
លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ រវាងប្រទេសកម្ពុជា និងម៉ាឡេស៊ីនេះ មិនត្រឹមតែបង្កើនភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញនូវសក្តានុពលសម្រាប់ទេសចរណ៍តាមរយៈការផ្តល់លទ្ធភាពឱ្យប្រជាជនម៉ាឡេស៊ី អាចទូទាត់យ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រាសធុនតូចនិងមធ្យម និងប្រជាជនទូទៅឱ្យចូលរួមក្នុងបណ្តាញសេដ្ឋកិច្ចកាន់តែធំ និងសម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់ តាមរយៈការសម្រេចបាននូវទស្សនវិស័យរបស់អាស៊ាន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមករវាងសហគមន៍តាមប្រព័ន្ធឌីជីថល។
សម្រាប់ថ្នាក់ដឹកនាំរូបនេះ គំនិតផ្តួចផ្តើមដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធផលបច្ចេកទេសនោះទេ តែជាស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ និងបានបញ្ជាក់ពីស្មារតីប្តេជ្ញារបស់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរួមចំណែកបង្កើនភាពធន់ និងបរិយាបន្ននៃកំណើនសេដ្ឋកិច្ច ដោយធានាបានថា ទោះបីជាពាណិជ្ជករប្រកបអាជីវកម្មខ្នាតតូចបំផុតនៅកម្ពុជា ឬម៉ាឡេស៊ី ក៏ដោយ ក៏អាចមានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាសកលបានផងដែរ។
ជាមួយគ្នានេះ លោក Dato' Seri Abdul Rasheed Ghaffour ទេសាភិបាលធនាគារកណ្តាលម៉ាឡេស៊ី បានគូសបញ្ជាក់ថា ការធ្វើសមាហរណកម្មហិរញ្ញវត្ថុ ឱ្យកាន់តែសម្បូរបែបជាមួយប្រទេសជាសមាជិកអាស៊ាន កំពុងលេចចេញជារូបរាងជាបន្តបន្ទាប់ហើយ។ ស្របពេលដែលប្រទេសម៉ាឡេស៊ី ជាប្រធានអាស៊ាន ម៉ាឡេស៊ី មានសេចក្ដីសោមនស្សរីករាយដែលបានអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលស្របទៅនឹងទស្សនវិស័យក្នុងការពង្រឹងការតភ្ជាប់ការទូទាត់ក្នុងតំបន់តាមរយៈឃ្យូអរកូត។ លោកបានបន្ថែមថា អាជីវករធុនតូច និងប្រជាជនទូទៅនៃបណ្តាប្រទេសជាសមាជិកអាស៊ាន បានត្រៀមខ្លួនទទួលយកអត្ថប្រយោជន៍ពីប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកួតនេះ។
គួរជម្រាបថា តាមរយៈការដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតដំណាក់កាលទី២ រវាងប្រទេសទាំង២នេះ ប្រជាជនម៉ាឡេស៊ី ដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្គេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា។ ចំណែកឯប្រជាជនកម្ពុជាវិញ ក៏អាចប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីស្គេនឃូអរកូតរបស់ DuitNow នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី ផងដែរ ចាប់តាំងពីពេលដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ កាលពីខែកញ្ញា ឆ្នាំ២០២៤៕