
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា ត្រឹមតែរយៈពេលពីរថ្ងៃប៉ុណ្ណោះតម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះរហូតដល់ជាង២០០ដុល្លារក្នុង១តម្លឹង ដែលជាការធ្លាក់ចុះខ្ពស់បំផុតមិនធ្លាប់មាននៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ មាសនៅលើទីផ្សារអន្តរជាតិត្រូវបានជួញដូរក្នុងតម្លៃ៣,៣០០ដុល្លារអាម៉េរិកក្នុង១អោន ឬប្រមាណ៤,០០០ដុល្លារក្នុង១តម្លឹងនៅលើទីផ្សារកម្ពុជា ហើយបើធៀបនឹងតម្លៃដែលបានហក់ឡើងខ្ពស់បំផុតកាល់ថ្ងៃទី២២ ខែមេសា មាសត្រូវបានគេជួញដូរក្នុងតម្លៃ៣,៤៩០ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ឬជាង៤,២០០ដុល្លារក្នុង១តម្លឹងនៅលើទីផ្សារកម្ពុជា។
បើតាមការអះអាងរបស់អ្នកជំនាញរូបនេះ កត្តាដែលធ្វើឱ្យតម្លៃមាសដាំក្បាលចុះយ៉ាងគំហុកបែបនេះ គឺបន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកបានបន្ទន់ឥរិយាបថចំពោះចិន ដោយអះអាថា អត្រាពន្ធបដិការលើទំនិញចិនដែលខ្លួនបានដំឡើងខ្ពស់កប់ពពកអាចនឹងត្រូវបានបញ្ចុះនាពេលខាងមុខ គួបផ្សំលោក ត្រាំ លើកឡើងថា លោកគ្មានចេតនាបណ្តេញប្រធានធនាគារកណ្តាលសហរដ្ឋអ៉ាមេរិកចេញពីតំណែងនោះទេ។
ជាមួយគ្នានេះអ្នកជំនាញរូបនេះបានព្យាករថា តម្លៃមាសអាចនឹងធ្លាក់ចុះមកនៅត្រឹម៣,៨០០ដុល្លារក្នុងមួយតម្លឹងនាពេលដ៏ខ្លីខាងមុខនេះ ប្រសិនបើការចរចាបញ្ចុះពន្ធរវាងសហរដ្ឋអាម៉េរិក និងចិនមានពន្លឺល្អប្រសើរ ហើយគោលនយោបាយរបស់ធនាគារកណ្តាលសហរដ្ឋអាម៉េរិកនៅតែរក្សាបានភាពរឹងមាំ ដោយយគ្មានការបញ្ចុះអត្រាការប្រាក់ដុល្លារទេនោះ។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា តម្លៃមាសអាចនឹងហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាថ្មី បន្ទាប់ពីការធ្លាក់ចុះនេះ។
គួរជម្រាបថា តម្លៃមាសនៅលើទីផ្សារអន្តរជាតិរួមទាំងកម្ពុជា បានហក់ឡើងខ្ពស់ដល់កម្រិតកំណត់ត្រាជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ក្រោយលោក ដូណាល់ ត្រាំ វិលមកគ្រប់គ្រងសេតវិមានសហរដ្ឋអាម៉េរិកជាថ្មី ដែលធ្វើឱ្យទីផ្សារពិភពលោករងការរង្គោះរង្គើក្រោមគោលនយោបាយពន្ធបដិការរបស់លោក។ ស្ថិតក្នុងស្ថានភាពបែបនេះបានជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសនានាសម្រុកទិញមាសចូលធ្វើជាទុនបម្រុង ខណៈអ្នកវិនិយោគបានសម្រុកលក់ប្រាក់ដុល្លារ និងភាគហ៊ុនចេញទៅវិនិយោគលើមាសជំនួយវិញ ដែលជំរុញឱ្យតម្លៃមាសហក់ឡើងថ្លៃខ្ពស់កប់ពពក៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ