អ្នកចង់ទិញអចលនទ្រព្យ គួរពឹងពាក់អ្នកជំនាញ

អ្នកជំនាញលើកទឹកចិត្តឲ្យអ្នកចង់ទិញអចលនទ្រព្យ ពឹងពាក់អ្នកជំនាញ ដើម្បីបញ្ជៀសហានិភ័យ


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យលើកទឹកឲ្យប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យតែគ្មានជំនាញស្វែងរកការពឹងពាក់អ្នកជំនាញ បើមិនចង់ជួបបញ្ហាក្នុងការវិនិយោគរបស់ខ្លួន។ ការជំរុញលើកទឹកចិត្តបែបនេះ ធ្វើឡើងក្រោយមានករណីប្រជាពលរដ្ឋជាច្រើនជួបបញ្ហាលើការទិញដីឡូតិ៍ និងផ្ទះល្វែងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ។ បញ្ហាដែលបានកើតឡើងជាបន្តបន្ទាប់នេះកំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងមកលើទិផ្សារដីឡូតិ៍ និងផ្ទះល្វែងរបស់ក្រុមហ៊ុន ដែលមានវិជ្ជាជីវៈត្រឹមត្រូវក្នុងការវិនិយោគ។
អ្នកជំនាញលើកទឹកចិត្តឲ្យអ្នកចង់ទិញអចលនទ្រព្យ ពឹងពាក់អ្នកជំនាញ ដើម្បីបញ្ជៀសហានិភ័យ
ដោយ

យើងសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះមានករណីប្រជាពលរដ្ឋជាច្រើនបានជួបបញ្ហាក្នុងការវិនិយោគលើការទិញដីឡូតិ៍ និងផ្ទះល្វែងជាមួយក្រុមហ៊ុនមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ ដែលបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនដែលមានការវិនិយោគត្រឹមត្រូវ។ រូបភាពអវិជ្ជមាននេះកំពុងបង្កើតជាភាពរារែក និងធ្វើឲ្យប្រជាជនមួយចំនួនបាត់បង់ទំនុកចិត្តក្នុងការវិនិយោគលើការទិញដីឡូតិ៍ និងផ្ទះល្វែងនៅកម្ពុជា។ យ៉ាងណាក៏ដោយ បញ្ហានេះមិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានោះទេ។

ដើម្បីចូលរួមចំណែកជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគលើវិស័យអលចនទ្រព្យនៅកម្ពុជា លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានផ្តល់ជាយោបល់ដោយលើកទឹកចិត្តឲ្យអ្នកចង់ទិញអចនទ្រព្យតែគ្មានជំនាញ គួរស្វែងរកការពិភាក្សាជាមួយអ្នកជំនាញមុនសម្រេចចិនវិនិយោគ។ ប៉ុន្តែការពឹងអ្នកជំនាញ ឬក្រុមហ៊ុនទីភ្នាក់ងារអចលនទ្រព្យ ប្រជាពលរដ្ឋត្រូវតែសិក្សាឲ្យបានល្អិតល្អន់ពាក់ព័ន្ធនឹងប្រវត្តិ និងស្នាដៃរបស់ក្រុមហ៊ុន ឬបុគ្គលអ្នកផ្តល់ប្រឹក្សាយោបល់ ដែលសម្រេចបាននាពេលកន្លងមក។

សម្រាប់អ្នកជំនាញដែលមានបទពិសោធន៍ជាង២០ឆ្នាំក្នុងវិស័យអចលនទ្រព្យរូបនេះ ការពឹងអ្នកជំនាញ ឬក្រុមហ៊ុនអចលនវត្ថុក្នុងការទិញអចលនទ្រព្យ មិនត្រឹមតែជួយឲ្យការប្រើប្រាស់ហិរញ្ញវត្ថុមានសុវត្ថិភាពនោះទេ ថែមទាំងអាចផ្តល់ប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលខ្លីក៏អាចថាបាន។ ជាមួយគ្នានេះ លោកឧកញ៉ា ចេង ខេង ស្នើឲ្យក្រុមហ៊ុនពុះដីឡូតិ៍ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យត្រូវគោរពច្បាប់ក្នុងការធ្វើអាជីវកម្មរបស់ខ្លួន បើចង់រក្សានិរន្តភាពអាជីវកម្ម និងប្រឈមនឹងបញ្ហាផ្សេងៗ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលមានទស្សនៈវែងឆ្ងាយមិនសូវជួបបញ្ហានោះទេ។

ជាមួយគ្នានេះលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាកត់សម្គាល់ឃើញថា បញ្ហាដែលតែងតែកើតមានឡើងក្នុងវិស័យពុះដីឡូតិ៍នៅកម្ពុជាភាគច្រើន គឺបណ្តាលមកពីក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើនពុះដីឡូតិ៍មិនបានគិតគូពីហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ប្រព័ន្ធលូ និងបណ្តាញទឹក ភ្លើង ដែលកត្តានេះបានធ្វើឲ្យគម្រោងមួយចំនួនជួបបញ្ហាក្នុងការកាត់ប្លង់។ តែយ៉ាងណាអ្នកជំនាញរូបនេះអះអាងថា បច្ចុប្បន្នក្រុមហ៊ុនពុះដីឡូតិ៍ ដែលគ្មានការគិតត្រឹមត្រូវលែងសូវមានទៀតហើយ ក្រោយរដ្ឋាភិបាលមានការរឹតបន្តឹងលើបញ្ហានេះ។ យ៉ាងណាមិញអ្នកជំនាញរូបនេះណែនាំប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យពុះដីឡូតិ៍ ឬអចលនទ្រព្យផ្សេងៗត្រូវសិក្សាលើចំណុចមួយចំនួនដូចជាកេរ្តិ៍ឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ គោលបំណង ភាពស្របច្បាប់ និងសណ្ឋាទីតាំង។

គួរបញ្ជាក់ថា វិស័យអចលនទ្រព្យកម្ពុជាបានរងផលប៉ះពាល់យ៉ាងដំណំក្នុងអំឡុងពេលកម្ពុជាក៏ដូចជាពិភពលោកទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ តែយ៉ាងណាមកទល់បច្ចុប្បន្ននេះ វិស័យនេះមិនទាន់បានបង្ហាញសញ្ញាងើបឡើងវិញគួរឲ្យកត់សម្គាល់នោះទេ បើទោះបីការឆ្លងរាតត្បាតនៃជំងឺកូវិដ-១៩ មានភាពធូរស្បើយ ហើយរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសនៅលើពិភពលោកបានបើកសកម្មភាពសង្គមនិងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញក៏ដោយ។ បញ្ហានេះត្រូវបានអ្នកជំនាញវាយតម្លៃថា គឺដោយសារសេដ្ឋកិច្ចកម្ពុជាក៏ដូចជាលើពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែននិងជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាច ដែលមានសេដ្ឋកិច្ចធំៗជាដើម។ បើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជានៅក្នុងឆ្នាំ២០២២ កន្លងទៅការផ្តល់ឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានទំហំ៦៤ទ្រីលានរៀលមានកើនឡើងជាង២៣% បើធៀបនឹងឆ្នាំ២០២១៕




អត្ថបទបន្ទាប់


តម្លៃស្បៀងពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតកាលពីខែឧសភា

ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិ គឺអង្គការស្បៀងអាហារនិងកសិកម្ម (FAO) បានអះអាងថា តម្លៃស្បៀងអាហារពិភពលោកបានធ្លាក់ចុះដល់កម្រិតទ…

ប្រមុខចារកម្ម២៤ប្រទេស ជួបប្រជុំគ្នាជាសម្ងាត់ក្នុងប្រទេសសិង្ហបុរី ដោយមិនមានវត្ថមានរុស្ស៊ីនិងអ៊ុយក្រែន

យោងតាមប្រភពចំនួនប្រាំបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា មន្ត្រីជាន់ខ្ពស់មកពីប្រទេសចំនួន២៤ ដែលជាប្រមុខនិងអ្នកតំណាងផ្នែកចារកម្មបានជួបប្រជុំគ្នាដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ