ប្រទេសស្រីលង្ការត់រកធនាគារពិភពលោក

ប្រទេសស្រីលង្ការត់រកធនាគារពិភពលោកបន្ទាប់ពីIMF ដើម្បីឲ្យជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ


យោងតាមប្រភពចំនួនពីរបានឱ្យដឹងថា ប្រទេសស្រីលង្កានឹងស្វែងរកជំនួយពីធនាគារពិភពលោក បន្ថែមទៀត ដើម្បីឲ្យជួយទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលប្រទេសនេះកំពុងកើតមាន បន្ថែមពីលើផែនការសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលស្រីលង្កាបានស្នើសុំដែរនោះ នឹងត្រូវលើកមកពិភាក្សានៅខែក្រោយនេះហើយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ប្រទេសស្រីលង្ការត់រកធនាគារពិភពលោកបន្ទាប់ពីIMF ដើម្បីឲ្យជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

ការ​ធ្លាក់​ចុះ ៧០% នៃ​ទុនបំរុង​អន្តរជាតិ​ចាប់តាំងពី​ខែមករា ឆ្នាំ ២០២០​មក បាន​ធ្វើ​ឱ្យ​ប្រទេស​ស្រី​លង្កា​ជួប​ការ​លំបាក​ក្នុង​ការ​ចំណាយ​លើ​ការ​នាំ​ចូល​សំខាន់​ៗ រួម​ទាំង​អាហារ និង​ប្រេងឥន្ធនៈ ដែល​នាំ​ឱ្យ​មាន​ភាព​ចលាចល​កើនឡើង​រហូត​ដល់​ដាក់​ពង្រាយ​យោធា​នៅ​ស្ថានីយ៍​ប្រេង ដើម្បី​សម្របសម្រួល​ការ​លក់​សាំង​ជូន​ប្រជាពលរដ្ឋ ដ្បិតថា ប្រទេស​នេះ​កំពុង​ខ្វះខាត​ប្រេង​យ៉ាង​ខ្លាំង ហើយ​ពលរដ្ឋ​តម្រង់​ជួរ​គ្នា​ដើម្បី​ទិញ​ប្រេង​យក​ទៅ​ប្រើប្រាស់​។

ស្រប​ពេល​ដែល​ទុនបំរុង​អន្តរជាតិ​នៅ​សល់​តែត្រឹម​ជាង ២​ពាន់​៣​រយ​លាន​ដុល្លារ​គិត​ត្រឹម​ខែកុម្ភៈ​នោះ  ប្រទេស​ស្រី​លង្ការ​ក៏​មាន​កតា​ព្វ​កិច្ច​ត្រូវ​រ៉ាប់រង​សងបំណុល​ប្រហែល ៤​ពាន់​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ រួម​ទាំងមូល​ប​ត្រ​បំណុល​អធិបតេយ្យភាព​អន្តរជាតិ​ចំនួន ១ ពាន់​លាន​ដុល្លារ​ក្នុង​ខែកក្កដា​ខាង​មុន​នេះ​ផង​ដែរ​។

ដើម្បី​ស្វែងរក​ផ្លូវ​ចេញពី​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​នេះ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ស្រី​លង្កា​លោក Basil Rajapaksa នឹង​ហោះហើរ​ទៅ​កាន់​វ៉ា​ស៊ី​ន​តោន​នៅ​ខែ​ក្រោយ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) និង​មន្ត្រី​មក​ពី​ធនាគារពិភពលោក​ផង​ដែរ សម្រាប់​ស្វែងរក​ដំណោះស្រាយ​ស្រោចស្រង់​សេដ្ឋកិច្ច​ចេញពី​វិបត្តិ​ដ៏​អាក្រក់​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។

សូម​ជម្រាប​ថា ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្រី​លង្កា​នឹង​ស្នើរ​សុំ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ធនាគារពិភពលោក​បន្ថែម​ទៀត ប៉ុន្ដែ គេ​មិន​ទាន់​ដឹង​ថា តើ​ប្រទេស​ដី​កោះ​មួយ​នេះ នឹង​ស្នើ​សុំ​ទំហំ​ថវិកា​ប៉ុន្មាន​ពី​ធនាគារពិភពលោក​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា ធនាគារពិភពលោក​នឹង​ផ្ដល់​ឲ្យ​ប៉ុន្មាន​នោះ​ដែរ គ្រាន់តែ​គេ​ដឹង​ថា ជំនួយ​បែប​នេះ​ទំនង ជា​នឹង​កើត​មាន​បន្ទាប់​ពី​ស្រី​លង្កា​បាន​ចូល​ទៅ​ក្នុង​កម្មវិធី​កម្ចី​ដែល​គាំទ្រ​ដោយ IMF​។

 

ជាមួយ​គ្នេះ ធនាគារពិភពលោក​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ធនាគារ​មិន​ទាន់​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​ប្រទេស​ស្រី​លង្កា ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​ថវិកា​នោះ​ទេ​។

តែ​យ៉ាងណាមិញ អ្នកវិភាគ​បាន​និយាយ​ថា ចំនួន​មូលនិធិ​នឹង​អាស្រ័យ​លើ​គោលដៅ​ជាក់លាក់​ដែល​កំណត់​ដោយ​កម្មវិធី IMF ក៏​ដូច​ជា​ឱនភាព​ពាណិជ្ជកម្ម និង​សារពើពន្ធ​របស់​ប្រទេស​ស្រី​លង្កា ដោយ​ប៉ាន់ស្មាន​តម្រូវការ​ប្រចាំឆ្នាំ​រហូត​ដល់ ៣ ពាន់​លាន​ដុល្លារ​ពី​ប្រភព​ពហុភាគី និង​ទ្វេភាគី​ជា​ច្រើន​ទៀត​។

គួរ​ជម្រាប​ថា ប្រទេស​ស្រី​លង្កា​ក៏​កំពុង​បន្ដ​ខ្ចី​បំណុល​ពី​ប្រទេស​ចិន​កាន់តែ​ច្រើន​ឡើង​ផង​ដែរ នៅ​គ្រា​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ស្ថានភាព​កាន់តែ​យ៉ាប់យ៉ឺន​។ តួយ៉ាង បន្ទាប់​ពី​ធនាគារ​អភិវឌ្ឍន៍​ចិន (CDB) ទើបតែ​បាន​ផ្ដល់​ប្រាក់​កម្ចី​ចំនួន ៥០០​លាន​ដុល្លារ​កាលពី​ស​ប្ដា​ហ៍​មុន ឥឡូវនេះ ចិន​កំពុង​ពិចារណា​ផ្តល់​ឥណទាន​បន្ថែម ១​ពាន់​៥​រយ​លាន​ដុល្លារ​ពីលើ​គម្រោង​កម្ចី​ចាស់​។ បន្ថែម​ពី​នេះ ចិន​ក៏​នឹង​ផ្ដល់​កម្ចី​ដាច់​ដោយឡែក​មួយទៀត​ដែល​មាន​ទឹកប្រាក់ ១ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​ស្រី​លង្កា ផង​ដែរ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ស្នើ​សុំ​ចិន​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជារងឥទ្ធិពលពីវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែរឬយ៉ាងណា?

ព័ត៌មាន
វិបត្តិសង្គ្រាមអូសបន្លាយនៅអ៊ុយក្រែន កំពុងបង្កក្ដីបារម្ភយ៉ាងខ្លាំងចំពោះការលូតលាស់នៃសេដ្ឋកិច្ចពិភពលោក។ ក្នុងនោះ ចង់ឬមិនចង់ប្រទេសកម្ពុជាក៏មាន…

ថៃរំពឹងថា ការនាំចេញផ្លែឈើទៅកាន់ទីផ្សារក្រៅប្រទេសនឹងកើន១៥%នៅឆ្នាំនេះ ហើយចិននៅតែជាទីផ្សារធំ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃមានក្តីរំពឹងខ្ពស់ ចំពោះទស្សនវិស័យនាំចេញផ្លែឈើរបស់ប្រទេសថៃ ដោយព្យាករណ៍ថាការនាំចេញផ្លែឈើទៅក្រៅប្រទេសនៅឆ្នាំនេះ នឹងកើនឡើង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ