Advertisement
Circular Economy

ស្ថាប័ន​អន្តរជាតិ​ធំៗគាំទ្រ ការអនុវត្ត​ «គំរូសេដ្ឋកិច្ចវិលជុំ» ​ដើម្បី​កាត់បន្ថយកាកសំណល់ផ្លាស្ទិកពិភពលោក


គំរូសេដ្ឋកិច្ចវិលជុំ (Circular Economy) កំពុងត្រូវបានប្រទេសជាច្រើននៅទូទាំងពិភពលោក កំពុងចាប់ផ្ដើមអនុវត្តកាន់តែផុសផុលឡើង តាមរយៈការប្រើប្រាស់នូវធនធានយ៉ាងមានប្រសិទ្ធភាពក្នុងខ្សែសង្វាក់ផលិតកម្ម ការប្រើប្រាស់ និងការកែច្នៃសំណល់សម្រាប់ការប្រើ​ប្រាស់ឡើងវិញ។ ក្នុងនោះ អ្នកជំនាញក្នុងតំបន់បានមើលឃើញថា ការអនុវត្តនូវគំរូសេដ្ឋកិច្ចវិលជុំនេះ កាន់តែច្រើន នោះកាកសំណល់ ពិសេសផ្លាស្ទិក នឹងត្រូវបានកាត់បន្ថយបានកាត់តែច្រើន ខណៈ​ដែលកំណើន​សំណល់​ផ្លាស្ទិកនេះ គឺជាក្ដីបារម្ភធំ​របស់ពិភពលោក។
«គំរូសេដ្ឋកិច្ចវិលជុំ» នឹងកាត់បន្ថយកាកសំណល់ផ្លាស្ទិកពិភពលោក (រូបភាព៖ ខេមបូណូមីស)
ដោយ
Advertisement

បច្ចុប្បន្ននេះ បញ្ហាកាក​សំណល់​ផ្លាស្ទិក​​ ត្រូវបាន​គេមើល​ឃើញថា គឺជា​បញ្ហាចម្បង​មួយ​ រាំងស្ទះ​ដល់ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ហើយវា​មិនមែន​តែ​ជាបញ្ហា​របស់ប្រទេស​មួយៗ​ប៉ុណ្ណោះទេ តែវា​ជាបញ្ហា​របស់ពិភពលោក​ទាំងមូល​តែម្ដង។ ជាក់ស្ដែង កាលពីពេល​ថ្មីនេះ នៅក្នុងសន្និសីទ​​ថ្នាក់តំបន់​មួយ នៅប្រទេស​ថៃ ដែល​ផ្ដោត​លើការពិភាក្សា​អំពី ការអនុវត្ត​សេដ្ឋកិច្ច​វិលជុំ ដែលមានស្ថាប័ន​ ក្រុមហ៊ុន និងដៃគូ​ជាងចំនួន ៤៤ ដែលមកពីប​ណ្ដាប្រទេស​ផ្សេងៗ​ជុំវិញពិភពលោក បាន​ប្រជុំ​ពិភាក្សាគ្នា​​យ៉ាង​ផុសផុល ដើម្បី​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព ​ចំពោះ​បញ្ហា​កាកសំណល់​ផ្លាស្ទិក​ដែលកំពុង​កើនឡើង​ខ្លាំងនេះ។

តាមរយៈ​ការអនុវត្ត​គំរូ​សេដ្ឋកិច្ច​វិលជុំ ឬហៅថា Circular Economy នេះ គឺផ្ដោត​ទៅលើ​ការប្រើប្រាស់​ ​​ធនធាន​ឲ្យ​មានប្រសិទ្ធ​ភាព​បំផុត ការញែក​សំណល់ និង​ការ​ចោល​សំណល់​ឲ្យ​បានត្រឹមត្រូវ ដើម្បី​ធានា​ប្រសិទ្ធ​ផល​នៃ​ធនធាន​ នៅក្នុង​អំឡុង​វដ្ដ​ផលិតកម្ម​ និង​ការ​ប្រើប្រាស់​ទាំងមូល ។

លោក Roongrote Rangsiyopash ប្រធាន និងជាអគ្គនាយកក្រុមហ៊ុនថៃ SCG (ខេមបូណូមីស)

លោក Roongrote Rangsiyopash ប្រធាន​ និង​ជា​អគ្គនាយក​ក្រុមហ៊ុនថៃ SCG ដែលជា​ក្រុមហ៊ុន​​មួយ​ផ្ដួចផ្ដើម​ និងគាំទ្រ​លើ គំរូសេដ្ឋកិច្ចវិលជុំនេះ បាន​លើកឡើង​ថា «ដោយសារ​កំណើន​ប្រជាជន​ឥតឈប់​ឈរ នៅត្រឹមឆ្នាំ​២០៥០ គេរំពឹងថា ពិភព​លោក​នឹងមាន​ប្រជាជន​ប្រហែល ជិត​១០ ​ប៊ីលាន​នាក់ ដែល​កំណើន​ប្រជាជន​នេះ​នឹងនាំ​ឲ្យ​កើនឡើង​នូវ​តម្រូវការ​នៃ​ការ​ប្រើប្រាស់ ទោះបី​ធនធាន​មាន​កំណត់​ក្ដី ។

ជាក់ស្ដែង បើយើង​មើល​ទៅល​របាយការណ៍ ពីរដ្ឋាភិបាលថៃ បង្ហាញថា ប្រជាជន​ថៃ​ផលិត​សំរាម​ជា​មធ្យម​ក្នុង​ម្នាក់ៗ គឺ ១,១៥​គីឡូក្រាម ហើយ​អត្រា​នៃ​ការ​បង្កើត​សំរាម​នេះកំពុង​តែ​កើនឡើង​ ។ តួយ៉ាង គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៨​​ ប្រទេស​ថៃ​ផលិត​សំណល់​ប្រមាណ ២៨​លាន​តោន ។

ដូច្នេះហើយ ទើប​គោលគំនិត​នៃ​សេដ្ឋកិច្ច​វិលជុំ (Circular Economy) ត្រូវបាន​គេមើលឃើញថា គឺ​ជា​ដំណោះស្រាយ​មួយ ដើម្បី​ជួយ​សម្រាល​បញ្ហា​ទាំង​នេះ ពីព្រោះ​គោល​គំនិត​នេះ​ជំរុញ​នូវ​គោលការណ៍​ ផលិត-ប្រើប្រាស់-កែច្នៃប្រើប្រាស់​ឡើងវិញ ។ តែយ៉ាងណា ដើម្បីអនុវត្ត​សេដ្ឋកិច្ច វិលជុំ ទទួលបាន​ជោគជ័យ គឺទាមទារ​ជាចាំបាច់​បំផុត​នូវ​កិច្ចសហការ​យ៉ាងជិតស្និត​ទាំងវិស័យ​រដ្ឋ និងឯកជន រួមទាំង​អ្នកប្រើប្រាស់​ខ្លួនឯងផងដែរ។ 

ក្រុមយុវជន​មកពី​ប្រទេស​ក្នុងតំបន់អាស៊ាន​ ចូលរួម​ទាមទារ​ការ​ទប់ស្កាត់​ការបំពុល​បរិស្ថាន ក៏ដូចជា​ប្រែប្រួលអាកាសធាតុ (ខេមបូណូមីស)

នៅក្នុង​ឆ្នាំ​២០១៨ SCG បាន​បំលែង​សំណល់​ឧស្សាហកម្ម​ប្រមាណ ៣១៣.០០០ តោន ក្នុង​មួយ​ឆ្នាំ ទៅជា​វត្ថុធាតុ​ដើម​ដែល​អាច​កកើត​ឡើងវិញ​បាន និង​បាន​បំលែង​សំណល់​ឧស្សាហកម្ម ១៣១.០០០តោន ក្នុង​មួយឆ្នាំ ទៅជា​ថាមពលជំនួស​ឥន្ធនៈ ។ នៅឆ្នាំ​២០១៩នេះ SCG បាន​បន្ត​សមាហរណកម្ម​គោលការណ៍’សេដ្ឋកិច្ច​វិលជុំ ទៅក្នុងខ្សែសង្វាក់​ផលិត​របស់​ខ្លួន និង​បាន​ដាក់ចេញនូវ​ទិសដៅ​កាត់បន្ថយ​ការផលិត​ផ្លាស្ទិក​ដែល​ប្រើប្រាស់​បានតែម្ដង ពី ៤៦% មក​នៅត្រឹម ២០% នៅត្រឹមឆ្នាំ​២០២៥ និង​បង្កើន​អត្រា​នៃ​ការ​ផលិត​ផ្លាស្ទិក​ដែល​អាចច្នៃ​ប្រើប្រាស់​ឡើង​វិញ​បាន អាច​ច្រើន​ដង​ និង​ដែលអាចរលាយដោយ​មិន​ប៉ះពាល់​បរិស្ថាន​ ឲ្យ​បានដល់ ១០០% ត្រឹមឆ្នាំ​២០២៥ ។

លោក Jim Seward តំណាង​ សម្ព័ន្ធ​ដើម្បីលុបបំបាត់សំណល់​ផ្លាស្ទិក (AEPW) បាន​លើកឡើងដែរថា ជាការពិត​កាកសំណល់​វាជាបញ្ហា ប៉ុន្ដែ កាកសំណល់​ក៏មានតម្លៃរបស់វាដែរ បើយើង​មានការ​កែច្នៃ​វា​សម្រាប់​ការប្រើប្រាស់ឡើងវិញ។

លោក Jim បញ្ជាក់ថា ​ជាក់ស្ដែង សម្រាប់​សំណល់​ផ្លាស្ទិក​ គេអាច​កែច្នៃ​វា​ដើម្បីក្រាល​ផ្លូវថ្នល់ក៏បាន។ ប៉ុន្ដែ ដើម្បីអាច​ទាញនូវប្រយោជន៍​ពីកាកសំណល់​ទាំងនេះបាន គឺទាមទារ​នូវ​កិច្ច​សហប្រតិប​ត្តិការ និង​កិច្ចប្រឹងប្រែង​ដែលមានការសម្របសម្រួល​មួយ មកពីគ្រប់​វិស័យទាំងអស់ ដើម្បី​សម្រេចបាន​លទ្ធផល​និង​ជោគជ័យ​ដែលមាន​និរន្តរភាព។

គួរបញ្ជាក់ថា ដើម្បីឈានទៅ​រក​គោលដៅ កាត់បន្ថយ​​សំណល់​ផ្លាស្ទិកនេះដែរ ស្ថាប័ន​សម្ព័ន្ធដើម្បីលុប បំបាត់សំណល់ផ្លាស្ទិក AEPW ក៏មានកញ្ចប់​ថវិកា​ជាង ១ពាន់លាន​ដុល្លារ សម្រាប់​ផ្ដល់ជូន​​គម្រោង​កាត់បន្ថយ​សំណល់ផ្លាស្ទិក នៅក្នុងប្រទេស​ថៃ និងតំបន់​អាស៊ីអាគ្នេយ៍ផងដែរ ខណៈដែល​ប្រទេស​ក្នុងតំបន់នេះ កំពុង​មានបញ្ហា​កាកសំណល់​ផ្លាស្ទិកខ្លាំង៕ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមជ្ឈមណ្ឌលកម្សាន្តទំនើបថ្មី WB Arena មានអ្វីពិសេសខ្លះ?

ព័ត៌មាន
ជា​មជ្ឈមណ្ឌល​កម្សាន្ត​បែប​ថ្មី ដែល​ទើបតែ​បើក​ដំណើរការ​នៅ​រាជ​ធានី​ភ្នំពេញ។ WB Arena ដែល​ជា​គោលដៅ​កម្សាន្ត​ថ្មី សូមស្វាគមន៍លោកអ្នកឱ្យអញ្...

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទាមទារ​ព័ត៌មានបន្ថែមពី អង្គការលីកាដូ និងសមាគមធាងត្នោត ដើម្បីបញ្ជាក់ការពិត

ព័ត៌មាន
បន្ទាប់ពីបានច្រានចោលនូវរបាយការណ៍ របស់អង្គការលីកាដូ និងសមាគមធាងត្នោតថា ជាការមួលបង្កាច់ ផ្ទុយស្រឡះពីការពិត រួចមក នាពេលថ្មីៗនេះ សមាគម...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ