បច្ចុប្បន្នក្រុមហ៊ុនសាងសង់លំនៅឋានធំៗនៅសហរដ្ឋអាម៉េរិក កំពុងទទួលបានផលចំណេញយ៉ាងច្រើនពីសុទិដ្ឋិនិយមរបស់បណ្ដាវិនិយោគិន ចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក (Federal Reserve)នៅក្នុងឆ្នាំ២០២៤ ខាងមុខ ដែលបានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនទាំងនោះហក់ឡើងខ្លាំង។
តួយ៉ាងភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ SPDR S&P Homebuilders ETF បានហក់ឡើងជាង៥០%ក្នុងឆ្នាំនេះ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ iShares US Home Construction ETF បានហក់ឡើងជិត៧០%។
ទន្ទឹមនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ Lennar Corp និងក្រុមហ៊ុនសាងសង់ DR Horton បានហក់ឡើងជាង៦០% ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់ ផាល់ធី គ្រុប (PulteGroup) បានហក់ឡើងជិត១៣០%។ បើធ្វើការប្រៀបធៀប សន្ទស្សន៍ផ្សារហ៊ុនអាមេរិក S&P 500 បានហក់ឡើងជាង២០%។
អត្ថប្រយោជន៍ដ៏ធំមួយសម្រាប់ឧស្សាហកម្មសាងសង់ គឺកង្វះស្តុកលំនៅឋានក្នុងទីផ្សារលក់បន្ត ដែលបានជំរុញឱ្យតម្រូវការផ្ទះថ្មីកើនឡើង។
កត្តានេះគួបផ្សំជាមួយសុទិដ្ឋិនិយមរបស់បណ្ដាវិនិយោគិនចំពោះការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក បានជំរុញឱ្យភាគហ៊ុនរបស់ក្រុមហ៊ុនសាងសង់លំនៅឋាននៅសហរដ្ឋអាម៉េរិក ហក់ឡើងខ្លាំងដូចបានរៀបរាប់ពីខាងលើ។
ហេតុអ្វីបានជាធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់? ករណីបញ្ចុះអត្រាការប្រាក់២លើកចុងក្រោយនេះ បង្ហាញពីមូលហេតុចម្បងចំនួន២ ដែលធនាគារកណ្ដាលអាម៉េរិក បន្ទាបអត្រាការប្រាក់គោលរបស់ខ្លួន។ លោក ចាស្ទីន វេតន័រ (Justin Weidner) សេដ្ឋវិទូអាម៉េរិកនៅធនាគារដូតឈ័រ (Deutsche Bank) របស់អាល្លឺម៉ង់ បានលើកឡើងថា ធនាគារកណ្ដាលអាម៉េរិកបានបញ្ចុះអត្រាការប្រាក់នៅពេលមានបញ្ហាខុសប្រក្រតីក្នុងសេដ្ឋកិច្ច តួយ៉ាងដូចក្នុងឆ្នាំ១៩៩០ ឆ្នាំ២០០១ និងឆ្នាំ២០០៧ ជាដើម។
ទន្ទឹមនឹងនេះ លោក ម៉ៃឃើល ហ្គាពឹន (Michael Gapen) ប្រធានផ្នែកសេដ្ឋកិច្ចអាម៉េរិក នៅធនាគារ Bank of America Securities ក៏បានលើកឡើងដែរថា ធនាគារកណ្តាលអាម៉េរិក ក៏បញ្ចុះអត្រាការប្រាក់ផងដែរ ដើម្បីឆ្លើយតបទៅនឹងទិន្នន័យដែលបង្ហាញថា សេដ្ឋកិច្ចកំពុងបាត់បង់សន្ទុះ ឬបន្ទាប់ពីកើតមានព្រឹត្តិការណ៍ធំៗដូចជាការវាយប្រហារភេរវកម្មទៅលើអគារពាណិជ្ជកម្មពិភពលោក WTO ក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ជាដើមដែលគេគិតថានឹងធ្វើឱ្យសេដ្ឋកិច្ចទាំងមូលចុះខ្សោយ៕