ការស៊ើបអង្កេតលើករណីទាហានថៃជាន់មីន

អ្នកជំនាញយល់ថា កម្ពុជាគួរស្នើឱ្យភាគីពាក់ព័ន្ធបើកការស៊ើបអង្កេតលើករណីទាហានថៃជាន់មីន ដើម្បីកុំឱ្យថៃចោទកម្ពុជាតាមអំពើចិត្ត


យោធា និងរដ្ឋាភិបាលថៃបានសម្រេចពន្យារពេលដោះលែងកងទ័ពកម្ពុជាទាំង១៨រូប និងព្យួរកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួដែលបានចុះហត្ថលេខារួមគ្នាជាមួយកម្ពុជាក្រោមការចូលរួមធ្វើជាសាក្សី របស់ប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្រោមលេសចោទប្រកាន់កម្ពុជាដោយគ្មានភស្តុតាងថាជាអ្នកដាក់បង្កៃគ្រាន់មីននៅតាមព្រំដែនធ្វើឱ្យទាហានខ្លួនជាន់ផ្ទុះរងរបួសធ្ងន់។
ការស៊ើបអង្កេតលើករណីទាហានថៃជាន់មីន
ដោយ

អ្នកជំនាញភូមិសាស្ត្រនយោបាយ និងតាមដានបញ្ហាសង្គមកត់សម្គាល់ឃើញថា ភាគីថៃតែងតែយកបញ្ហាមីនមកធ្វើជាលេស ដើម្បីបំពានមកលើកម្ពុជា ជាក់ស្ដែងកាលពីអំឡុងសង្រ្គាមថៃចូលឈ្លានពានកាលពីកន្លងទៅ ក៏កើតចេញពីបញ្ហានេះដែរ។ តើកម្ពុជាគួរធ្វើយ៉ាងណា ដើម្បីឆ្លើយតបជាមួយការចោទប្រកាន់របស់ភាគីថៃជុំវិញបញ្ហាមីននេះ?

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយសង្កេតឃើញថា ករណីដែលទាហានថៃបានដើរជាន់មីននៅតាមព្រំដែនជិតប្រាសាទព្រះវិហារ ដែលថៃអះអាងថា នៅក្នុងទឹកដីរបស់ខ្លួននេះ គឺជាល្បិចនយោបាយថៃសុទ្ធសាធ ព្រោះថៃតែងតែយកបញ្ហានេះធ្វើជាលេសដាក់សម្ពោធមកលើកម្ពុជា ពោលគឺរាប់ចាប់តាំងពីពេលថៃបានបើកការឈ្លានពានទាំងកម្រោលមកលើកម្ពុជាក៏កើតចេញពីបញ្ហានេះដែរ។ អ្នកជំនាញរូបនេះ បានចាត់ទុកការយកបញ្ហាជាន់មីនរបស់ទាហានថៃ ធ្វើជាលេសមិនដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ជាល្បិចយកបញ្ហាដាក់ខ្លួនរបស់ថៃ។ ជាមួយគ្នានេះ អ្នកជំនាញរូបនេះ ស្នើឱ្យសហគមន៍អន្តរជាតិគួរតែដាក់សម្ពោធលើថៃ ដើម្បីឱ្យថៃគោរពអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួ ដោយមិនត្រូវបណ្តែតបណ្ដោយឱ្យថៃបំផ្លិចបំផ្លាញសណ្ដាប់ធ្នាប់ក្នុងតំបន់ និងលើពិភពលោកនោះទេ។

ជាមួយគ្នានេះលោកបណ្ឌិត មាស នី អ្នកតាមដានការអភិវឌ្ឍសង្គមយល់ឃើញថា ករណីទាហានថៃជាន់មីនរងរបួសនេះ វាជារឿងធ្វេសប្រហែស និងជាទំនួលខុសត្រូវរបស់ទាហានថៃខ្លួនឯង ព្រោះទាហានបានយល់យ៉ាងច្បាស់ថា ត្រង់ចំណុចណាដែលត្រូវដើរល្បាត និងចំណុចណាដែលត្រូវជៀសវាង នៅពេលដែលមិនទាន់មានចំណាត់ការដោះមីនត្រឹមត្រូវពីភាគីទាំងសាងខាងកម្ពុជា និងថៃ។ សម្រាប់អ្នកជំនាញរូបនេះ ស្របពេលដែលថៃកំពុងយកបញ្ហាមីនមកកំបាំងមុខនយោបាយ កម្ពុជាគួរតែស្នើដល់ក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT និងក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះត្រួតពិនិត្យ ថាតើមីនដែលទាហានថៃដើរជាន់នោះជាមីនចាស់ ឬជាមីនថ្មី ហើយប្រសិនជាមីនទើបតែដាក់ថ្មីត្រូវស៊ើបអង្កេតឱ្យបានស៊ីជម្រៅបន្ថែមទៀត ជៀសវាងថៃចោទកម្ពុជាបានស្រេចតែចិត្ត។

«សំឡេងបណ្ឌិត មាស នី»

គួរបញ្ជាក់ថា ក្រសួងការពារជាតិថៃបានចេញមកអះអាងថា ខ្លួននឹងដោះលែងយោធិនកម្ពុជាទាំង១៨រូប ឱ្យត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប៉ុន្តែថៃបានក្រឡាស់ពាក្យសម្ដី ដោយប្រកាកាសពន្យារពេលដោះលែងទាហានកម្ពុជាវិញ ក្រោយទាហានថៃបានដើរជាន់មីនដោយខ្លួនឯង៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


មីយ៉ាន់ម៉ាកំពុងបោសសម្អាតមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅតំបន់ជាប់ព្រំដែនជាមួយថៃ

យោធាមីយ៉ាន់ម៉ាកំពុងបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញនៅតំបន់មួយជាប់ព្រំប្រទល់ជាមួយថៃ ដែលជាមជ្ឈមណ្ឌលរបស់ក្រុមឧក្រិដ្ឋជនធ្វើប្រតិបត្តិការឆបោក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ