្រតិបត្តិករកាតឥណទាននៅថៃកំពុងពិចារណាការដំឡើងអត្រាការប្រាក់ដល់អ្នកប្រើប្រាស់រហូតដល់ ១៨ ភាគរយ


ដើម្បីរក្សាឲ្យសេវាកម្មកាតឥណទានបន្តរស់នៅពេលនេះក្រុមប្រតិបត្តិករកាតឥណទានថៃ កំពុងតែសិក្សាអំពីលទ្ធភាពបង្កើនអត្រាកាប្រាក់ដល់អ្នកដែលប្រើប្រាស់ដល់កម្រិតខ្ពស់បំផុត ពោលគឺ ដល់កម្រិត១៨ ភាគរយ ។ ប្រភពបានប្រាប់សារព័ត៌មាន ឌឹណេសិនថា នៅពេលនេះ សំណើកំពុងតែដាក់ស្នើសុំការអនុម័តពីធនាគារកណ្តាលថៃ ។
ប្រតិបត្តិករកាតឥណទាននៅថៃពិចារណាតម្លើងអត្រាការប្រាក់ដល់ទៅ១៨ភាគរយ

លោក អាទីស រូជីរ៉ាវ៉ាត់ (Atis Ruchirawat) ប្រធានក្លឹប និងជានាយកគ្រប់គ្រងនៅក្រុមហ៊ុន General Card Service Co បានអះអាងថា ក្រុមហ៊ុនប្រតិបត្តិករកាតឥណទាននៅក្នុងប្រទេសថៃ នឹងស្នើសុំឱ្យធនាគារកណ្តាលអនុញ្ញាតឱ្យប្រតិបត្តិករកាតឥណទានបង្កើនអត្រាការប្រាក់រហូតដល់ ១៨ភាគរយ ក្នុងពេលឆាប់ៗនេះ។
លោកបានបន្តថា ពិដានអត្រាការប្រាក់ត្រឹម ១៦ ភាគរយ ដែលកំពុងតែអនុវត្ត អាចធ្វើឱ្យមានការលំបាកសម្រាប់ប្រតិបត្តិករក្នុងការរ៉ាប់រងការចំណាយរបស់ពួកគេ ដោយសារការកើនឡើងនៃអត្រាការប្រាក់គោលនយោបាយនានារបស់ធនាគារថៃ។
នៅពេលនេះប្រតិបត្តិករកាតឥណទានដែលស្ថិតនៅក្រោមសមាគមធនាគារថៃកំពុងស្វះស្វែងរកការពិភាក្សាអំពីជម្រើសនៃការដំឡើងអត្រាពិដាននៃអត្រាការប្រាក់នេះនៅក្នុងឆមាសទីពីរនៃឆ្នាំនេះជាមួយនឹងធនាគារកណ្តាលថៃ។
លោកអាទីស បានអះអាងថា អត្រាការប្រាក់ត្រឹម កម្រិត ១៦ភាគរយវាគឺជាអត្រាទាបបំផុតនៅក្នុងពិភពលោក។

លោកបានបន្តថា ប្រសិនបើអត្រាការប្រាក់គោលនយោបាយកើនឡើង ប្រាក់ចំណេញរបស់យើងនឹងធ្លាក់ចុះបន្ថែមទៀត ហើយយើងប្រហែលជាមិនអាចរស់បានឡើយ។
ក្រៅពីនោះ លោកអាទីសក៏ បាននិយាយថា ក្លឹបក៏នឹងស្នើឱ្យធនាគារកណ្តាលពិចារណាលើការពន្យារពេលច្បាប់របស់ខ្លួនសម្រាប់ប្រតិបត្តិករកាតឥណទានដើម្បីបង្កើនការទូទាត់អប្បបរមាពី ៥ ទៅ ១០ ភាគរយជាពីរជំហាន ខណៈដែលធនាគារកណ្តាលថៃ ចង់ឱ្យការទូទាត់អប្បបរមាត្រូវបានដំឡើងពី ៥ទៅ៨ ភាគរយនៅឆ្នាំនេះ ហើយបន្ទាប់មកដល់ ១០ ភាគរយ នៅឆ្នាំក្រោយ។
នៅក្នុងពេលជាមួយគ្នានេះ លោកអាទីស ក៏បានបង្ហាញក្តីបារម្ភផងដែរថាប្រសិនបើអត្រាការទូទាត់អប្បបរមាត្រូវបានកើនឡើង វាក៏នឹងប៉ះពាល់ដល់សមត្ថភាពរបស់អ្នកប្រើប្រាស់ក្នុងការសងបំណុលរបស់ពួកគេផងដែរ។
បើប្រៀបធៀបទៅនឹងឆ្នាំមុន ចំនួនគណនីកាតឥណទានបានកើនឡើង៣,១ភាគរយ ហើយ ការចំណាយលើកាតឥណទាន កើនឡើង ១៥ ភាគរយ ខណៈដែលបំណុលកាតឥណទានកើន ៤ ភាគរយ នៅឆ្នាំនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនចេញសេចក្តីណែនាំជាង២០ចំណុចដើម្បីជំរុញបង្កើនការវិនិយោគបរទេសនៅប្រទេសចិន

ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានចេញសេចក្តីណែនាំចំនួនជាង២០ចំណុចកាលពីថ្ងៃអាទិត្យដែលក្រុមប្រឹក្សារដ្ឋនេះបាននិយាយថានឹងធ្វើឱ្យបរិយាកាសវិនិយោគប…

រដ្ឋាភិបាលឥណ្ឌូនេស៊ីនិយាយបញ្ជាក់ឡើងវិញពីគម្រោងកសាងរថភ្លើងល្បឿនលឿនក្រោមកិច្ចសហការជាមួយនឹងចិនដែលមានទឹកប្រាក់៧,៣ពាន់លានដុល្លារ

រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា ខ្លួនត្រូវតែផ្តល់អាទិភាពដល់សុវត្ថិភាពនៃគម្រោងកសាងបណ្តាញផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៧,៣ពាន់លានដុល្លារ ដែលផ្តល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ